អ្នកជំនាញ បង្ហាញពីដំណើរការជួសជុលស្ពានហាលខាងលិចអង្គរវត្ត

  • 2020-09-11 07:21:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បីបង្ហាញដល់សាធារណជនដែលមានបំណងចង់ឈ្វេងយល់ពីដំណើរការលម្អិតពី ប្រវត្តិ​នៃ​ការ​ជួស​ជុលស្ពានហាល ជាពិសេស​រៀបរាប់ពីដំណើរការក្នុងការដ្ឋានដែលកំពុងជួសជុលបច្ចុប្បន្ត អ្នក​ជំនាញ​អ្នក​ជំនាញ​អាជ្ញាធរអប្សរា បាន​ធ្វើបាឋកថាស្ដីពី «វឌ្ឍន​ភាព​នៃ​ការ​ជួស​ជុល​ស្ពាន​ហាល​ខាង​លិច​អង្គ​រវត្ត» នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។

លោក អន សុភាព បុរាណវិទូ និង​ជា​អ្នក​គ្រប់​គ្រង​ដឹក​នាំ​គម្រោង​ជួស​ជុល​ស្ពាន​ហាល​ខាង​លិច​អង្គរ​វត្ត បាន​ចាប់ផ្តើមធ្វើបទបង្ហាញនិងរំលឹកនូវប្រវត្តិនានាទាក់ទងនឹងការជួសជុលស្ពានហាល ដែល​ក្នុង​នោះការស្រាវជ្រាវរកឃើញថា ផ្នែកខ្លះនៃស្ពានហាលនេះ ត្រូវ​បាន​ជួស​ជុល​ដំបូង​នៅ​អំឡុង​សតវត្ស​ទី១៦ បន្ទាប់មកនៅសម័យបារាំងគ្រប់គ្រងចន្លោះពីឆ្នាំ ១៩៥៣ ដល់ឆ្នាំ១៩៧២។

ក្រោយមកទៀត នៅឆ្នាំ១៩៩៦ ប្រទេសជប៉ុនតាមរយៈសាកលវិទ្យាល័យសូហ្វីយ៉ា បាន​ចាប់​ផ្ដើម​គម្រោង​ជួស​ជុលជាដំណាក់កាលដំបូងរបស់ខ្លួនដោយសហការជាមួយអាជ្ញាធរអប្សរា និង​បាន​បញ្ចប់​នៅ​ឆ្នាំ២០០៧ ដែលមានប្រវែង១០០ម៉ែត្រ។ គម្រោងជួសជុលក្នុងដំណាក់កាលទី២នេះ គឺ​ជា​គម្រោងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យសូហ្វីយ៉ា និងអាជ្ញាធរជាតិអប្សរា ចាប់​ផ្តើម​ពី​ពាក់​កណ្ដាល​ឆ្នាំ២០១៦មក ដើម្បីបង្ហើយផ្នែកដែលនៅសល់ប្រវែង៩០ម៉ែត្រនិងកំពុងទឹក ហើយ​គ្រោង​នឹង​បញ្ចប់ឱ្យបានមុនឆ្នាំ២០២៤។

លោក អន សុភាព មន្រ្តីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និង​បុរាណ​វិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិអប្សរា បាន​ប្រាប់​ពី​មូលហេតុ​ដែល​ការ​ដ្ឋាន​នេះ​ត្រូវ​បិទ​ចរាចរណ៍​មិន​ឱ្យ​ទេសចរ​ធ្វើ​ដំណើរឆ្លងកាត់ ដ្បិតថា ក្នុងការដ្ឋានត្រូវប្រើគ្រឿងចក្រធុនធ្ងន់ និងធំ ហើយ​ការ​បិទ​នេះ​ដើម្បី​បញ្ចៀស​ហានិភ័យ​នានាដែលកើតជាយថាហេតុ។

លោកបន្ថែមថា គម្រោង​ជួស​ជុល​នេះ​មាន​ការ​ត្រួត​ពិនិត្យ​និង​តាម​ដាន​យ៉ាង​លម្អិត​ពី​អ្នក​ជំនាញ​នៃ​គណៈ​កម្មាធិការ​អន្ដរ​ជាតិ អាយស៊ីស៊ី-អង្គរ ដោយ​បច្ចេក​ទេស​ភាគ​ច្រើន​គោរព​ទៅ​តាម​ទម្រង់​ពី​បុរាណ។ យ៉ាងណា អ្នកជំនាញរូបនេះប្រាប់ថា ចំណុចប្រឈមនៃគម្រោងជួសជុលនេះ គឺបញ្ហា​ទឹក ដែល​ពេលខ្លះបានធ្វើឱ្យអាក់ខាននៃដំណើរការជួសជុល។

លោក ម៉ៅ សុខនី ស្ថាបត្យករ ដែលធ្វើការក្នុងគម្រោងនេះដែរ ឱ្យដឹងថា ស្ពាន​ហាល​ខាង​លិច​អង្គរ​វត្ត​មាន​ប្រវែងសរុប ១៩៧,៤ម៉ែត្រ ឬប្រមាណ២០០ម៉ែត្រ ទទឹង ១១,៦៤ម៉ែត្រ និងមានកម្ពស់ ៣,៣៨៥ម៉ែត្រ។ ស្ពាននេះមានគ្រឹះធ្វើពីថ្មបាយក្រៀម៧ស្រទាប់។ ស្ថានភាពស្រុតចុះនៃកម្រាល ថ្មភក់ ជាចំណុចប្រឈមខ្លាំងដែលជំរុញឱ្យពន្លឿននៃគម្រោងជួសជុលនេះ៕

ប្រភព៖ អាជ្ញាធរអប្សរា

អត្ថបទថ្មី
;