រយៈពេល ៩ខែឆ្នាំ២០២០ បទល្មើសធនធានធម្មជាតិជិត ១ពាន់ករណីត្រូវបានបង្ក្រាប

  • 2020-10-19 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងរយៈពេល ៩ខែ គឺពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនិងសហគមន៍តំបន់​ការ ពារធម្មជាតិបានចុះល្បាតបានចំនួន ១៨២៣លើក ដែលក្នុងប្រតិបត្តិការចុះល្បាតនោះ បទល្មើសធនធានធម្មជាតិចំនួន ៩៥៤ ករណីត្រូវបានបង្ក្រាប ហើយបានកសាង និងបញ្ជូនសំណុំរឿងចំនួន ៤០ ករណីទៅតុលាការ ធ្វើការអប់រំនិងចុះកិច្ចសន្យាបញ្ឈប់សកម្មភាពចំនួន ៤២០ ករណី និងពិន័យអន្តរការណ៍ ៤១ ករណី។ នេះបើតាមការថ្លែងឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថានៅក្នុងរយៈពេល៩ ខែនេះ មន្ត្រីឧទ្យានុរក្សបានបង្ក្រាបបទល្មើសនិងរឹបអូសរណាយន្តបានចំនួន ៤៣៣ គ្រឿង រថយន្ត៩ គ្រឿង គោយន្តចំនួន១០៦ គ្រឿង និងម៉ូតូ ៤៦ គ្រឿង រឹបអូសឈើចំនួន ៣០៣ ម៉ែត្រគូប ដោះអន្ទាក់បានចំនួន ១៦៧៧ អន្ទាក់ និងដកហូតនិងរឹបអូសកាំភ្លើងកែច្នៃបានចំនួន ១០៣ គ្រឿង។

លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថានេះគឺជាកិច្ចខិតខំប្រឹង ប្រែងរបស់មន្ត្រីឧទ្យានុរក្ស និងសហគមន៍នៃតំបន់ការពារធម្មជាតិ ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិក្នុងតំបន់ព្រៃ ឡង់ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងបរិ ស្ថានរូបនេះក៏បានលើកឡើងថា ទោះបីជាមានការចុះទប់ស្កាត់ និងបង្ក្រាបទាំងយប់ទាំងថ្ងៃពីសំណាក់មន្ត្រីឧទ្យានុរក្សនិងសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិក៏បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយតូចដូចជាការលបលួចកាប់ឈើ ការទន្ទ្រានរានយកដី ធ្វើជាកម្មសិទ្ធិការបរ បាញ់និងការដាក់អន្ទាក់សត្វព្រៃនៅតែបន្ដកើតមាននៅក្នុងតំបន់ព្រៃឡង់ដែលចាំបាច់ត្រូវចាត់វិធានការទប់ស្កាត់និងបង្ក្រាបបន្តទៀត។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មានកត្តាផ្សេងៗដែល ជំរុញឱ្យមានបទល្មើសទាំងនេះក្នុងនោះរួមមាន កត្ដាជីវភាពរបស់ប្រជាសហគមន៍ ដែលធ្លាប់តែពឹង អាស្រ័យ ទៅលើផល អនុផលព្រៃឈើ និងការទាក់ទាញ និងញុះញង់ពីសំណាក់ក្រុមឈ្មួញទុច្ចរិត គួបផ្សំនឹងចំនួនមន្រ្ដីឧទ្យានុរក្សដែលបានឈរជើងនៅក្នុងតំបន់នោះនៅមានកម្រិតនៅឡើយ។ ទោះយ៉ាងណា ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា កម្លាំងមានសមត្ថកិច្ចនៃរាជរដ្ឋាភិបាលកម្ពុជាមានការតាំងចិត្តខ្ពស់ក្នុងការទប់ស្កាត់និងបង្ក្រាបយ៉ាងហ្មឺម៉ាត់​ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិដែលកើត​ឡើង​ស្របតាមច្បាប់នានា។

លោករដ្ឋលេខាធិការ ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍបានយកចិត្ដទុកដាក់ខ្ពស់លើការរៀបចំ និងពង្រឹងយន្ដការគ្រប់គ្រង ការផ្ដល់មធ្យោបាយ ឧបករណ៍ សម្ភារ ក៏ដូចជាការជួយលើកស្ទួយជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋានបន្ថែមទៀតតាមរយៈការបង្កើតមុខរបរថ្មី បង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន បង្កើនចំណូលការជំរុញទេសចរណ៍ធម្មជាតិជាដើម ដើម្បីធានា ប្រសិទ្ធភាពនៃការងារគ្រប់គ្រង ការពារ និងអភិរក្សតំបន់ព្រៃឡង់។ បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាននិងកំពុងសហការអនុវត្តគម្រោងការពារនិងអភិរក្សតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ជាមួយគម្រោងព្រៃឡង់​បៃតងគាំទ្រថវិកាដោយ USAID របស់សហ រដ្ឋអាមេរិកសម្រាប់រយៈពេល ៥ ឆ្នាំ (២០១៨-២០២៣) ក្នុងទំហំទឹកប្រាក់ ២១ លានដុល្លារ។

លោក​បានបន្តថា រាជរដ្ឋាភិបាលកម្ពុជានិងដៃគូអភិវឌ្ឍន៍កំពុងអនុវត្តផែនការសកម្មភាពនានាដើម្បីធ្វើប្រសើរឡើងនូវការអភិរក្ស ជីវៈចម្រុះ និង ស្ថានភាពប្រព័ន្ធអេកូឡូស៊ីនៅក្នុងដែន​ជម្រក​សត្វ​ព្រៃ​ឡង់ព្រមទាំងបង្កើតឱ្យមាននិរន្តរភាព និងសមធម៌នៃកាលានុវត្តភាព ផ្នែកសេដ្ឋកិច្ច ជីវភាពសហ​គមន៍ និងទុនធម្មជាតិសម្រាប់ការវិនិយោគឡើងវិញ នៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់»និងតំបន់កាពារធម្មជាតិ ជុំវិញតំបន់ព្រៃឡង់។ គម្រោងនេះ មានកិច្ចសហការជាមួយក្រសួង បរិស្ថាន ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ដើម្បីពង្រឹងការការពារ អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ផ្តោតលើការងារកំណត់ និងបែងចែកតំបន់គ្រប់គ្រង ការបោះបង្គោលព្រំប្រទល់ ការរៀបចំផែនការគ្រប់គ្រង និងការចុះបញ្ជីដីរដ្ឋ នៅដែនជម្រកសត្វព្រៃ «ព្រៃឡង់» និងតំបន់ការពារ ធម្មជាតិមួយចំនួនជុំវិញ តំបន់ព្រៃឡង់ បណ្តុះបណ្តាល និងពង្រឹងសមត្ថភាព មន្ត្រីឧទ្យានុរក្ស ក៏ដូចជាលើកកម្ពស់ជីវភាពប្រជាសហគមន៍អភិរក្សប្រពៃណីជនជាតិដើមភាគតិច។

សូមបញ្ជាក់ថាដែនជម្រកសត្វព្រៃព្រៃឡង់ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យ នៅខែឧសភា ឆ្នាំ ២០១៦ មានផ្ទៃដីជាង ៤៣ ម៉ឺនហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តចំនួន ៤ រួមមាន ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ បច្ចប្បន្ននេះមានមន្ត្រីឧទ្យានុរក្សចំនួន ៨៤ នាក់បាននិងកំពុងឈរជើងការពារនៅក្នុងនោះ ខេត្តកំពង់ធំមាន ៣៤ នាក់ ខេត្តស្ទឹងត្រែងមាន ២៤ នាក់ និងខេត្តក្រចេះចំនួន ១២ នាក់ ខេត្តព្រះវិហារចំនួន ១៣ នាក់ ហើយសហគមន៍តំបន់​ការ​ពារ​ធម្មជាតិមានចំនួន ១៩ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ដែលបានចូលរួមសហការចុះល្បាតជាមួយមន្ត្រីឧទ្យានុរក្ស៕

អត្ថបទថ្មី
;