ភាពខុសគ្នា​រវាង យោធិនអាជីព និង​យោធិន​ជាប់កិច្ចសន្យា

  • 2020-06-17 08:39:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


  • យោធិន​អាជីព

គឺ​ជានាយទាហាន​ នាយ​ទាហាន​រង ឬបុគ្គល​សមាន​កម្ម ដែល​ត្រូវ​បាន​ទទួល​ឱ្យ​ចូល​ជាយោធិន​អាជីព ក្រោយ​ពីបាន​ធ្វើពាក្យ​សុំចូល ហើយ​បាន​តែងតាំង​ឋានន្តរសក្តិ​តាម​ឋាននុក្រម។

ការ​ជ្រើសរើស​នាយទាហានអាជីព ប្រព្រឹត្តទៅតាម​ការចូល​សាលា​នាយទាហាន​ ដែល​ជ្រើសរើស​យក​បេក្ខជន​ឱ្យ​ចូល​សិក្សា​ជាសិស្ស​នាយទាហាន ដោយ​ការប្រឡង​ប្រជែង​ក្នុង​ចំណោម​និស្សិត និង​ដោយ​សារប្រឡង​ប្រជែង​ក្នុងចំណោមយោធិន។ លក្ខខណ្ឌ​នៃការ​ជ្រើសរើសនេះ ត្រូវ​កំណត់​ដោយ​ប្រកាស​របស់​ក្រសួង​ការពារជាតិ។

ការ​ដំឡើង​ឋានន្តរសក្តិ​នៃ​នាយទាហាន​អាជីព​ត្រូវគិត​ទៅតាម​រយៈពេល​បម្រើការងារ​កន្លងមក។ នាយទាហាន​អាជីពទាំងនោះ ត្រូវ​មាន​ឈ្មោះ​ក្នុងបញ្ជី​អតីតភាព ដែល​រៀបចំឡើង​តាមលំដាប់​សក្តិ និង​តាម​អង្គរបស់ខ្លួន​ទៅតាម​អតីតភាព​នៃ​នាយទាហានទាំងនោះ។

  • យោធិន​ជាប់កិច្ចសន្យា

គឺ​ជាអ្នក​ចូល​បម្រើការងារ​ដោយស្ម័គ្រចិត្ត​តាមកិច្ច​សន្យា នៅក្នុង​ឋានន្តរសក្តិ​ជាពលទាហាន​ និង​ជានាយ​ទាហាន​រងនៅក្នុងកងយោធពល​ខេមរភូមិន្ទ​សម្រាប់៖

-មួយរយៈពេល​ដែលបានកំណត់

-ពេល​មាន​សង្គ្រាម​ទាំងមូល ឬមួយរយៈ

ចំនួន​និង​លក្ខខណ្ឌ​នៃការ​ជ្រើសរើស ត្រូវ​កំណត់​ដោយអនុក្រឹត្យ។

យោធិន​កំពុង​ជាប់កិច្ចសន្យា​អាចសុំបន្ត​កិច្ចសន្យាបាន ចាប់ពីថ្ងៃចប់​កិច្ចសន្យា​មុន។

ឋានន្តរសក្តិ ស្ថានភាព​បាត់​បង់​សុខភាព សមត្ថភាព​ការងារ ការហ្វឹកហ្វឺន​វិជ្ជាជីវៈ ព្រមទាំងគុណ​ប្រយោជន៍​ចំពោះ​យោធិន​ជាប់កិច្ច​សន្យា ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ៕

ដកស្រង់ចេញពី៖ ច្បាប់ស្តីពី លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិននៃកងយោធពល​ខេមរភូមិន្ទ

អត្ថបទថ្មី
;