កម្ពុជា រំពឹងអនុវត្តគោលការណ៍ Travel Bubble ទទួលបានភ្ញៀវអន្តរជាតិឡើងវិញ

  • 2020-08-03 06:43:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបប្រជុំគ្នាជាមួយវិស័យវិស័យទេសចរណ៍ឯកជន មួយចំនួននៅកម្ពុជា ដើម្បីរៀបចំយុទ្ធសាស្ត្រទទួលវត្តមាន ភ្ញៀវទេសចរអន្តរជាតិបណ្ដើរៗឡើងវិញ ដែលធានាជាដាច់ខាតនូវសុវត្ថិភាពពីជំងឺ។ កិច្ចប្រជុំនេះធ្វើឡើង ៣១ កក្កដា ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។

លោករដ្ឋមន្ត្រី បានថ្លែងថា ក្រសួងទេសចរណ៍នឹងពិគ្រោះជាមួយអ្នកជំនាញ និងក្រសួងសុខាភិបាល ដើម្បីរៀបចំគម្រោងគោលការណ៍ធ្វើដំណើរដោយកន្លែង ឬហៅថា Travel Bubble ដើម្បីរៀបចំកញ្ចប់ទេសចរណ៍ទទួលភ្ញៀវទេសចរអន្តរជាតិ ដែលមានការគ្រប់គ្រងត្រឹមត្រូវពីបណ្តាតំបន់ ឬប្រទេសដែលមានសុវត្ថិភាពពីកូវីដ១៩។

លោករដ្ឋមន្ត្រី បានបន្តថា កំលុងពេលដែលពិភពលោកកំពុងជួបការរាតត្បាតជំងឺកូវីដ១៩ នេះបានធ្វើឱ្យកម្ពុជាបាននិងកំពុងជួបការប៉ះពាលជាខ្លាំងដល់វិស័យទេសចរណ៍ និងបានធ្វើឱ្យអាជីវកម្មធំៗនៅក្នុងវិស័យទេសចរណ៍ជាង ៣ពាន់អាជីវកម្ម បានបិទទ្វារ ហើយមួយចំនួនទៀតក៏ផ្អាកអាជីវកម្ម។ ប្រការនេះធ្វើឱ្យបាត់បង់ការងារក្នុងវិស័យទេសចរណ៍ជាង ៥ម៉ឺននាក់ ដោយសារមិនមានភ្ញៀវអន្តរជាតិចូលមកទស្សនាកម្ពុជា។

លោក ថោង ខុន បានបន្តទៀតថា សម្រាប់ការគោលការណ៍បើកការធ្វើដំណើរដោយកន្លែង ឬរបៀងនៃការធ្វើដំណើរ គឺកម្ពុជាធ្វើឡើងសំរាប់ទទួលតែភ្ញៀវទេសចរអន្តរជាតិពីតំបន់មានសុវត្ថិភាពពីកូវីដ១៩ ពីក្រៅប្រទេសមកកាន់តំបន់មានសុវត្ថិភាពពីកូវីដ១៩ នៅកម្ពុជា ហើយប្រសិនបើផែនការនេះធ្វើបានជោគជ័យ គឺអាចជំរុញឱ្យកម្ពុជាកសាងបាននូវមានទំនុកចិត្តនៃការងើបឡើងវិញនៃវិស័យទេសចរណ៍ ជំរុញការស្តារអាជីវកម្មទេសចរណ៍មានដំណើរការជាបណ្តើរៗឡើងវិញ ជួយបង្កើតការងារសម្រាប់អ្នកបាត់បង់ការងារដោយសារ COVID-19 និងធានាជំរុញកំណើនសេដ្ឋកិច្ចផងដែរ។

ទន្ទឹមនឹងការជំរុញឱ្យមានការបើកការធ្វើដំណើរដោយកន្លែងនេះ ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា លោករដ្ឋមន្ត្រីក៏បានជំរុញឱ្យបណ្តាក្រុមហ៊ុនអាកាសចរណ៍នានា សណ្ឋាគារ ផ្ទះស្នាក់ និងអាជីវកម្មនានានៅកម្ពុជា គឺត្រូវខិតខំថែរក្សាភាពអនាម័យឱ្យបានល្អប្រសើរ ដើម្បីផ្តល់សេចក្តីទំនុកចិត្តខ្ពស់ជូនភ្ញៀវទេសចរអន្តរជាតិ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្រាប់ការទទួលភ្ញៀវទេសចរអន្តរជាតិតាមបែប Travel Bubble នេះ គឺកម្ពុជាមានក្តីរំពឹងទទួលភ្ញៀវទេសចរអន្តរជាតិតែលើប្រភេទភ្ញៀវទេសចរចូលនិវត្តន៍ និងភ្ញៀវអ្នកមានអ្នកមានជាដើម ជាពិសេសភ្ញៀវទេសចរអន្តរជាតិនៅតាមតំបន់មានសុវត្ថិភាពនៅក្នុងតំបន់អាស៊ាន និងអាស៊ានបូក៣ ដែលត្រូវជាគោលដៅសិក្សាជាបឋម និងត្រូវធ្វើជាដំណាក់កាលៗ ដោយត្រូវមានការឯកភាពពីក្រសួងសុខាភិបាល និងមានការអនុញ្ញាតពីរាជរដ្ឋាភិបាល។ទោះយ៉ាងណា ក៏ដោយ សម្រាប់ការទទួលភ្ញៀវទេសចរអន្តរជាតិដោយកន្លែង Travel Bubble នេះអាចអនុវត្តទៅបានលុះណាមានការឯកភាពគាំទ្រពីក្រសួងសុខាភិបាល និងការអនុញ្ញាតពីរាជរដ្ឋាភិបាល៕

ប្រភព៖ ក្រសួងទេសចរណ៍

អត្ថបទថ្មី
;