នគរបី សាមកុក៖ ផ្នូរ​របស់​ឆាវឆាវ ត្រូវគេ​រកឃើញ ចុះផ្នូររបស់ លីវ ប៉ី និង ស៊ុន ឈាន?

  • 2020-08-04 09:21:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងសម័យ​កាល​ចុងរាជវង្សហាន ប្រទេសចិន មាន​ការបែងចែក​តំបន់​គ្រប់គ្រង​៣ធំៗ ហើយ​ធ្វើសង្គ្រាមរវាងគ្នាទៅវិញទៅមក ដោយមួយផ្នែក​ក្រោមការគ្រប់គ្រងរបស់​ឆាវឆាវ ដែល​ជាឧបរាជ, មួយផ្នែកគ្រប់គ្រងដោយ លាវ ប៉ី និង​មួយផ្នែកទៀត​គ្រប់គ្រងដោយ ស៊ុន ឈាន។ ចម្បាំង​រវាងភាគីទាំង៣ ដ៏ល្បីបំផុតក្នុងប្រវត្តិសាស្រ្ត គឺ សង្គ្រាមឆឺពី (Battle of Red Cliffs) ក្នុងឆ្នាំ២០៨​នៃគ.ស។

ផែនទីនៃនគរទាំង៣
ឆាវឆាវ បានស្លាប់ក្នុងឆ្នាំ២២០ នៅអាយុ ៦៥ឆ្នាំ ហើយ​ក៏ជាពេលដែលរាជវង្សហាន​ត្រូវបញ្ចប់ទាំងស្រុង ដោយ​កូនប្រុសរបស់ឆាវឆាវ ឈ្មោះ ឆាវ ភី បង្ខំឱ្យស្តេច​ផ្ទេររាជ្យ ហើយប្រកាសខ្លួន​ជាស្តេចនៃនគរអ៊ូយ (Wei)។

មុនពេល​ស្លាប់​ ឆាវឆាវ បានហាមឃាត់​មិនឱ្យធ្វើផ្នូរខ្លួនធំដុំ ឬក៏ដាក់ឈ្មោះនោះទេ ព្រោះខ្លាច​សត្រូវ​បំពាន​កម្ទេច។ ទោះជា​យ៉ាងណា ដើម្បីជាការគោរព​ដល់ឪពុក ឆាវភី បាន​សាងសង់ផ្នូរដ៏ធំមួយសម្រាប់ដាក់សពឆាវឆាវ ប៉ុន្តែក្រោយ​មកក៏រុះរើវិញ ព្រោះ​ខ្លាចផ្នូរនេះក្លាយជាគោលដៅរបស់ចោរ និងសត្រូវ។

ផ្នូររបស់ឆាវឆាវ ត្រូវបានរកឃើញ​ក្នុងឆ្នាំ២០០៩ នៅក្រុងអានយ៉ាង ខេត្តហ៊ើ​ណាន ពោលគឺជាតំបន់ដែលឆាវឆាវកាន់កាប់​ក្នុងអំឡុងសម័យសាមកុក។ រហូតមកដល់ឆ្នាំ២០១៨ ទើប​អ្នកជំនាញ​នៅ​វិទ្យាស្ថាន​បេតិកភណ្ឌវប្បធម៌ខេត្តហ៊ើណាន បញ្ជាក់ថា ឆ្អឹងបុរសម្នាក់​ដែល​ស្ថិតក្នុងផ្នូរនេះ គឺជាឆ្អឹងរបស់ឆាវឆាវ។

ការ​រកឃើញ​ផ្នូរ និងសាកសព (ឆ្អឹង) របស់ឆាវឆាវនេះ បាន​ធ្វើឱ្យបុរាណវិទូ កាន់តែជំរុញបន្ថែមទៀត​ក្នុងការស្វែងរកផ្នូររបស់​ លាវ ប៉ី និង ស៊ុន ឈាន ដែលមកដល់​ពេលនេះ នៅតែជាអាថ៌កំបាំង។

បើយោងតាម​រឿងប្រលោមលោក The Romance of the Three Kingdoms ឱ្យដឹងថា សាកសព​របស់ លាវ ប៉ី ត្រូវបានកប់ក្នុងផ្នូរ​ជាមួយ ជូគឺ លៀង ក្នុង​វិហារ Wuhou នៅក្រុងឆឹងទូ ខេត្តស៊ីឈួន ដែល​ជាទឹកដីនគរស៊ូហាន (Shu Han) របស់​ លាវ ប៉ី ក្នុងសម័យនោះ។

វិហារ Wuhou

យ៉ាងណាមិញ អ្នកជំនាញមួយចំនួន​មិនយល់ស្របឡើយ ពោលគឺកាលណោះ លាវ ប៉ី ស្លាប់​ក្នុង​ក្រុងហ្វឹងជី (បច្ចុប្បន្នក្រុងឆុងឈីង) ដែលមានចម្ងាយ​ជាង ៦០០គីឡូម៉ែត្រឯណោះពីក្រុងឆឹងទូ។ ដូច្នេះទម្រាំតែដឹកសពដល់នោះ គឺចាយពេល ១ខែ ហើយសព​ក៏រលួយបាត់ទៅហើយ ព្រោះពេលនោះក៏ជារដូវក្តៅផង។ ដូច្នេះពួកគេជឿជាក់​ថា សព លាវ ប៉ី ត្រូវបាន​កប់​នៅក្រុងហ្វឹងជី ឬឆុងឈីង ដែល​នៅជិត​ច្រាំង​ទន្លេយ៉ង់សេ។

ចំណុចសន្និដ្ឋានមួយទៀតរបស់បុរាណវិទូ អំពីផ្នូររបស់​ លាវ ប៉ី គឺស្ថិតក្នុង​តំបន់ភ្នំ​ផឹងស្យាន ចម្ងាយ ៦០គីឡូម៉ែត្រពីក្រុងឆឹងទូ។ ក្នុងនោះមាន​ភ្នំមួយឈ្មោះ Muma ដែល​គេ​ប៉ាន់ស្មានថា អាចជាទីកន្លែងបញ្ចុះសព​របស់ លាវ ប៉ី។ ប៉ុន្តែការស្រាវជ្រាវរុករកកន្លងមក គឺមិនបានរកឃើញផ្នូរបុរាណណាមួយទាល់តែសោះ។

ចំណែក​ផ្នូររបស់ ស៊ុន ឈាន ដែលជាស្តេច​នគរអ៊ូ (Wu) បើតាមកំណត់ត្រាប្រវត្តិសាស្រ្តបញ្ជាក់​ថា សពត្រូវបាន​កប់​នៅភ្នំ Meihua ជិតក្រុងណានជីង ខេត្តជាំងស៊ូ ប៉ុន្តែមិនដឹងច្បាស់​ថានៅត្រង់ណានោះទេ។

កាលពីដើមទសវត្សរ៍ឆ្នាំ២០០០ ក្រុមបុរាណវិទូ ១ក្រុមត្រូវបានបញ្ជូនឱ្យទៅស្វែងរកផ្នូរបស់ ស៊ុន ឈាន។ ពួកគេ​បាន​រកឃើញ​ផ្លូវក្រោមដីដ៏ធំមួយ​ដែលដំបូងគិតថាប្រហែលជាផ្នូរហើយ ប៉ុន្តែ​ការស្រាវជ្រាវរបស់ពួកគេ ហាក់ដូចជាគ្មានបានរកឃើញ​អ្វីបន្ថែមទៀតសោះ៕

រូបសំណាក ស៊ុន ឈាន នៅលើលើភ្នំ Meihua

ប្រភព៖ South China Morning Post

អត្ថបទថ្មី
;