ងារជា "សាស្ត្រាចារ្យ" មិនសំដៅទៅគ្រូដែលបានបង្រៀនយូរឆ្នាំនោះទេ

  • 2020-04-15 07:35:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឋានៈជា “សាស្ត្រាចារ្យ” មិនមែនជាងាយដែលចេញតែដាក់នោះទេ។ គ្រូបង្រៀនដែលមានបទពិសោធន៍បង្រៀនយូរឆ្នាំក៏មិនមែនងារជាសាស្ត្រាចារ្យនោះដែរ។ ឋានៈនេះផ្តល់ចំពោះតែគ្រូបង្រៀននៅឧត្តមសិក្សាដែលឆ្លងកាត់ការប្រឡងជ្រើសរើសដើម្បីបានឋានៈនេះតែប៉ុណ្ណោះ។ ការផ្តល់ឋានៈជា “សាស្ត្រាចារ្យ” គឺចេញដោយព្រះរាជក្រឹត្យ។ នេះបើយោងតាមព្រះរាជក្រឹត្យស្តីពីការផ្តល់ឋានៈសាស្ត្រាចារ្យ។

រូបសកម្មភាពគ្រូ និងសិស្សពេលប្រលងបាក់ឌុបនៅក្នុងបន្ទប់រៀននៅវិទ្យាល័យមួយនៅរាជធានីភ្នំពេញកាលពីឆ្នាំ២០១៨
ត្រង់មាត្រា៤ និងមាត្រា១៤ នៃព្រះរាជក្រឹត្យស្តីពីការផ្តល់ឋានៈសាស្ត្រាចារ្យបានចែងថា៖

-សាស្ត្រាចារ្យ/សាស្ត្រាចារ្យមហាបរិញ្ញា៖ សំដៅដល់ឋានៈខ្ពស់បំផុតរបស់គ្រូបង្រៀននៅគ្រឹះស្ថានឧត្តមសិក្សា ដែលមានស្នាដៃបង្រៀន និងស្រាវជ្រាវនៅក្នុងវិទ្យាសាស្ត្រសង្គម វិទ្យាសាស្ត្រ និង/ឬ បច្ចេកវិទ្យា។ លក្ខខណ្ឌដើម្បីប្រលងយកងារ សាស្ត្រាចារ្យ/សាស្ត្រាចារ្យមហាបរិញ្ញា បានលុះត្រាតែ បាន និងកំពុងបម្រើការងារជាសាស្ត្រាចារ្យរងយ៉ាងតិច៥ឆ្នាំ, មានសញ្ញាបត្របណ្ឌិត, មានអត្ថបទស្រាវជ្រាវថ្មី ដែលបានផ្សព្វផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រក្នុងស្រុក និងទស្សនាវដ្តីវិទ្យាសាស្ត្រអន្តរជាតិ, បានចូលរួមសន្និសីទអន្តរជាតិដោយធ្វើបទបង្ហាញជាផ្ទាំងរូបភាព, បានចូលរួមស្រាវជ្រាវ និងបោះពុម្ពសៀវភៅសិក្សាពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន, មិនធ្លាប់មានកំហុសវិជ្ជាជីវៈ ឬមិនធ្លាប់ជាប់ទោសបទឧក្រិដ្ឋ ឬបទមជ្ឈិម។

- សាស្ត្រាចារ្យរង៖ សំដៅដល់ឋានៈខ្ពស់បន្ទាប់ពីសាស្ត្រាចារ្យ/សាស្ត្រាចារ្យមហាបរិញ្ញា។ លក្ខខណ្ឌដើម្បីប្រលងយកងារ “សាស្ត្រាចារ្យរង” បាន និងកំពុងបម្រើការងារជាសាស្ត្រាចារ្យរងយ៉ាងតិច៤ឆ្នាំ, មានអត្ថបទស្រាវជ្រាវថ្មី ដែលបានផ្សព្វផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រក្នុងស្រុក និងទស្សនាវដ្តីវិទ្យាសាស្ត្រអន្តរជាតិ, បានចូលរួមសន្និសីទអន្តរជាតិដោយធ្វើបទបង្ហាញជាផ្ទាំងរូបភាព, បានចូលរួមស្រាវជ្រាវ និងបោះពុម្ពសៀវភៅសិក្សាពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន និងមិនធ្លាប់មានកំហុសវិជ្ជាជីវៈ ឬមិនធ្លាប់ជាប់ទោសបទឧក្រិដ្ឋ ឬបទមជ្ឈិម។

រូបសកម្មភាពគ្រូ និងសិស្សពេលប្រលងបាក់ឌុបនៅក្នុងបន្ទប់រៀននៅវិទ្យាល័យមួយនៅរាជធានីភ្នំពេញកាលពីឆ្នាំ២០១៨

- សាស្ត្រាចារ្យជំនួយ៖ សំដៅដល់ឋានៈខ្ពស់បន្ទាប់ពីសាស្ត្រចារ្យរង។ លក្ខខណ្ឌដើម្បីប្រលងយកងារ “សាស្ត្រាចារ្យជំនួយ” *មានសញ្ញាបត្រចាប់ពីកម្រិតក្រោយបរិញ្ញាបត្រ ឬសញ្ញាបត្រសមមូល, មានអត្ថបទស្រាវជ្រាវថ្មី ដែលបានផ្សព្វផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រក្នុងស្រុក និងទស្សនាវដ្តីវិទ្យាសាស្ត្រអន្តរជាតិ, បានដឹកនាំធ្វើសារណា ឬនិក្ខេបបទចំពោះវិស័យសុខាភិបាល ឬបានធ្វើជាអ្នកជំនួយការដឹកនាំធ្វើនិក្ខេបបទ, បាន និងកំពុងបងៀនមួយមុខវិជ្ជាដោយឯករាជ្យ និងស្រាវជ្រាវនៅគ្រឹះស្ថានឧត្តមសិក្សា និងស្ថាប័នពាក់ព័ន្ធ និងមិនធ្លាប់មានកំហុសវិជ្ជាជីវៈ ឬមិនធ្លាប់ជាប់ទោសបទឧក្រិដ្ឋ ឬបទមជ្ឈិម។

ត្រង់ជំពូកទី២ ក្រុមប្រឹក្សាជាតិដើម្បីផ្តល់ឋានៈសាស្ត្រាចារ្យ មាត្រា៥បានចែងថា ក្រុមប្រឹក្សាជាតិដែលមានសិទ្ធិក្នុងការផ្តល់ឋានៈជាសាស្ត្រាចារ្យមានសមាសភាពដូចជា៖ ឧបនាយករដ្ឋមន្តី ១រូប ជាប្រធាន, រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាអនុប្រធានអចិន្ត្រៃយ៍, រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ១រូប ជាអនុប្រធាន, រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ១រូប ជាអនុប្រធាន, រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបន្តាលវិជ្ជាជីវៈ ១រូប ជាអនុប្រធាន, តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ២រូប ជាសមាជិក និងតំណាងសាស្ត្រាចារ្យក្នុងវិស័យពាក់ព័ន្ធ ៣រូបជាសមាជិក

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;