មិនសម្ងំសុខទេ! Zlatan ចាប់ផ្ដើមចេញជួយមនុស្សប្រឆាំងកូរ៉ូណា
- 2020-03-19 03:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនសម្ងំសុខទេ! Zlatan ចាប់ផ្ដើមចេញជួយមនុស្សប្រឆាំងកូរ៉ូណា
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធរបស់ AC Milan កីឡាករ Zlatan Ibrahimovic បានចាប់ផ្ដើមចេញជួយមនុស្សតាមរយៈ បង្កើតកម្មវិធីរៃអង្គាសប្រាក់ ដើម្បីប្រយុទ្ធប្រឆាំងវីរុសរាតត្បាតកូរ៉ូណា និងអំពាវនាវឱ្យកីឡាករបាល់ទាត់ផ្សេងទៀត រួមគ្នាជួយកម្ចាត់វីរុសនេះចេញ។
BBC បង្ហាញថា អតីតកីឡាករ Man Utd រូបនេះ បានបរិច្ចាគប្រាក់ក្នុងទំហំទឹកប្រាក់ ៥ម៉ឺនអឺរ៉ូ ២លើករួចមកហើយ។
កីឡាករសញ្ជាតិស៊ុយអែត បានឱ្យដឹងតាមបណ្ដាញសង្គម Instagram ថា ៖«អ៊ីតាលីបានផ្ដល់អ្វីៗឱ្យខ្ញុំច្រើនណាស់។ ក្នុងកាលៈទេសៈនេះ ខ្ញុំត្រូវសងគុណប្រទេសដែលខ្ញុំស្រលាញ់មួយនេះវិញ»។
មិនត្រឹមតែប៉ុណ្ណោះរូបគេ បានពឹងពាក់លើមិត្តរួមក្រុម អត្តពលិកអាជីពទាំងអស់ ដែលចង់បរិច្ចាគទ្រង់ទ្រាយតូចធំ តាមដែលពួកគេអាចធ្វើបាន ដើម្បីលុបបំបាត់ជំងឺដ៏កាចសាហាវនេះ។
Zlatan បន្ថែមថា៖ «រួបរួមទាំងអស់គ្នា យើងអាចជួយមន្ទីរពេទ្យ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា ដែលជួយសង្គ្រោះជីវិតប្រចាំថ្ងៃ។ ថ្ងៃនេះយើងរួមជាធ្លុងមួយ ដើម្បីផ្ដល់កម្លាំងចិត្តដល់ពួកគេ។ តោះ! អ្នកទាំងអស់គ្នា ទាត់កូរ៉ូណាទៅឱ្យឆ្ងាយ ហើយយើងនឹងឈ្នះការប្រកួតនេះ»។
ត្រឹមតែមួយម៉ោងប៉ុណ្ណោះ បន្ទាប់ពីបង្ហោះលើ Instagram រូបគេទទួលបានប្រាក់ជំនួយ ១០០ ៩៩៩ ផោន។ ក្នុងប្រយោគចុងក្រោយនៃការបង្ហាញ Zlatan សរសេរថា ត្រូវចាំណា! បើវីរុសមិនទៅរក Zlatan ទេ Zlatan នឹងទៅរកវីរុសនេះវិញ»។ អ៊ីតាលីបានក្លាយជាប្រទេសមួយនៅលើពិភពលោក រងគ្រោះដោយជំងឺរាតត្បាតកូរូណា អាក្រក់បំផុតបន្ទាប់ពីប្រទេសចិន។ បើតាមតួលេខចុងក្រោយ ដែលផ្សាយលើគេហទំព័រ Worldometer ប៉ុន្មានម៉ោងមុននេះ មានមនុស្ស ៣៥ ៧១៣ នាក់បានឆ្លងវីរុសកូរ៉ូណា មនុស្ស 2978 បានស្លាប់ និង មនុស្ស ៤០២៥ នាក់បានជាសះស្បើយ។ បើតាម BBC ក្នុង១ថ្ងៃប្រទេសនេះ មានមនុស្ស ៤៧៥ នាក់ ស្លាប់ដោយកូរ៉ូណា ខណៈតំបន់ Lombardy ភាគខាងជើងប្រទេស រងគ្រោះខ្លាំងជាងគេ គឺមានអ្នកស្លាប់ ៣១៩នាក់ក្នុង១ថ្ងៃ៕