​មន្ទីពេទ្យ​ ៨ ​កន្លែង​​នៅ​ភ្នំពេញ​​ទទួល​អ្នក​ស្ម័គ្រចិត្ត​ចង់​ចាក់វ៉ាក់សាំងកូវីដ១៩

  • 2021-02-21 10:09:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រសួង​សុខាភិបាល ថ្មីៗ​នេះ​​បាន​ប្រកាស​សេចក្តីជូន​ដំណឹង​មួយ​អំពី​ទីតាំង​ដែល​មាន​ផ្តល់​សេវា​ចាក់វ៉ាក់សាំង​កូវីដ១៩ ​ដោយ​ឈរ​លើ ​គោលការណ៍​ស្ម័គ្រចិត្ត ​ចាប់​ពី​ថ្ងៃ​ទី ២២ ខែ​កុម្ភៈ។ ​សម្រាប់​​រាជធានីភ្នំពេញ​មាន​ទីតាំង​ទាំង ៨ ​ខាងក្រោម​នេះ​ដែល​អ្នក​អាច​ទៅ​រក​សេវា​ចាក់វ៉ាក់សាំង​បាន​ ​ដូច​ជា៖ ​ ១) ​ មន្ទីរពេទ្យ​បង្អែក​រាជធានីភ្នំពេញ, ២) មន្ទីរពេទ្យ​បង្អែក​ព្រែកព្នៅ, ៣) មន្ទីរពេទ្យ​បង្អែក​ដង្កោរ, ៤) មន្ទីរពេទ្យ​បង្អែក​ច្បារ​អំពៅ, ៥) មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន​សែន​សុខ, ៦) មន្ទីរពេទ្យ​បង្អែក​ចតុមុខ, ៧) មន្ទីរពេទ្យ​បង្អែក​សម្តេច​ឪ-សម្តេច​ម៉ែ និង​៨) មន្ទីរពេទ្យ​បង្អែកពោធិ៍ចិនតុង។​

​ការ​ទទួល​ចាក់វ៉ាក់សាំងកូវីដ-១៩ ​ស៊ីណូហ្វាម​នេះ​ធ្វើ​ឡើង​រៀងរាល់​ថ្ងៃ​ធ្វើ​ការ​ចាប់​ពី​ម៉ោង ៨ព្រឹក​ដល់​ម៉ោង ៥ ល្ងាច។ (ម៉ោង​សំរាក​ចន្លោះ​ពី​ម៉ោង ១២​ថ្ងៃ​ត្រង់​ដល់​ ២ ​រសៀល)។

ប្រភពរូបថតដោយ៖ មន្ទីរពេទ្យ​បង្អែក​ច្បារ​អំពៅ
យោង​ទៅ​តាម​សេចក្ដី​ជូន​ដំណឹង​ពី​ក្រសួង​សុខាភិបាល ​បញ្ជាក់​ថាការ​ចាក់​វ៉ាក់សាំង​នេះផ្ដល់​អាទិភាព​​ដល់​ក្រុម​គ្រូ​ពេទ្យ បុគ្គលិក​មន្ដ្រី​សុខាភិបាល​ទាំង​អស់ និង​កង​កម្លាំង​នគរបាល​ជាតិ ឈរ​លើ​គោលការណ៍​ស្ម័គ្រ​ចិត្ត​ និង​សម្រាប់​អ្នក​មាន​អាយុ​ចាប់​ពី​​១៨​ ដល់៥៩​ឆ្នាំ​។

មួយ​វិញ​ទៀត ​អ្នក​ដែល​បាន​ទទួល​វ៉ាក់សាំង​ដូស​ទី​១​រួច ក្រសួង​ក៏​បាន​ស្នើ​ឲ្យ​មក​​​ទទួល​វ៉ាក់សាំង​ដូស​ទី​២​ទៀតស្រប​ទៅ​តាម​បច្ចេកទេស​នៃ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩។ ​សម្រាប់​ប្រជាពលរដ្ឋ​សាធារណជន​ ដែល​មិន​ស្ថិត​នៅ​ក្នុង​ក្រុម​អាទិភាព​ទេ តែ​ស្ម័គ្រ​ចិត្ត​ចាក់​វ៉ាក់សាំង​ ក្រសួង​ក៏ស្នើ​ឱ្យ​រង់​ចាំ​បន្តិច​សិនព្រោះ​វ៉ាក់សាំង​ពេល​នេះ​មាន​កំណត់​៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;