ដឹងមូលហេតុ​ប្រេងឡើងថ្លៃហើយ ទោះកម្ពុជាបូមប្រេងបានក៏ដោយ

  • 2021-01-21 06:19:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងរ៉ែ និងថាមពល បាន​បញ្ជាក់​​នៅថ្ងៃទី២០ ខែមករា ឆ្នាំ​២០២១​ថា តំណក់ប្រេង​ដំបូង​ដែលកម្ពុជា​ទទួលបានពីការ​បូមប្រេង​នៅប្លុកA ក្នុងដែនសមុទ្រ​កម្ពុជា គឺជាការទទួលបានតំណក់ប្រេងឆៅ។

ប្រេងឆៅទាំងនោះ មិនអាចយកទៅប្រើប្រាស់ភ្លាមៗដោយផ្ទាល់ដូចជាការយកទៅចាក់បញ្ចូលយានជំនិះនិងមធ្យោបាយដឹកជញ្ជូនដូចជាម៉ូតូ ឡានបាននោះទេ។ ដើម្បីទទួលបានប្រេងឥន្ធនៈដូចជាប្រេងសាំង ប្រេងម៉ាស៊ូត ឧស្ម័នLPGឬហ្គាស គេត្រូវយកប្រេងឆៅទៅចម្រាញ់។

ក្រសួងបន្តថា ដោយហេតុថាកម្ពុជានៅមិនទាន់មានរោងចក្រចម្រាញ់ប្រេងនៅឡើយ ដូច្នេះកម្ពុជាគ្មានជម្រើសក្រៅពីលក់ប្រេងឆៅដែលបូមបានទៅចម្រាញ់នៅប្រទេសផ្សេងឡើយ។ មានន័យថា ទោះបីជាកម្ពុជាបូមប្រេងបានក៏ដោយ ក៏កម្ពុជានៅតែទិញប្រេងឥន្ធនៈពីប្រទេសដទៃដដែល ដូច្នេះតម្លៃប្រេងឥន្ធនៈនៅកម្ពុជានៅតែបន្តប្រែប្រួលទៅតាមតម្លៃប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិដូចពេលបច្ចុប្បន្នដដែល។

ក្រសួងបញ្ជាក់​ថា តម្លៃប្រេងឥន្ធនៈ ក្នុងរយៈពេល១៥ថ្ងៃចុងក្រោយនេះមានការប្រែប្រួលកើនឡើងបន្តិចបន្តួចនេះគឺបណ្តាលមកពីការប្រែប្រួលតម្លៃប្រេងលើទីផ្សារអន្តរជាតិ។ ជារួមក្នុងរយៈកាលនេះ តម្លៃប្រេងឥន្ធនៈមានការកើនឡើងជាសាកល ពុំមែនមានតែប្រទេសកម្ពុជាមួយនោះទេដែលមានតម្លៃប្រេងកើនឡើង។

សូមបញ្ជាក់ថា ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកប្រើប្រាស់ប្រេងឥន្ធនៈនិងដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាជន ចាប់តាំងពីឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានដាក់ចេញរូបមន្តកំណត់ថ្លៃលក់រាយប្រេងដោយផ្អែកលើការប្រែប្រួលតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិរៀងរាល់១៥ថ្ងៃម្តង លើសពីនេះរាជរដ្ឋាភិបាលបានបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៤សេនដុល្លារក្នុង១លីត្រ៕

អត្ថបទថ្មី
;