ដឹងប្រភេទ​វ៉ាក់សាំងដែលសម្តេច ហ៊ុន សែន ប្រកាសចាក់ហើយ!

  • 2021-02-28 11:35:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន បាន​ប្រកាសនៅល្ងាចនេះថា សម្តេច​នឹងចាក់វ៉ាក់សាំងបង្ការកូវីដ១៩ AstraZeneca ​ដែលផលិតនៅ​ឥណ្ឌា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ​២០២១ ពោលគឺ​ក្រោយការមកដល់​នៃវ៉ាក់សាំងនេះ នៅថ្ងៃទី២ ខែមីនា។

សូមជម្រាបថា វ៉ាក់សាំងនេះ ទើបតែ​ត្រូវបានអង្គការ​សុខភាព​ពិភពលោក ចុះបញ្ជី​សម្រាប់​ការប្រើប្រាស់បន្ទាន់​នៅក្នុងខែកុម្ភៈនេះ។

សម្តេចតេជោ បាន​សរសេរនៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា៖

ដូចដែលក្រសួងសុខាភិបាលបានប្រកាសជូនដំណឹងរួចមកហើយថា កម្ពុជានឹងទទួលបានវ៉ាក់សាំងឈ្មោះ អាស្រ្តាហ្សេនីកា (AstraZeneca) ដែលផលិតនៅឥណ្ឌាចំនួន ៣២៤ ០០០ដូស ក្នុងចំណោម ១ ១០៤ ០០០ដូស ដែលកម្ពុជាត្រូវបានទទួលក្នុងឆមាសទី១ ឆ្នាំ២០២១ ដែលជាជំនួយបឋមផ្តល់ដោយមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។

ប្រសិនបើពុំមានការប្រែប្រួលទេ វ៉ាក់សាំងនេះនឹងមកដល់កម្ពុជានៅម៉ោង១៩:៥០ល្ងាច ថ្ងៃទី២ មីនា២០២១។ ឯកឧត្តម ម៉ម ប៊ុនហេង នឹងតំណាងអោយរាជរដ្ឋាភិបាលកម្ពុជាទទួលយកវ៉ាក់សាំងនេះពីតំណាងអង្គការសុខភាពពិភពលោក និងតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជានៅយប់ថ្ងៃទី២ មីនា២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

នេះជាផ្លែផ្កានៃកិច្ចសហការអន្តរជាតិដែលកម្ពុជាបានធ្វើជាមួយដៃគូពហុភាគីជាមួយអង្គការសហប្រជាជាតិ ជាពិសេសជាមួយអង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ។ តាមគំរោងកូវ៉ាក់នឹងផ្តល់អោយយើងចំនួន ២០ភាគរយ នៃចំនួនប្រជាជន១៦លាននាក់ ដែលស្មើនឹង៣លាន២សែននាក់ ឬស្មើនឹងវ៉ាក់សាំងចំនួន ៦លាន៤សែនដូស។

កម្ពុជាសូមអរគុណចំពោះប្រទេសនានា ក្រុមហ៊ុន និង សប្បុរសជននៅលើសកលលោកដែលបានផ្តល់ជំនួយដល់យើងតាមរយៈកូវ៉ាក់។

ខ្ញុំសូមជម្រាប​បន្ថែមថា ប្រសិនបើពុំមានការប្រែប្រួលទេ ខ្ញុំនឹងទទួលចាក់វ៉ាក់សាំងនៅម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី ៤ មីនា ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយមានការធ្វើសន្និសីទសារព័ត៌មានផងដែរ៕

អត្ថបទថ្មី
;