យានជំនិះយោធា ដែលធំសម្បើមបំផុតទាំង៥នៅលើពិភពលោក រយៈពេល១០០ឆ្នាំចុងក្រោយ
- 2021-04-22 00:52:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យានជំនិះយោធា ដែលធំសម្បើមបំផុតទាំង៥នៅលើពិភពលោក រយៈពេល១០០ឆ្នាំចុងក្រោយ
ចន្លោះមិនឃើញ
នៅប្រទេសណាក៏ដោយសុទ្ធតែមានគ្រឿងសព្វាវុធ ក៏ដូចជាយានជំនិះយោធាសម្រាប់ការការពារពីការឈ្លានពានរបស់សត្រូវ។ ប៉ុន្តែវាមិនមែនមានន័យថា គ្រប់ប្រទេសទាំងអស់មានឧបករណ៍យោធាទំនើបៗដូចគ្នាឡើយ ពោលគឺប្រទេសខ្លះជឿនលឿនខ្លាំង ហើយខ្លះទៀតក៏ខ្សត់ខ្សោយផ្នែកបច្ចេកវិទ្យាយោធាផងដែរ។
ខាងក្រោមនេះគឺជាយានជំនិះយោធាដ៏ធំបំផុតចំនួន៥ ដែលធ្លាប់បង្កើតឡើងក្នុងអំឡុងរយៈពេល១សតវត្សចុងក្រោយ៖
១. នាវាជ្រមុជទឹក Typhoon (ប្រទេសរុស្ស៊ី)
នាវាជ្រមុជទឹកប្រភេទ Typhoon ដ៏ធំមហិមានេះមានចំនួន ៦គ្រឿង។ នាវានីមួយៗមានប្រវែង១៧៥ម៉ែត្រ ហើយមានសមត្ថភាពផ្ទុកមីស៊ីលនុយក្លេអ៊ែរប៉ាលីស្ទិកបានចំនួន ២០គ្រាប់។ រាល់ការជ្រមុជទឹកម្ដងៗ វាអាចស្ថិតនៅក្រោមសមុទ្រចំនួន ៣ខែដោយគ្មានបញ្ហា។ Typhoon ត្រូវការនាវិកចំនួន ១៦០នាក់សម្រាប់ការបញ្ជាឲ្យដំណើរការ។ Typhoon បានលេចវត្តមានពេញលេញ និងត្រូវដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ១៩៨០។ ធ្លាប់មានគម្រោងធ្វើទំនើបកម្មនាវា Typhoon ជំនាន់ទី១ ប៉ុន្តែក្រោយមកក៏ត្រូវលុបចោលវិញនៅក្នុងឆ្នាំ២០១២ ដោយសារតែតម្លៃកែខៃថ្លៃខ្លាំងពេក។
២. នាវាដឹកយន្តហោះ USS Enterprise (សហរដ្ឋអាមេរិក)
ចាប់ដំណើរការនៅក្នុងឆ្នាំ១៩៦០ USS Enterprise គឺនាវាដឹកយន្តហោះចម្បាំងដ៏ធំបំផុតរបស់អាមេរិក ដែលធ្លាប់បង្កើតឡើងជាប្រវត្តិសាស្ត្រ ជាមួយប្រវែងវែងដល់ ៣៤២ម៉ែត្រ។ ក្នុងការបញ្ជាឲ្យ USS Enterprise ដំណើរការគឺត្រូវការសមាជិកនាវិកជំនាញចំនួន ៤៦០០នាក់។ អាមេរិកធ្លាប់មានបំណងបង្កើតប្រភេទនាវានេះឡើងឲ្យបានចំនួន ៦គ្រឿងដូចៗគ្នា តែព្រោះតម្លៃផលិតខ្ពស់ពេកទើបគម្រោងនាវាចំនួន៥គ្រឿងទៀតត្រូវលុបចោលទៅវិញ។ បន្ទាប់ពីបម្រើការអស់រយៈពេល៥១ឆ្នាំកន្លងទៅ នាវា USS Enterprise បានបញ្ឈប់ដំណើរការជាស្ថាពរហើយកាលពីឆ្នាំ២០១២។
៣. កាំភ្លើងយន្ត Schwerer Gustav (ប្រទេសអាល្លឺម៉ង់)
វាត្រូវបានបង្កើតឡើងក្នុងអំឡុងទសវត្សឆ្នាំ១៩៣០ ដោយមានទម្ងន់សរុបជិត ១៣៥០តោន។ Schwerer Gustav ជាប្រភេទកាំភ្លើងយន្ត ដែលរត់នៅលើផ្លូវរថភ្លើង ហើយត្រូវបានបញ្ជាឲ្យដំណើរការដោយអ្នកជំនាញ៥០០នាក់។ ចំពោះរយៈចម្ងាយបាញ់ម្ដងៗ វាអាចផ្លោងគ្រាប់បាន ៤៧គីឡូម៉ែត្រឯណោះ។
៤. រថក្រោះ Char 2C (ប្រទេសបារាំង)
បារាំងបានអភិវឌ្ឍរថក្រោះដ៏ធ្ងន់ និងធន់បំផុតនេះកាលពីកំឡុងសង្គ្រាមលោកលើកទី១។ ប្រវែងរបស់រថក្រោះនេះគឺ ១០,២៧ម៉ែត្រ ហើយទម្ងន់វិញគឺ ៦៩តោន។ វាត្រូវការការបញ្ជាពីមនុស្សចំនួន ១២នាក់។ Char 2C មានចំនួនផលិតសរុបតែ១០គ្រឿងប៉ុណ្ណោះនៅលើលោក។
៥. ឧទ្ធម្ភាគចក្រ Mil MI-26 (សហភាពសូវៀត)
Mil MI-26 គឺជាប្រភេទឧទ្ធម្ភាគចក្រដឹកជញ្ជូនដ៏ធំបំផុត ដែលធ្លាប់បានបង្កើតឡើង។ វាបានចាប់ដំណើរការបេសកកម្មលើកដំបូងនៅក្នុងឆ្នាំ១៩៧៧ ហើយមានសមត្ថភាពដឹកទំនិញបានដល់ទម្ងន់ ២០តោនឯណោះក្នុង១ជើងៗ។ ប្រភេទឧទ្ធម្ភាគចក្រនេះត្រូវបានប្រើប្រាស់មកទល់នឹងសព្វថ្ងៃ ហើយចំនួនផលិតសរុបមាន ៣១៦គ្រឿង បើគិតត្រឹមឆ្នាំ២០១៥៕