គម្រោងស្ពានធំៗ ឆ្លងកាត់ទន្លេចំនួន ៤ នឹងត្រូវសាងសង់ ក្នុងពេលឆាប់ៗខាងមុខនេះ
- 2019-10-17 02:46:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គម្រោងស្ពានធំៗ ឆ្លងកាត់ទន្លេចំនួន ៤ នឹងត្រូវសាងសង់ ក្នុងពេលឆាប់ៗខាងមុខនេះ
ចន្លោះមិនឃើញ
គម្រោងស្ពានធំៗ ឆ្លងកាត់ទន្លេចំនួន ៤ ទៀតនឹងត្រូវសាងសង់ ក្នុងពេលខាងមុខ ដើម្បីផ្ដល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋពលធ្វើដំណើរ។ នេះបើតាមរបាយការណ៍របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ស្ពានទាំង ៤ កន្លែងនោះរួមមាន៖
ទី១ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ
គម្រោងសាងសង់ប្រវែង ១៧៦១ ម៉ែត្រ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ នឹងផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរពីខេត្តស្ទឹងត្រែងទៅកាន់ខេត្តកំពង់ធំ និងខេត្តសៀមរាប នឹងផ្ដល់ផលចំណេញច្រើនទាំងពេលវេលា និងថវិកាច្រើនជាងមុន។ យ៉ាងណាមិញយោងតាមប្រសាសន៍ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងក្នុងឱកាសចុះទៅពិនិត្យទីតាំងសាងសង់សាងសង់ស្ពានកាលពីពេលខែកក្កដាកន្លងមកថា ដើម្បីអាចដំណើរការទៅបាន រាជរដ្ឋាភិបាលកម្ពុជា គ្រោងខ្ចីថវិកាពីរដ្ឋាភិបាលចិន ដែលសំណើថវិកានឹងត្រូវធ្វើឡើងនៅឆ្នាំ២០២០ ហើយ ដំណើរការសាងសង់អាចធ្វើនៅឆ្នាំ ២០២១។
ទី២ ស្ពានឆ្លងកាត់ខេត្តកំពង់ឆ្នាំងទៅ ខេត្តកំពង់ធំ
ស្ពានឆ្លងកាត់ខេត្តកំពង់ឆ្នាំងឆ្ពោះទៅខេត្តកំពង់ធំ គ្រោងនឹងបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០។ នេះបើតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គម ហ្វេសបុកកាលពីពេលកន្លងមក។
សម្ដេចនាយករដ្ឋមន្ត្រីបានសរសេរថា ស្ពានដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ឆ្ពោះទៅខេត្តកំពង់ធំនេះ មានប្រវែងរហូតដល់ទៅ ៣,៩០០ម៉ែត្រ ដែលនឹងក្លាយជាស្ពានវែងជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។ ស្ពាននេះ នឹងសាងសង់ឆ្លងកាត់ដៃទន្លេចំនួន៣ រួមមាន ១)ទន្លេផ្សារក្រោម ២)ទន្លេជល់មុខ និង ៣)ទន្លេកំពង់ហាវ។
ទី៣ គម្រោងសាងសង់ស្ពាននៅតំបន់ស្វាយជ្រុំអរិយក្សត្រ
គម្រោងសាងសង់ស្ពាននៅតំបន់ស្វាយជ្រុំ អរិយក្សត្រ ត្រូវបានសម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានស្នើសុំប្រទេសកូរ៉េខាងត្បូងជួយកសាងស្ពាននៅកម្ពុជា ដើម្បីទុកជាចំណងដៃមិត្តភាពកម្ពុជា-កូរ៉េ ខណៈដែលកម្ពុជាមានតែស្ពានមិត្តភាពកម្ពុជា-ចិន និងស្ពានមិត្តភាពកម្ពុជា-ជប៉ុន។ ការស្នើសុំនេះត្រូវបានធ្វើឡើងអំឡុងឆ្នាំ២០១៧ ខណៈសម្ដេចអញ្ជើញសម្ពោធដាក់ឱ្យដំណើរការផ្លូវ ៦០ម៉ែត្រ។
បន្ទាប់ពីមានស្នើសុំពីប្រមុខរាជរដ្ឋាភិបាលភាគីកូរ៉េ ក៏មានបំណងសាងសង់ស្ពាននេះ និងយល់ព្រមយកសំណើសាងសង់ស្ពានឆ្លងកាត់ទន្លេទៅកាន់តំបន់អរិយក្សត្រ ដោយភាគីកូរ៉េកំពុងពិនិត្យលើផ្នែកបច្ចេកទេស។ ការសាងសង់ស្ពានមិត្តភាពកូរ៉េ-កម្ពុជានឹងត្រូវបានគេរំពឹងថា ជំរុញឱ្យវិស័យអចលនទ្រព្យកាន់តែបោះជំហានបន្ថែមទៀត។ យ៉ាងណាមិញ គម្រោងសាងសង់នឹងចាប់ផ្ដើមនៅពេលណា នៅមិនទាន់ដឹងនៅឡើយ។
ទី៤ គម្រោងសាងសង់ស្ពានក្តីតាកុយ ឆ្ពោះទៅតំបន់អរិយក្សត្រ
គម្រោងសាងសង់ស្ពាននេះ ត្រូវបានសិក្សាដោយក្រុមហ៊ុនចិនចប់ជាស្ថាពរហើយ ដោយគម្រោងស្ពាននេះអាចសាងសង់ BOT ឬជាស្ពានបង់ប្រាក់ពេលធ្វើដំណើរឆ្លងកាត់។នេះបើតាមប្រសាសន៍លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ។ ប៉ុន្តែការចាប់ផ្ដើមសាងសង់នៅមិនទាន់កំណត់នៅទេ។
សម្ដេចតេជោហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ពីគម្រោងសាងសង់ស្ពាននេះនាពេលខាងមុខ ដើម្បីធ្វើឲ្យផែនការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ បានតភ្ជាប់ពេញលេញ និងសម្រួលការដឹកជញ្ជូននានា ដែលអាចវាងចេញពីក្រុងភ្នំពេញ៕