ដឹងអត់! ក្រោយត្រូវអាមេរិក​ទម្លាក់​គ្រាប់បែក​បរមាណូហើយ ជប៉ុន​ក៏ត្រូវរុស្ស៊ី​ដណ្តើមយកកោះ​ដ៏សំខាន់​មួយទៀត

  • 2020-09-11 08:06:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មកដល់ពេលនេះ ប្រជុំកោះគូរីល (Kuril Islands) នៅតែជា​ចំណុច​មិនត្រូវគ្នារវាង​ជប៉ុន និង​រុស្ស៊ី បន្ទាប់ពីជប៉ុន បាន​បាត់បង់ការគ្រប់គ្រងប្រជុំកោះនេះ ​នៅចុងបញ្ចប់សង្គ្រាមលោកលើកទី២មក។

ចក្រភពរុស្ស៊ី បាន​ប្រកាស​ថា​ ប្រជុំកោះ​គូរីល ជារបស់ខ្លួននៅក្នុងឆ្នាំ១៧៨៦ បន្ទាប់ពីរកឃើញ​ដោយជនជាតិរុស្ស៊ី។ ប៉ុន្តែក្រោយមកដោយសារជប៉ុន អះអាងថា ប្រជុំកោះនេះ​ស្ថិតនៅជិត​ប្រទេសខ្លួន​ជាង ទើបនាំឱ្យ​មានការចុះសន្ធិសញ្ញាមួយរវាងប្រទេសទាំងពីរ នៅក្នុងឆ្នាំ១៨៥៥ ដោយបែងចែកគ្នា។ ក្នុងនោះ​កោះសំខាន់ៗចំនួន៤ នៅភាគខាងត្បូងនៃគូរីល ត្រូវប្រគល់ឱ្យទៅ​ជប៉ុនជាអ្នកគ្រប់គ្រង ខណៈរុស្ស៊ី គ្រប់គ្រងនៅផ្នែកខាងជើង​គូរីល។

២០ឆ្នាំ​ក្រោយមក គឺនៅឆ្នាំ​ ១៨៧៥ ប្រទេសទាំងពីរ ក៏បាន​ចុះ​សន្ធិសញ្ញាថ្មីមួយទៀត ដោយ​ប្រគល់ប្រជុំកោះនេះទាំងមូលឱ្យជប៉ុនកាន់កាប់ ជាការដោះដូរ​គ្នា ដោយ​ឱ្យរុស្ស៊ី កាន់កាប់​ប្រជុំកោះ Sakhalin វិញ។ យ៉ាងណាមិញ ជប៉ុន បាន​ចូល​ឈ្លានពានដណ្តើមយក​ទឹកដីពាក់កណ្តាលនៃកោះ Sakhalin បន្ទាប់ពីឈ្នះសង្គ្រាមលើរុស្ស៊ី ក្នុងឆ្នាំ ១៩០៥។

នៅ​ចុង​បញ្ចប់​សង្គ្រាមលោកលើកទី២ ពោលគឺ​ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ជប៉ុនបាន​ចុះចាញ់​សង្គ្រាម ក្រោយ​ត្រូវអាមេរិក​ទម្លាក់​គ្រាប់បែកបរមាណូនៅថ្ងៃទី៦ និង ៩ ខែសីហា ឆ្នាំ​១៩៤៥ ក៏ស្រាប់តែកងទ័ព​រុស្ស៊ី (ពេលនោះ​ជាសហភាពសូវៀត) បាន​ចូលឈ្លានពាន និង​កាន់កាប់ប្រជុំកោះគូរីល (Kuril Islands) បាន​វិញ។ មកដល់ឆ្នាំ១៩៤៩ រុស្ស៊ី បាន​និរទេស​ប្រជាជន​ដែលរស់នៅលើកោះនេះទាំងអស់ ទៅជប៉ុន។

​នៅឆ្នាំ១៩៥៦ រុស្ស៊ី បាន​សម្រេច​ប្រគល់​កោះចំនួន២ ដែល​នៅកៀកជប៉ុនបំផុតគឺកោះ Shikotan និង Habomai នៃប្រជុំកោះ​គូរីល ឱ្យជប៉ុន ដើម្បីជាការដោះដូរ​នៃសន្ធិសញ្ញា​សន្តិភាព​មួយ​រវាងប្រទេសទាំងពីរ។ ប៉ុន្តែជប៉ុនមិនយល់ព្រមឡើយ ព្រោះ​កោះ២នេះ គឺមានទំហំស្មើតែ ៧% ប៉ុណ្ណោះ​នៃប្រជុំកោះ​គូរីល​ទាំងមូល ពោលគឺជប៉ុនទាមទារកាន់កាប់ប្រជុំ​កោះទាំងមូល។

មកដល់ឆ្នាំ២០០៤ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ក៏នៅតែបន្តប្រគល់កោះទាំងពីរខាងលើឱ្យទៅជប៉ុនដដែល ហើយជប៉ុន បន្តប្រកែកមិនយក ដែលធ្វើឱ្យ​ប្រទេសទាំងពីរ នៅតែមិនអាចឈានដល់កិច្ចព្រមព្រៀងណាមួយ​ឡើយរហូតមកដល់ពេលនេះ។

​បើនិយាយពី​ធនធានធម្មជាតិវិញ ប្រជុំកោះគូរីល សម្បូរដោយផលនេសាទ ប្រេង និងឧស្ម័ន ព្រមទាំង​មានរ៉ែកម្រ​ជាច្រើន។ មិនតែប៉ុណ្ណោះ ទេសចរណ៍នៅលើប្រជុំកោះនេះ គឺ​ជាប្រភពចំណូល​ដ៏មានសក្តានុពល​ថែមទៀតផង៕

ចុចអាន៖

ប្រភព៖ BBC

អត្ថបទថ្មី
;