តិចមិនដឹងថា រាជធានីភ្នំពេញមានប្រាសាទរចនាបទព្រៃក្មេង និងកំពង់ព្រះ

  • 2020-04-14 06:12:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាមសាលបត្រនៃបញ្ជីសារពើភណ្ឌស្ថានីយបុរាណវិទ្យារបស់នាយកដ្ឋានបុរាណវិទ្យា និងបុរាណវិទ្យារបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា នៅរាជធានីភ្នំពេញមានប្រាសាទ៨ ដែលក្នុងនោះមាន២នៅសល់រូបរាង(ប្រាសាទនៅក្នុងវត្តប្រាសាទ និងវត្តឧណ្ណាលោម) និង៦បាត់រូបរាង។

ប្រាសាទទាំង៨ដែលមាននៅក្នុងទឹកដីរាជធានីភ្នំពេញទាំងនោះរួមមាន៖

ប្រាសាទដែលនៅសល់រូបរាងមាន ២ ៖

១. ស្ថិតនៅក្នុង វត្តប្រាសាទ មានទីតាំងនៅភូមិត្រពាំងសំរិត សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានចង្ងាយ១គីឡូម៉ែត្រភាគខាងត្បូងវត្តសាក់សំពៅ ទីតាំងនេះជាប្រភេទស្ថានីយ ប្រាសាទបុរាណ។ នៅទិសនិរតីនៃព្រះវិហារវត្តមានប្រាសាទឥដ្ឋមួយមានទ្វារបាល ២, ផ្តែរចនាបថកំពង់ព្រះ, សសរពេជ្ររាងមូល២ទ្រផ្តែរ, ប្រាសាទអណ្តែតនៅផ្នែកដំបូល និងមានស៊ុមទ្វារធ្វើពីថ្មថ្លើមអណ្តើក។ ប្រាសាទនេះត្រូវគេរុះរើ និងរៀបចំឡើងវិញទាំងស្រុងដោយផ្នែកខាងក្នុងមានបិទស៊ីម៉ងត៍ជិតជាពិដាន តាមភស្តុតាងបញ្ជាក់បានថា ជាប្រាសាទសាងសង់សម័យមុនអង្គរ(ចេនឡា) ក្នុងរចនាបថកំពង់ព្រះ (សតវត្សរ៍ទី៨)។

ប្រាសាទនៅក្នុងវត្តប្រាសាទដែលសាងសង់សម័យមុនអង្គរ(ចេនឡា) ក្នុងរចនាបថកំពង់ព្រះ (សតវត្សរ៍ទី៨)
២. ស្ថិតនៅក្នុង វត្តឧណ្ណាលោម ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ វត្តនេះមានប្រាសាទបុរាណសាងអំពីថ្មភក់ និងឥដ្ឋនៅខាងក្នុង បែរមុខទៅទិសខាងកើត ស្ថិតនៅខាងក្រោយព្រះវិហារ ដែលមានសរសេរឈ្មោះថា “ប្រាសាទពោធិ៍លោម” ។ ប្រាសាទនេះត្រូវបានជួសជុលថ្មីដោយសម្ភារៈសំណង់បែបទំនើប។ សៀវភៅស្នាព្រះហស្តរបស់សម្តេចសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ស្តេចព្រះពញាយ៉ាត បានប្តូរទីតាំងព្រះរាជវាំងពីទួលបាសាណក្នុងខេត្តកំពង់ចាម មកក្រុងភ្នំពេញក្នុងឆ្នាំ១៤៣៤ ហើយព្រះអង្គបានសាងវិហារព្រះពុទ្ធសាសនាចំនួន៧ ដែលក្នុងនោះក៏មានវត្តឧណ្ណាលោមផងដែរ។ អារាមទាំង៧នោះបានបញ្ចុះសីមាក្នុងឆ្នាំ១៤៤២ទាំងអស់។
ប្រាសាទពោធិ៍លោម ស្ថិតនៅក្នុង វត្តឧណ្ណាលោម

ប្រាសាទដែលនៅបាត់រូបរាងមាន ៦ ៖

៣. ស្ថិតនៅក្នុង វត្តព្រះធាតុ មានទីតាំងនៅភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ មានចង្ងាយ១៥០០ម៉ែត្រភាគនិរតីរង្វង់មូលគួរស្រូវ ទីតាំងនេះជាប្រភេទស្ថានីយ ប្រាសាទបុរាណ។ ក្រៅពីព្រះវិហារ ស្រះទឹក និងសំណង់កសាងថ្មី ក្នុងបរិវេណវត្តនេះបានសង់កន្លែងទីសក្ការៈដើម្បីតម្កល់វត្ថុបុរាណដែលយកចេញពីប្រាសាទបុរាណក្នុងនោះរួមមាន តោថ្ម២គូ បល្ល័ង្គ ថ្មសីមា និងបំណែកថ្មភក់ជាច្រើនផ្សេងទៀត។

វត្តព្រះធាតុ មានទីតាំងនៅភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រូបថត៖ នាយកដ្ឋានបុរាណវិទ្យា និងបុរាណវិទ្យា

៤. ស្ថិតនៅក្នុង វត្តសិរីមង្គលវ័ន ហៅវត្តឃ្មួញ មានទីតាំងនៅភូមិ ឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានចម្ងាយ២គីឡូម៉ែត្រភាគអាគ្នេយ៍ទួលប្រាសាទបាក់ និងស្ថិតនៅបណ្តោយផ្លូវហាណូយ។ វត្តនេះមានច្រកចេញចូល ៤ទិស មានស្រះមួយនៅខាងជើង នៅជុំវិញព្រះវិហារមានចេតីតចាស់មួយចំនួន។ ក្នុងបរិវេណវត្តមានជើងទម្រ គោលសីមារាងបួនជ្រុងដែលចុះកាលបរិចេ្ឆទ ព.ស ២៤៨៦។

វត្តសិរីមង្គលវ័ន ហៅវត្តឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រូបថត៖ នាយកដ្ឋានបុរាណវិទ្យា និងបុរាណវិទ្យា

៥. ស្ថិតនៅក្នុង វត្តជុំ មានទីតាំងនៅភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែព្នៅ មានចម្ងាយពីវត្តក្រាំងធ្នង់ជាង១គីឡីម៉ែត្រ និងមានចម្ងាយពីវត្តឈូកវ៉ា៧០០ម៉ែត្រ។ បើតាមឯកសាររបស់មន្ទីរធម្មការ និងសាសនា វត្តនេះកាលដើមឡើយគឺជាទួលធំមួយដែលអំណោយផងល្អក្នុងការជួបជុំគ្នាសម្រាបើធ្វើពិធីអ្វីមួយ ហើយបានក្លាយជាវត្តប្រហែលនៅក្នុងឆ្នាំ ១៧៣៦។ ទីតាំងនេះជាកន្លែងប្រមូលផ្តុំទ័ពរបស់មេទ័ពធំៗដូចជា ឧកញ៉ាចក្រី ឧញ៉ាក្រឡាហោម នៅមុន និងក្រោយត្រឡប់ពីសមរភូមិ ទើបគេដាក់ឈ្មោះវត្តនេះថា វត្តជុំ។ ក្នុងបរិវេណវត្តមានស្រះទឹកនៅខាងកើត និងព័ទ្ធជុំវិញដោយកសិន្ទុ(បច្ចុប្បន្នស្ទើរតែមើលមិនឃើញ)។ វត្ថុដែលនៅសេសសល់មាន៖ បំណែកឥដ្ឋ, បំណែកថ្មភក់, បល្ល័ង្គថ្មភក់, ជើងទម្របដិមាថ្មភក់, ព្រះពុទ្ធរូបមួយចំនួន និងផ្តែរ២បំណែកក្នុងរចនាបថព្រៃក្មេង (ពាក់កណ្ដាល ស.វ ទី២ នៃគ.សទី ៧) ។

វត្ថុដែលនៅសេសសល់នៅវត្តជុំមាន បល្ល័ង្គថ្មភក់ និងផ្តែរ២បំណែកក្នុងរចនាបថព្រៃក្មេង (ពាក់កណ្ដាល ស.វ ទី២ នៃគ.សទី ៧)

៦. ស្ថិតនៅក្នុង វត្តព្រៃវែង មានទីតាំងនៅភូមិព្រៃវែងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ ទីតាំងនេះជាប្រភេទស្ថានីយ ប្រាសាទបុរាណ។ វត្តព្រៃវែង មានចម្ងាយ២គីឡូម៉ែត្រ ខាងជើងវត្តស្លែង និងស្ថិតនៅខាងត្បូងតាមបណ្តោផ្លូវព្រៃស។ នៅក្នុងបរិវេណវត្តមានខ្ទមអ្នកតាមួយ ដែលពីមុនមានតម្កល់សិលាចារិក, ព្រះកេសសហរិហរ ១, ថ្មថ្លើមអណ្តើកមានព្រះបាតព្រះ, បំណែកថ្មភក់, សិលាចារិក ៣ផ្ទាំង, ជើងទម្របដិមា, ជើងទម្រលិង្គប្រាំ, កុលាលភាជន៍ប្រភេទភាជន៍រឹង, ផ្តែរចនាបថកំពង់ព្រះ (សតវត្សរ៍ទី៨) ២បំណែក, សន្លឹកជណ្តើរ និងបំណែកថ្មថ្លើមអណ្តើក ដែលបច្ចុប្បន្នវត្ថុបុរាណទាំងនេះត្រូវបានតម្កល់ក្នុងបណ្ណាល័យវត្ត។

វត្ថុបុរាណដែលសេសសល់ដែលរកឃើញនៅវត្តព្រៃវែង

៧. ស្ថិតនៅ វត្តជើងឯក មានទីតាំងនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោមានចម្ងាយ១៥០០ម៉ែត្រពីមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។ វត្តនេះនៅមានសំណល់វត្ថុបុរាណជាច្រើនទុករាយប៉ាយនៅក្រោមដើមពោធិ៍ខាងជើងព្រះវិហារដែលក្នុងនោះរួមមាន៖ បំណែកថ្មភក់, សន្លឹកសីមា, ផ្តែរទ្វាររចនាបថកំពង់ព្រះ(សតវត្សរ៍ទី៨), សន្លឹកជណ្តើរ, ថ្មថ្លើមអណ្តើក និងជើងទម្របដិមា។

សំណល់វត្ថុបុរាណជាច្រើនទុករាយប៉ាយនៅក្រោមដើមពោធិ៍ខាងជើងព្រះវិហារ រូបថត៖ នាយកដ្ឋានបុរាណវិទ្យា និងបុរាណវិទ្យា

៨. ស្ថិតនៅ ទួលប្រាសាទបាក់ នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានចម្ងាយ១៥០ម៉ែត្រភាគខាងលិចផ្លូវហាណូយ។ ទីតាំងនេះបានក្លាយជាទីតាំងទីសក្ការៈបូជា មានរោងអ្នកតាដោយបានធ្វើរោងដែកប្រក់ស័ង្គសីគ្របពីលើ និងមានចាក់មេតុងនៅលើទួល ហើយមានអ្នកស្រុកនៅចាំថែរក្សានៅទីតាំងនេះជាប្រចាំ។ នៅទីនោះក៏ប្រទះឃើញបំណែកឥដ្ឋជាច្រើន និងនៅសល់ជារូបរាងរចនាសម្ព័ន្ធប្រាសាទ។ បច្ចុប្បន្ន ទួលប្រាសាទបាក់ នេះបានក្លាយដីដែលមានប្លង់ដីកម្មសិទ្ធគ្រប់គ្រងហើយ។

ទួលប្រាសាទបាក់ នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រូបថត៖ នាយកដ្ឋានបុរាណវិទ្យា និងបុរាណវិទ្យា

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;