ក្រសួងមហាផ្ទៃ ត្រៀម​​ផែន​ការ​លុប​បំបាត់​ការ​នេសាទ​ខុសច្បាប់

  • 2020-01-16 06:42:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​មហាផ្ទៃ បានបើកកិច្ចប្រជុំសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការ​បង្ការ ទប់ស្កាត់ និង​លុប​បំបាត់​ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ក្នុង​ដែន​សមុទ្រ​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា ក្រោមអធិបតីភាព លោក ឡាំង ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង​ថ្នាក់​ដឹក​នាំ​ក្រសួង អភិបាលរងខេត្តទទួលបន្ទុកជាប់ព្រំដែនសមុទ្រ ព្រមទាំងមន្រ្តីជំនាញផងដែរ។ កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។

លោក ឡាំ ជា បានថ្លែងថា ក្រសួងមហាផ្ទៃ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ឯក​ភាព​គ្នា​កែ​សម្រួល​ខ្លឹមសារមួយចំនួន ដែល​ត្រូវ​កំណត់​នូវ​សមត្ថកិច្ច​ចូល​បន្ថែម​នៅ​ក្នុង​ផែន​ការ​ជាតិ​នេះ ដូច្នេះត្រូវតែមានការសួរយោបល់ពីតំណាងខេត្តទាំង ៤ដែលជាប់សមុទ្រ និង​មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ​របស់​ក្រសួងមហាផ្ទៃ ដើម្បីបាន​ជាធាតុចូលសម្រាប់កសាងផែនការសកម្មភាពជាតិស្តីពីការ​បង្ការ ទប់ស្កាត់ និង​លុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត សម្រាប់​ប្រើប្រាស់​ប្រកប​ដោយវិសាលភាពទូលំទូលាយ និង​ធានា​បាន​នូវ​ការ​ទប់ស្កាត់​បាន​ទាំង​ស្រុង​នូវ​បទ​ល្មើស​នេសាទ​ធនធានធម្មជាតិក្នុងដែនសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា ផែនការសកម្មភាពជាតិស្តីពីការបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មាន​របាយការណ៍ និងគ្មានការអនុញ្ញាត ត្រូវបានរៀបចំឡើង ផ្អែកលើផែនការសកម្មភាពអន្តរជាតិ ផែនការ​សកម្មភាពថ្នាក់តំបន់ និងគោលការណ៍ណែនាំរបស់អាស៊ាន-លេខាធិការដ្ឋាន​អភិវឌ្ឍន៍​អាស៊ីអាគ្នេយ៍​ស្ដីពី​ការបង្ការការនាំចូលផល ផលិតផល ជលផលពីសកម្មភាពនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ចូលទៅក្នុងខ្សែសង្វាក់ផលិតកម្ម។ និងមានគោលបំណង ដើម្បី​ប្រយុទ្ធប្រឆាំង នឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ដោយ​អនុវត្ត​វិធាន​ការដ៏ទូលំទូលាយ មានប្រសិទ្ធភាព និងតម្លាភាព និង​ដើម្បី​ផ្តល់​ប្រសិទ្ធភាព​ពេញ​លេញ​នូវ​ការ​អនុវត្តបទប្បញ្ញត្តិដែលជាផ្នែកសំខាន់នៃកម្មវិធីគ្រប់គ្រងជលផល។

ដោយឡែក ផែនការសកម្មភាពជាតិនេះ ត្រូវបានរៀបចំឡើងដែលមានសកម្មភាពសំខាន់ៗដូចជា៖ ការកែសម្រួល ប្រព័ន្ធច្បាប់ សេចក្តីព្រាង និងការអនុម័តផែនការជាតិត្រួតពិនិត្យ និងអធិការកិច្ច ការ​បណ្តុះបណ្តាលអ្នកអង្កេតការកម្ពុជា និងមន្ត្រីអធិការកិច្ចកំពង់ផែនេសាទ កាតព្វកិច្ចធ្វើរបាយការណ៍ និង​ការកត់ត្រាប្រព័ន្ធតាមដាននាវានេសាទនៅកម្ពុជា៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;