គោលដៅទេសចរណ៍ថ្មីចំនួន ៤ ធំៗបន្ថែមទៀត នឹងបង្កើតឡើងនៅសៀមរាប

  • 2020-10-28 03:11:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងឱ្យដឹងថា ដើម្បីទាក់ទាញទេសចរអន្តរជាតិមកកាន់ខេត្តសៀមរាប-អង្គរឱ្យបានប្រមាណ ៧លាននាក់ នៅឆ្នាំ២០៣៥ គោលដៅទេសចរណ៍ធំៗថ្មីចំនួន ៤ ធំៗបន្ថែមទៀតលើគោលដៅទេសចរណ៍ ២ ដែលមានស្រាប់ នៅជុំវិញអង្គរនឹងត្រូវបានបង្កើតឡើង ដែលផែនការនេះត្រូវបានដាក់បញ្ចូលក្នុងផែនការមេអភិ​វឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប។ ការ​លើក​ឡើង​ដូច​នេះ ធ្វើ​ឡើង​ក្នុង​​កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២០ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

លោករដ្ឋមន្ត្រីបានបន្តថា គោលដៅទេសចរណ៍ថ្មី អាចនឹងត្រូវបានបង្កើតឡើង ក្នុងនោះរួមមានតំបន់បឹងទន្លេសាប តំបន់ភ្នំគូលែន តំបន់បន្ទាយស្រី និងទីក្រុងសៀមរាបថ្មី។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ចំពោះការបង្កើតទីក្រុងសៀមរាបថ្មីនេះ គឺក្នុងគោលបំណងដើម្បីទ្រទ្រង់ដល់ទីក្រុងសៀមរាបបច្ចុប្បន្ន ដែលមិនអាចសាងសង់សំណង់ទំនើបខ្ពស់ៗ ឬសំណង់ដែលប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌវប្បធម៌។

ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញចក្ខុវិស័យទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនខេត្តសៀមរាបឱ្យបាន ៧ លាននាក់ នៅឆ្នាំ២០៣៥ ដោយនឹងបង្កើការងារផ្ទាល់ប្រមាណ ៩០ ម៉ឺននាក់ រួមជាមួយការទទួលបានប្រាក់ចំណូលប្រមាណ ៥ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នានោះ។ ដើម្បីសម្រេចចក្ខុវិស័យនេះ ទីក្រុងសៀមរាបបច្ចុប្បន្នមិនអាចទ្រទ្រង់បានគ្រប់គ្រាន់ឡើយ គឺចាំបាច់ត្រូវបង្កើតឱ្យមានទីក្រុងថ្មីមួយទៀត។

លោករដ្ឋមន្ត្រី ថោង ខុន បាន​បន្ថែម​ថា​ទីក្រុងថ្មីនេះត្រូវតែរៀបចំឱ្យក្លាយជាទីក្រុងវៃឆ្លាត (Smart City) ប៉ុន្តែប្លង់គោលទីក្រុងទាំងមូលអាចនឹងត្រូវសិក្សារចនាឡើងតាមទម្រង់បុរាណខ្មែរ។ ចំពោះទីតាំងទីក្រុងសៀមរាបថ្មីនេះ ត្រូវបានលោករដ្ឋមន្ត្រីបង្ហើបឱ្យដឹងថា គឺត្រូវស្ថិតនៅក្រៅពីតំបន់ការពាររបស់អាជ្ញាធរជាតិអប្សារា៕

ប្រភព៖ ក្រសួងទេសចរណ៍

អត្ថបទថ្មី
;