រដ្ឋមន្ត្រីយុត្តិធម៌សម្រេចបង្កើតគណ:កម្មការដោះស្រាយសំណុំរឿងកកស្ទុះ

  • 2020-05-12 09:38:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទើបឡើងថ្មី លោក កើត រិទ្ធ សម្រេចបង្កើតគណ:កម្មការមួយសម្រាប់ដោះស្រាយសំណុំរឿងកកស្ទុះនៅតាមសាលាដំបូងរាជធានី ខេត្ត។ “គណ:កម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទុះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត” មានភារកិច្ចដូចខាងក្រោម៖

  • ដឹកនាំ និងសម្របសម្រួលការងាររួមលើការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទុះសំណុំរឿងនៅតាមសាលដំបូងរាជធានី ខេត្ត និងអយ្យការអបសាលាដំបូងរាជធានី ខេត្ត
  • ដាក់ចេញនូវគោលការណ៍ណែនាំ វិធានការនានា និងផែនការសកម្មភាពចាំបាច់ ដើម្បីអនុវត្តយុទ្ធនាការឲ្យមានប្រសិទ្ធភាព សំដៅរួមចំណែកលើកកម្ពស់ស្ថាប័ន ក្នុងការបម្រើសេវាកម្មយុត្តិធម៌ឲ្យបានល្អប្រសើរ ក៏ដូចជាកាត់បន្ថយភាពចង្អៀតណែននៅពន្ធនាគារ
  • ដាក់ចេញនូវដំណោះស្រាយបញ្ហាប្រឈមនានាដែលកើតចេញពីយុទ្ធនាការ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធការ។
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រូបថត៖ផេកFBក្រសួងយុត្តិធម៌
**“គណ:កម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទុះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត”** ដែលហៅកាត់ **គ.យ.ក.ស** នេះមានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជាប្រធាន និងរដ្ឋលេខាធិការ អគ្គនាយក និងមន្ត្រីនៃក្រសួងយុត្តិធម៌ជាអនុប្រធាន និងជាសមាជិក។ គ.យ.ក.ស បែងចែកក្រុមការងារជា ៤ក្រុម ដែលជាសេនាធិការ ក្នុងនោះ **ក្រុមទី១** *ចុះអនុវត្តយុទ្ធនាការនៅរាជធានីភ្នំពេញ កណ្តាល ព្រៃវែង និងស្វាយរៀង មានរដ្ឋលេខាធិការលោក គឹម សន្តិភាព ជាប្រធាន* **ក្រុមទី២** *ចុះអនុវត្តយុទ្ធនាការនៅខេត្តកំពង់ធំ កំពង់ចាម រតនគិរី មណ្ឌលគិរី ក្រចេះស្ទឹងត្រែង ត្បូងឃ្មុំ និងខេត្តព្រះវិហារ មានរដ្ឋលេខាធិការលោក ឡុង នរិន្ទ ជាប្រធាន* **ក្រុមទី៣** *ចុះអនុវត្តយុទ្ធនាការនៅខេត្តកំពង់ឆ្នាំង បន្ទាយមានជ័យ សៀមរាប ប៉ៃលិន បាត់ដំបង ឧត្តរមានជ័យ និងខេត្តពោធិសាត់ មានរដ្ឋលេខាធិការលោក ជីវ សុងហាក់ ជាប្រធាន* និង**ក្រុមទី៤** *ចុះអនុវត្តយុទ្ធនាការនៅខេត្តកំពង់ស្ពឺ តាកែវ ព្រះសីហនុ កំពត និងខេត្តកោះកុង មានរដ្ឋលេខាធិការលោក ជិន ម៉ាលីន ជាប្រធាន*។

“គណ:កម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទុះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត” ដែលហៅកាត់ គ.យ.ក.ស នេះប្រើប្រាស់ត្រា និងកញ្ចប់ថវិការបស់ក្រសួងយុត្តិធម៌ក្នុងការបំពេញការងារ។

លោក ជិន ម៉ាលីន អ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងយុត្តិធម៌» កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ កន្លងទៅថា នៅក្នុងមួយឆ្នាំសំណុំកកស្ទុះនៅតុលាការក្រុងភ្នំពេញមានប្រមាណជា ១ម៉ឺនសំណុំរឿងនៅមិនទាន់ដោះស្រាយ៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;