WWF៖ អន្ទាក់សត្វព្រៃ ប្រមាណ ១២,៣លាន ត្រូវបាន​រកឃើញ​នៅកម្ពុជា និង​ប្រទេស​២ទៀត

  • 2020-07-10 08:03:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


របាយការណ៍​ថ្មី​មួយរបស់​អង្គការ WWF បាន​ក្រើន​រំលឹកថា ការ​ដាក់​អន្ទាក់​បាន​ក្លាយ​ជាវិបត្តិ និង​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​សត្វព្រៃ​ដែល​កំពុងរស់នៅ​ក្នុងតំបន់​អាស៊ីអាគ្នេយ៍ ក៏ដូចជា​បង្ក​ហានិភ័យ​នៃការចម្លង​មេរោគ​ពីសត្វ​ទៅមនុស្ស​ថែមទៀត​ផង។ តាមរយៈ​របាយការណ៍​នេះ វាជាលើកដំបូងហើយ ដែល​គេ​បាន​ប៉ាន់​ប្រមាណ​អំពី​ចំនួន​អន្ទាក់​នៅក្នុងតំបន់​ការពារ​ធម្មជាតិ ដែលស្ថិត​ក្នុងប្រទេស​មួយ​ចំនួន​ក្នុងតំបន់ ក្នុងនោះ​ក៏មានកម្ពុជាផងដែរ។

ផ្អែកលើ​របាយការណ៍​ដែលមាន​ចំណងជើងថា៖ «វិបត្តិ​នៃការ​ដាក់​អន្ទាក់​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ឬ Silence of the Snares: Southeast Asia's Snaring Crisis» គេបាន​ប៉ាន់ប្រមាណថា មាន​អន្ទាក់​ចំនួនប្រមាណ ១២,៣លាន កំពុង​គំរាម​កំហែង​ដល់ការរស់រាន​របស់​សត្វព្រៃ​នៅក្នុងតំបន់​ការពារ​ធម្មជាតិ​នៃប្រទេស​កម្ពុជា ឡាវ និង​វៀតណាម។

ភាគច្រើន​នៃ​អន្ទាក់​ទាំងនេះ ត្រូវបាន​ផលិត និង​ច្នៃឡើង​ដោយ​ប្រើខ្សែ ឬខ្សែកាប។ ការ​ដាក់​អន្ទាក់​បង្កើន​ឱកាស​ដល់​មនុស្ស​ក្នុងការប៉ះពាល់​ផ្ទាល់​នឹង​សត្វព្រៃ ដែល​វាជាទង្វើ​អាច​បង្ក​លទ្ធភាព​នៃការចម្លង​មេរោគ​ពីសត្វ​ទៅមនុស្ស។ ជាក់ស្តែង ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​ថា​សត្វជ្រូកព្រៃ សំពោច និង​សត្វ​ពង្រូល​ស្ថិតក្នុង​ចំណោម​សត្វ​ច្រើន​ប្រភេទ​ទៀត​ដែល​ជាគោលដៅ​នៃការ​ដាក់​អន្ទាក់ ហើយ​សុទ្ធសឹង​ជាប្រភេទ​សត្វ​ដែល​បង្ក​ហានិភ័យ​ខ្ពស់​បំផុត​នៃ​ការចម្លងមេរោគ។

លោក Stuart Chapman ប្រធាន​កម្មវិធី​សត្វ​ខ្លា​ប្រចាំ​តំបន់​នៃ​អង្គការ WWF មាន​ប្រសាសន៍ថា៖ «អន្ទាក់​បាន​សម្លាប់ និង​បង្ក​របួស​ធ្ងន់​ធ្ងរ​ដល់​ជីវិត​សត្វ​ព្រៃដោយមិនរើស​ប្រភេទ​ឡើយ។ អន្ទាក់​នេះ​ហើយ​ដែល​បាន​នឹង​កំពុង​បំផ្លាញ​ជីវិត​សត្វព្រៃសំខាន់ៗ ចាប់ពីសត្វខ្លាធំ និង​សត្វ​ដំរី​អាស៊ី រហូតដល់​សត្វពង្រូល និង​សត្វសំពោច។ សត្វព្រៃ​អាចបន្តរស់បាន​ លុះត្រាតែរដ្ឋាភិបាល​នៃប្រទេស​ក្នុងតំបន់​ ចាត់វិធានការ​បន្ទាន់​ចំពោះ​វិបត្តិ​អន្ទាក់នេះ»។

តម្រូវ​ការ​សាច់សត្វព្រៃ និង​ផលិតផល​សត្វ​ព្រៃ​របស់​មនុស្ស​រស់នៅ​តំបន់​ទីក្រុង​សម្រាប់​ភាព​ស៊ីវិល័យ​ជាកត្តាជំរុញ​ឱ្យ​ការដាក់​អន្ទាក់​ដើម្បី​ចាប់សត្វព្រៃកើនឡើង​ ហើយ​បាន​បង្ក​ហានិភ័យ​ដល់​ថនិកសត្វ​រស់នៅ​លើគោក​ក្នុងតំបន់​ប្រមាណ​ជាង ៧០០​ប្រភេទ។

របាយការណ៍​ដដែល​បាន​បង្ហាញ​ថា មាន​អន្ទាក់​សរុប​ចំនួន ២៣៤ ២៩១ ត្រូវ​បាន​ដោះ​និង​ប្រមូល​ចេញពី​ក្នុងតំបន់​ការពារ​ធម្មជាតិ​ចំនួន៥ នៅកម្ពុជា គិតចាប់ពីឆ្នាំ​២០១០ ដល់ ២០១៩។

លោក សេង ទៀក នាយក​អង្គការ WWF កម្ពុជា លើកឡើង​ថា៖ «អន្ទាក់​ជាកត្តា​គំរាម​កំហែង​ចម្បង​ចំពោះ​ការ​រស់រាន​របស់​សត្វខ្លាធំ​នៅក្នុងតំបន់ ហើយ​វាក៏ជាកត្តា​រួមចំណែកដ៏ធំមួយ​ដល់​ការ​ដែល​គេសន្មតថាសត្វខ្លាធំនេះ បាន​បាត់​បង់​ទៅហើយ​ពីក្នុងព្រៃ​ធម្មជាតិ​ក្នុងប្រទេស​កម្ពុជា ឡាវ និង​វៀតណាម»។

វិបត្តិ​អន្ទាក់​នេះ ក៏ជាកត្តាសំខាន់​មួយ​ដែលនាំ​ឱ្យ​មានការថយចុះ​នូវចំនួន​ប្រភេទ​សត្វ​ស៊ីសាច់​ជាអាហារ​មួយ​ចំនួន​ទៀតដែរ នៅក្នុង​តំបន់​ការពារ​ធម្មជាតិ ដែល​គាំទ្រដោយ​អង្គការ WWF ដូចជា សត្វខ្លារខិន ខ្លាពពក និង​សត្វឆ្កែព្រៃ ព្រមទាំង​ប្រភេទសត្វ​ជាចំណី​របស់​ពួកវា​ដូចជា ទន្សោង ឈ្លូស ជ្រូកព្រៃ ខ្ទីង រមាំង និង​សត្វប្រើស។

លោក សេង ទៀក បញ្ជាក់​ថា ការ​ដកអន្ទាក់​ចេញពី​ព្រៃតែមួយមុខនៅមិនទាន់គ្រប់គ្រាន់ទេ។ ការពង្រឹង​បទបញ្ញត្តិ​ច្បាប់​បន្ថែមទៀត ការបង្កើន​ប្រសិទ្ធភាព​ក្នុងការអនុវត្ត​នីតិវិធី​តុលាការ និង​ការដាក់ទោសទណ្ឌ​ឱ្យធ្ងន់ធ្ងរ​ដល់​ជនល្មើសច្បាប់ គឺ​ចាំបាច់ណាស់​ដើម្បីបញ្ចប់​ការធ្វើពាណិជ្ជកម្មសត្វព្រៃ​ដែល​ជាគោលដៅ​នៃការដាក់អន្ទាក់ ជាពិសេស​ពពួកថនិកសត្វ​មានក្រចក​ជើងចំពាម ពពួកបក្សី និង​ពពួកល្មូន​ផ្សេងទៀត ដែលមានហានិភ័យ​ខ្ពស់​ក្នុងការចម្លង​មេរោគ​ដល់​មនុស្ស។

វិបត្តិ​បង្ក​ដោយ​កូវីដ១៩ បាន​បង្ហាញ​ឱ្យឃើញ​ថា ត្រូវតែមានផ្លាស់ប្តូរ​ជាលក្ខណៈ​ប្រព័ន្ធ ដើម្បី​ដោះស្រាយ​កត្តាចលករ​ដែលនាំ​ឱ្យមានការរាលដាល​ជំងឺជាសកល។ នៅក្នុងសោកនាដកម្មនេះ ក៏មាន​កាលានុវត្តភាព​មួយសម្រាប់​ផ្សះផ្សា​ទំនាក់ទំនង​របស់​មនុស្ស​ជាមួយ​ធម្មជាតិ​ឡើងវិញ និង​ដើម្បី​បន្ធូរបន្ថយ​ហានិភ័យ​នៃការរាលដាល​ជំងឺ​ផ្សេងទៀត​នាពេលអនាគត៕

ប្រភព៖ អង្គការ WWF

អត្ថបទថ្មី
;