ដែនជម្រកសត្វព្រៃមួយនៅកម្ពជា ជាតំបន់ការពារធម្មជាតិមានសារៈសំខាន់កម្រិតអន្តរជាតិ
- 2020-10-06 01:54:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដែនជម្រកសត្វព្រៃមួយនៅកម្ពជា ជាតំបន់ការពារធម្មជាតិមានសារៈសំខាន់កម្រិតអន្តរជាតិ
ចន្លោះមិនឃើញ
ដែនជម្រកសត្វព្រៃកែវសីមាមិនត្រឹមតែជាដែនជម្រកសត្វព្រៃដែលមានព្រៃស្រោងនិងអាចលក់ឥណទានកាបូននោះទេ តែជាគឺជាតំបន់ការពារធម្មជាតិមានសារៈសំខាន់កម្រិតអន្តរជាតិក្នុងការអភិរក្សសត្វព្រៃនិងជីវៈចម្រុះជាច្រើនទៀត។ នេះគឺជាការថ្លែងឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថានកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០។
** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បីទទួលបានព័ត៌មានលឿនរហ័ស **
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានថ្លែងថា ជាមួយប្រភេទសត្វ រុក្ខជាតិនិងបុចផសិត (fungi species) ចំនួន ៩៥៩ ប្រភេទដែលជារបកគំឃើញនៃការសិក្សាស្រាវជ្រាវនិងបានកត់ត្រាដោយក្រុមសិក្សាស្រាវជ្រាវរបស់អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) និងមន្ត្រីគ្រប់គ្រងដែនជម្រកសត្វព្រៃកែវសីមានាពេលថ្មីៗនេះ បានធ្វើឱ្យដែនជម្រកសត្វព្រៃកែវសីមាក្លាយជាតំបន់ការពារធម្មជាតិមួយដែលមានធនធានជីវៈចម្រុះសម្បូណ៌បែបជាង គេក្នុងចំណោមតំបន់ការពារធម្មជាតិផ្សេងទៀតក្នុងប្រទេសកម្ពុជា។
លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ដែនជម្រកសត្វព្រៃកែវសីមាមានសារៈសំខាន់កម្រិតអន្តរជាតិក្នុងការអភិរក្សសត្វដំរីអាស៊ី សត្វពានរ រួមមានទោចថ្ពាល់លឿង ស្វាកន្ទុយស ប្រភេទមាំសាសី និងប្រភេទសត្វស្លាបជាច្រើនប្រភេទដែលប្រភេទសត្វនិងរុក្ខជាតិ ៧៥ ប្រភេទជាប្រភេទរងការគំរាមកំហែងស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។
លោក នេត្រ ភក្ត្រា បានបង្ហាញពីមោទនភាពដែលកម្ពុជាសម្បូណ៌ដោយជីវៈចម្រុះគ្រប់ប្រភេទដែលក្នុងនោះប្រភេទសត្វកម្រមួយចំនួនដែលបាន និងកំពុងជិតផុតពូជ និងប្រភេទសត្វងាយរងគ្រោះបំផុតរបស់ពិភពលោកត្រូវបានរកឃើញថាមានវត្តមាន នៅក្នុងតំបន់ការពារធម្មជាតិរបស់ប្រទេសកម្ពុជា។
លោករដ្ឋលេខាធិការបានបន្ថែមថា យោងតាមរបាយ ការណ៍សិក្សាស្រាវជ្រាវដោយអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា ស្ថិតិសត្វស្វាកន្ទុយសដែលមាន វត្តមាននៅក្នុងប្រទេសកម្ពុជាមានចំនួនប្រមាណជាង ២០០០០ ក្បាលហើយភាគច្រើនមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ហើយសត្វទោចថ្ពាល់លឿងមានចំនួនប្រមាណ ១២០០ក្បាល។ «សត្វព្រៃទាំងនេះគឺជាសម្បត្តិធម្មជាតិដែលមិនអាចកាត់ថ្លៃបានសម្រាប់ប្រទេសកម្ពុជានិងមានតម្លៃបំផុតសម្រាប់ការអភិរក្សជីវៈចម្រុះរបស់ពិភពលោក»។ នេះគឺជាការគូសបញ្ជាក់បន្ថែមរបស់រដ្ឋលេខា ធិការក្រសួងបរិស្ថាន។
លោក នេត្រ ភក្ត្រា បានបន្តថា៖ «ការការពារបានព្រៃឈើ មិនត្រឹមការពារបានប្រព័ន្ធអេ កូឡូស៊ីទេ តែយើងអាចលក់ឥណទានកាបូន ដើម្បីបានថវិកាមកពង្រឹងការងារអភិរក្សនិងអភិរក្សសហគមន៍មូលដ្ឋាន ហើយការថែរក្សាបាននូវសត្វព្រៃគ្រប់ប្រភេទនឹងផ្តល់ចំណូលតាមរយៈទេសចរណ៍ធម្មជាតិ។
បច្ចុប្បន្ននេះ តំបន់ជម្រកសត្វស្វាកន្ទុយសនិងទោចថ្ពាល់លឿងក្នុងសហគមន៍អណ្តូងក្រឡឹង ក្នុងភូមិសាស្ត្រឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បាននិងកំពុងទាក់ទាញភ្ញៀវទេសចរ ជាទេសចរបរទេសឱ្យមកទស្សនាកម្សាន្ត។ តាមការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា កាលពីឆ្នាំ២០១៩ កន្លងទៅ Jahoo Gibbon Camps ដែលជាគម្រោងសហគមន៍អេកូទេសចរណ៍បានទទួលភ្ញៀវទេសចរចំនួនប្រមាណ ៤៥០នាក់ និងបានទទួលចំណូលប្រមាណ ១៧០០០ដុល្លារសហរដ្ឋអាមេរិកជូនដល់សហគមន៍៕
ប្រភព៖ ក្រសួងបរិស្ថាន