តើវ៉ាក់សាំង​ដែល​នឹង​មកដល់​កម្ពុជា​ខាងមុខនេះ អាចការពារ​វីរុសកូវីដ​បំលែងថ្មីឬអត់?

  • 2021-01-18 02:27:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ របស់​ក្រុមហ៊ុន​ចិន Sinopharm គឺមាន​ប្រសិទ្ធភាព​អាចការពារ​វីរុសកូវីដ១៩បំលែងថ្មី​បាន។ នេះបើតាម​ការអះអាងរបស់លោក Yang Xiaoming ប្រធានក្រុមហ៊ុនក្រុមជីវបច្ចេកវិទ្យាជាតិចិន (CNBG) ដែលជាក្រុមបុត្រ​សម្ព័ន្ធរបស់​ Sinopharm ក្នុងកិច្ចសម្ភាសន៍មួយជាមួយ​សារព័ត៌មាន CGTN កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២១។

លោក​បញ្ជាក់​ថា «នៅក្នុងការស្រាវជ្រាវ​និងដំណើរការ​អភិវឌ្ឍន៍របស់យើង គឺ​យើងបាន​ធ្វើការ​ពិសោធន៍​ទៅលើប្រភេទវីរុសជាច្រើន​មកពីតំបន់ផ្សេងៗ។ មាន​ទិន្នន័យ​យ៉ាងច្បាស់​លាស់​បង្ហាញ​ថា វ៉ាក់សាំងនេះ មាន​ប្រសិទ្ធភាព​អាចការពារវីរុសបំលែងថ្មីបាន»។

លោកបន្តថា វីរុសបំលែងថ្មី​ដែល​រកឃើញ​នៅអង់គ្លេស​កាលពីចុងឆ្នាំមុនកន្លងទៅ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយ និង​សាធារណជន ដោយវាចម្លងលឿន ប៉ុន្តែវាក្រុមវីរុសស្រដៀងគ្នា។

កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុន Sinopharm បាន​ប្រកាស​ថា ក្នុងការ​ធ្វើតេស្ត​ចាក់​សាកល្បង​វ៉ាក់សាំង​របស់ខ្លួន ដំណាក់កាលទី៣ ដែល​ជាលើកចុងក្រោយ គឺបង្ហាញ​ប្រសិទ្ធភាព ៧៩,៣៤ភាគរយ។ កាលពីថ្ងៃទី១៥ មករាកន្លងទៅ វ៉ាក់សាំង Sinopharm ក៏ត្រូវបានប្រកាស​ដែរថា មានសុវត្ថិភាព​សម្រាប់​កុមារចាប់ពី​អាយុ៣ឆ្នាំ ដល់​មនុស្សវ័យជំទង់អាយុ ១៧ឆ្នាំទៀតផង។

សូមជម្រាប​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេចប្រើប្រាស់​វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់​ក្រុមហ៊ុនចិន Sinopharm ដែល​ជាជំនួយ​របស់​រដ្ឋាភិបាល​ចិន ផ្តល់ឱ្យកម្ពុជា ១លានដូស ហើយគ្រោងបញ្ជូនមកដល់​ក្នុងពេលឆាប់ៗនេះ។ សម្តេច ហ៊ុន សែន បាន​ប្រកាសថា សម្តេច​នឹង​ចាក់វ៉ាក់សាំងនេះមុនគេបង្អស់​ក្នុងប្រទេស ដើម្បី​បង្កើត​ទំនុកចិត្ត​ដល់ប្រជាពលរដ្ឋ៕

ប្រភព៖ CGTN

អត្ថបទថ្មី
;