រណសិរ្សក្បាលខ្លា-រណសិរ្សរំដោះជាតិខ្មែរ និងអង្គការចាត់តាំង ត្រូវប្រកាសរំលាយ
- 2020-04-15 01:18:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រណសិរ្សក្បាលខ្លា-រណសិរ្សរំដោះជាតិខ្មែរ និងអង្គការចាត់តាំង ត្រូវប្រកាសរំលាយ
ចន្លោះមិនឃើញ
មេដឹកនាំ និងសមាជិកសំខាន់ៗរបស់ចលនារណសិរ្សរួបរួមជាតិខ្មែរ (ក្បាលខ្លា ឬខ្លារំដោះ) និងរណសិរ្សរំដោះជាតិខ្មែរ បានធ្វើសមាជនៅទីក្រុងបាងកក ប្រទេសថៃ ប្រកាសរំលាយចលនាទាំងពីរ និងអង្គការចាត់តាំងរបស់ចលនាទាំងពីរនេះ។ ចលនារណសិរ្សទាំងពីរនេះ គឺជាចលនាមួយដែលប្រឆាំងជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ ការធ្វើសមាជនេះ ត្រូវបានរៀបចំ និងដឹកនាំដោយលោក ឈិន សារុន និងចូលរួមដោយសមាជិកពីគ្រប់ទិសទី។
យោងតាមរបាយការណ៍បានឲ្យដឹងថា សមាជបានពិភាក្សាលើប្រធានបទចំនួន ៤ រួមមានៈ ១. ការប្រកាសរំលាយរណសិរ្សរួបរួមជាតិខ្មែរ (ក្បាលខ្លា) និងរណសិរ្សរំដោះជាតិខ្មែរ ។ ២. ការបង្កើតគណបក្សប្រជាជាតិខ្មែរ ។ ៣. ការបោះឆ្នោតជ្រើសរើសមេដឹកនាំគណបក្ស។ ជាលទ្ធផលនៃសមាជ គឺបានសម្រេចរំលាយចលនាទាំងពីរខាងលើ ហើយប្តូរឈ្មោះគណបក្សចក្រភពខ្មែរអង្គរ មកជាគណបក្សប្រជាជាតិខ្មែរវិញ។
ចំណែករចនាសម្ព័ន្ធដឹកនាំ ព្រមទាំងសមាសភាពដឹកនាំសំខាន់ៗ របស់គណបក្សប្រជាជាតិខ្មែរ មានដូចជាៈ
១. លោក ឈិន សារុន ជាប្រធានគណបក្សប្រជាជាតិខ្មែរ
២. លោក សោម ឯក ជាអនុប្រធាន
៣. លោក សម សេរី អនុប្រធាន
៤. លោក សុខ គឹម សុវត្ថិ អគ្គលេខាធិការ
៥. លោក ធុយ វី ទីប្រឹក្សាគណបក្ស
លោក ឈិន សារុន បានថ្លែងថា «ជាការពិតដែលយើងបាននាំគ្នាធ្វើសមាជ ដើម្បីរំលាយចលនា រណសិរ្សរួបរួមជាតិខ្មែរ និងរណសិរ្សរំដោះជាតិខ្មែរ ដោយពួកយើងមិនអាចធ្វើសកម្មភាព នយោបាយបាន ដោយត្រូវអាជ្ញាធរចាប់ខ្លួន និងចោទប្រកាន់គ្រប់បែបយ៉ាងប្រឆាំងនឹងចលនារបស់ពួកយើង។ យើងបានប្រកាសរំលាយចលនារបស់យើង រំលាយរចនាសម្ព័ន្ធដឹកនាំ និងអង្គការចាត់តាំងរបស់ចលនាទាំងអស់»។
បន្ទាប់ពីប្រកាសរំលាយចលនារណសិរ្សរួបរួមជាតិខ្មែរ និងរណសិរ្សរំដោះជាតិខ្មែរ គឺលោក ឈិន សារុន បានសម្រេចបង្កើតគណបក្សនយោបាយថ្មីមួយដែលមានឈ្មោះថា គណបក្សប្រជាជាតិខ្មែរ (គ.ប.ខ) ។
លោក ឈិន សារុន បានបន្តថា «យើងបាននិយាយគ្នាបង្កើតគណបក្សនយោបាយថ្មីនេះ ពីព្រោះថា មេដឹកនាំ និងសមាជិក អតីតចលនាទាំងពីរ នៅមានបំណងចង់ធ្វើនយោបាយដើម្បីជាតិ និងទឹកដីខ្មែរ»។
សូមរំលឹកថា កាលពីឆ្នាំ២០១៨ សមាជិករណសិរ្សរំដោះជាតិខ្មែរ ចំនួន ៨នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណីជួញដូរអាវុធក្នុងបំណងបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។មនុស្សទាំង៨ប្រាំបីនាក់មានៈ ១.ឈ្មោះ សៀង វណ្ណឌឿន, ២.ឈ្មោះ វ៉ន ឡេង, ៣.ឈ្មោះ វ៉ន សាវណ្ណ ,៤.ឈ្មោះ ថន សាម៉េត, ៥.ឈ្មោះ ហេង ហៃ (ស្រី), ៦.ឈ្មោះ ណុប វ៉ុន ៧.ឈ្មោះ សាន សៅរី និង៨.ឈ្មោះ ប៉ែន ប៊ុនធឿន។
បើតាមឯកសាររបស់អគ្គស្នងការនគរបាលជាតិនាពេលកន្លងមកបានបង្ហាញថា ឈ្មោះ រស់ សាម៉ុន ហៅក្រូច គឺជាសមាជិករបស់ចលនាក្បាលខ្លា ដែលមានលោកសោម ឯក ជាមេដឹកនាំ។ ឈ្មោះ រស់ សាម៉ុន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២ ខែតុលា២០១៨ នេះ នៅខេត្តព្រះវិហារ។ ចលនាក្បាលខ្លាបានកសាងកងកម្លាំងប្រដាប់អាវុធនៅក្នុងព្រៃដើម្បីប្រឆាំងនិងរដ្ឋាភិបាល ប៉ុន្តែត្រូវបានសមត្ថកិច្ចបង្ក្រាប និងចាប់ខ្លួនឈ្មោះ សោម ឯក ដែលជាមេក្លោងដាក់ពន្ធនាគារ។ ចលនាក្បាលខ្លា របស់ សោម ឯក បានចងសម្ព័ន្ធភាពជាមួយចលនារណសិរ្សរំដោះជាតិ របស់លោកសម សេរី។
បើតាមរបាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថា ក្រុមនេះ បានធ្វើសកម្មភាពទិញអាវុធនិងគ្រាប់ យកមកលាក់ទុក ក្នុងគោលបំណងរៀបចំកម្លាំងប្រដាប់អាវុធអនាធិបតេយ្យខុសច្បាប់ ដែលមានអង្គការចាត់តាំងដើមម្បីបះបោរប្រឆាំងរាជរដ្ឋាភិបាល បង្កអសន្តិសុខ ធ្វើឲ្យមហន្តរាយដល់អាយុជីវិតមនុស្ស និងប៉ះពាល់ដល់សន្តិសុខជាតិ។
កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១០ តុលាការក្រុងភ្នំពេញ បានកាត់ទោសឲ្យលោក សោម ឯក ជាប់ពន្ធនាគាររយៈពេល២៨ឆ្នាំ ពាក់ព័ន្ធនៅក្នុងអំពើភេរវកម្ម បង្កៃគ្រឿងផ្ទុះចំនួន ៣គ្រាប់ នៅក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០០៩ និងបានកេណ្ឌក្រុមភេរវជន និងបណ្ដុះបណ្ដាលនៅចន្លោះឆ្នាំ២០០៥ និងឆ្នាំ២០០៩។ សមាជិករបស់ចលនានេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់នាពេលកន្លងមក បន្ទាប់ពីពួកគេបានធ្វើសកម្មភាពបង្កចលាចលក្នុងសង្គម៕