ប៉ះគ្នាមួយប្រាវជាមួយឥណ្ឌាឆ្នាំមុន! ចិន ទើបតែប្រកាសចំនួនកងទ័ពដែលស្លាប់
- 2021-02-19 09:49:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ះគ្នាមួយប្រាវជាមួយឥណ្ឌាឆ្នាំមុន! ចិន ទើបតែប្រកាសចំនួនកងទ័ពដែលស្លាប់
ចន្លោះមិនឃើញ
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងការពារជាតិចិន ទើបតែប្រកាសថាកងទ័ពចិន ៤បាននាក់បានស្លាប់ ក្នុងការប៉ះទង្គិចមួយប្រាវជាមួយឥណ្ឌា កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២០។ ក្នុងជម្លោះនេះ ទាហានឥណ្ឌាបានស្លាប់យ៉ាងហោចណាស់ ២០នាក់។
ក្រសួងបន្តថា កងទ័ពចិនទាំង៤នាក់ បានស្លាប់ក្នុងអំឡុងការប្រឈមមុខដាក់គ្នាជាមួយយោធាបរទេស (ឥណ្ឌា) នៅតំបន់ព្រំដែន Galwan Valley។ អ្នកស្លាប់គឺជាមេបញ្ជាការកងវរសេនាតូចឈ្មោះ Chen Hongjun និងកូនទាហាន ៣នាក់របស់គាត់។
ក្រសួងការពារជាតិចិន បានបន្ទោសថា ការផ្ទុះជម្លោះនេះគឺដោយសារតែទាហានបរទេសនោះ (ឥណ្ឌា) បានបំពានកិច្ចព្រមព្រៀងព្រំដែនរវាងប្រទេសទាំងពីរ ពោលគឺបានចោទកងទ័ពឥណ្ឌាថា បានឆ្លងចូលទឹកដីរបស់ខ្លួន។
គួររំលឹកថា ក្នុងពេលផ្ទុះជម្លោះភ្លាមៗនោះ ក្រុងប៉េកាំងមិនបានបញ្ជាក់ពីចំនួនកងទ័ពខ្លួនដែលរងរបួសនោះទេ ផ្ទុយពីឥណ្ឌា ដែលបានបញ្ចេញតួលេខនៃការស្លាប់របស់កងទ័ពខ្លួនជាបន្តបន្ទាប់។
ក្រោយជម្លោះនេះ ក្រសួងកិច្ចការក្រៅប្រទេសរបស់ឥណ្ឌា ចោទថា ចិនបានបំពានកិច្ចព្រមព្រៀងមិនគោរពខ្សែបន្ទាត់ព្រំដែន Line of Actual Control (LAC) នៅតំបន់ខាងលើ។
យ៉ាងណាមិញ ភាគីទាំងពីរបានបញ្ជាក់ថា ការប៉ះទង្គិចគ្នានេះ គឺមិនមែនប្រើកាំភ្លើងបាញ់គ្នាឡើយ។ តាមប្រព័ន្ធផ្សព្វផ្សាយខ្លះថា កងទ័ពទាំងពីរបានប្រើដុំថ្ម និងដំបង វាយប្រហារគ្នា។ ក្នុងនោះកងទ័ពឥណ្ឌា ត្រូវបានកងទ័ពចិនវាយរហូតដល់ស្លាប់។
គិតចាប់ពីឆ្នាំ ១៩៧៥មក គ្មានកងទ័ពឥណ្ឌាណាម្នាក់បានស្លាប់ក្នុងការប៉ះទង្គិចគ្នាជាមួយកងទ័ពចិន នៅតំបន់ព្រំដែនឡើយ ពោលគឺនេះជាលើកដំបូងហើយ។ កងទ័ពទាំងពីរបានប្រឈមមុខដាក់គ្នាតាមបណ្តោយព្រំដែនខាងលើ ចាប់តាំងពីខែមេសាមក ដោយឥណ្ឌា បានចោទថា ចិនបញ្ជូនកងទ័ពរាប់ពាន់នាក់ ឈ្លានពានចូលទឹកដីរបស់ខ្លួន៕