តាមការប៉ាន់ស្មាន កម្ពុជាទំនងមានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក

  • 2021-01-15 09:54:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សត្វទន្សោង ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភព លោក។ សត្វទន្សោងមានវត្តមានរាយប៉ាយនៅទូទាំងប្រទេសកម្ពុជា ជាពិសេសមានច្រើននៅតំបន់ភាគនិរតី ភាគខាងជើង និងភាគពាយព្យ និងមានចំនួនតិចតួចនៅក្នុងប្រទេសវៀតណាម។ តាមការប៉ាន់ស្មាន ប្រទេសកម្ពុជាទំនងជាមានចំនួនសត្វទន្សោងច្រើនជាងគេ ប្រហែល ៤ ០០០ក្បាល។

ចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើនក្នុងរយៈពេលពីរបីទសវត្សរ៍ចុងក្រោយនេះ ដោយសារការបាត់បង់ទីជម្រកនិងការបរបាញ់យកសាច់និងស្នែង។ ជម្ងឺឆ្លងមួយចំនួនដែលកើតមានលើពពួកសត្វពាហនៈ ក៏ជាកត្តាគម្រាមកំហែងចំពោះប្រភេទសត្វនេះផងដែរ។ សត្វប្រភេទនេះចូលចិត្តរស់នៅជាហ្វូងតាមតំបន់ព្រៃរបោះ វាលស្មៅ ព្រៃគុម្ពោត និងចូលចិត្តរកស៊ីនៅតាមមាត់អូរ។

យោងមាត្រា ៥៨នៃច្បាប់ស្តីពី តំបន់ការពារធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា ជនទាំងឡាយណាដែលប្រព្រឹត្តបទល្មើសសត្វព្រៃ ដូចជា ការចាប់ ដាក់អន្ទាក់ ប្រមាញ់ បំពុល ប្រមូលពង កូនសត្វព្រៃគ្រប់ប្រភេទ ត្រូវពិន័យជាប្រាក់ចាប់ពី ១០០ ០០០‌៛ (ដប់ម៉ឺនរៀល) ដល់ ១ ០០០ ០០០៛ (១លានរៀល)។

អង្គការ WCS សហការជាមួយក្រសួងបរិស្ថាន បានខិតខំប្រឹងប្រែងការពារទីជម្រករបស់សត្វទន្សោងនៅក្នុងតំបន់ការពារធម្មជាតិ ក្រោមការគាំទ្រថវិកាពីទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈគម្រោងអភិរក្សដែនជម្រកសត្វព្រៃកែវសីមា ដើម្បីការពារសត្វប្រភេទនេះកុំឱ្យផុតពូជ៕

ប្រភព៖ អង្គការ WCS កម្ពុជា

អត្ថបទថ្មី
;