ខេត្តព្រះសីហនុក្លាយជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមុទ្រប្រទេសទាំង១១

  • 2021-12-01 03:54:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខេត្តព្រះសីហនុបានក្លាយជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី ៧ ក្រោមប្រធានបទ «បង្កើតទសវត្សរ៍ថ្មីនៃសុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច» នឹងចាប់ផ្តើមបើកជាផ្លូវការនៅថ្ងៃទី១ ខែធ្នូ នេះនៅខេត្តព្រះសីហនុ។ នៅរសៀលថ្ងៃនេះរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ នឹងចូលរួមជាអធិបតី និងថ្លែងសុន្ទរកថា ​បើក មហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧នេះ។

កម្ពុជាទទួលធ្វើម្ចាស់ផ្ទះនៃការ រៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ ចាប់តាំងពីការចូលជាសមាជិកនៃអង្គការអន្តរជាតិភាពជាដៃគូនៃការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា (PEMSEA) នៅឆ្នាំ ១៩៩៤។ មហាសន្និបាតដែលមានរយៈពេល ២ ថ្ងៃនេះ នឹងប្រព្រឹត្តទៅដោយមានការចូលរួមផ្ទាល់ និងការចូលរួមតាមរយៈប្រព័ន្ធបញ្ជូនសំឡេង និងរូបភាពពីបណ្តាប្រទេសជាសមាជិកនៃអង្គការ PEMSEA។

យោងតាមកម្មវិធី មហាសន្និបាតនេះនឹងមានសន្និសីទអន្តរជាតិ និងវេទិកាថ្នាក់រដ្ឋមន្ត្រី និងការធ្វើសន្និសីទសារព័ត៌មាន។ មហាសន្និបាតសមុទ្រអាស៊ីបូព៌ាត្រូវបានរៀបចំឡើងរៀងរាល់ ៣ ឆ្នាំមកដោយមានការចូលរួមពីប្រទេសជាសមាជិកនៃអង្គការអន្តរជាតិភាពជាដៃគូនៃការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា។ មហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៦ ត្រូវបានរៀបចំឡើងនៅប្រទេសហ្វីលីពីន។ ប្រទេសជាសមាជិកនៃអង្គការ PEMSEA មានចំនួន ១១ ក្នុងនោះរួមមាន កម្ពុជា សឹង្ហបុរី ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម ទីម័រ ចិន កូរ៉េខាងត្បូង កូរ៉េខាងជើង ជប៉ុន ព្រមទាំងមានអង្គការដៃគូជាច្រើនទៀត។

ទិដ្ឋភាពខេត្តព្រះសីហនុមើលពីលើនាពេលបច្ចុប្បន្ន

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា គោលបំណងសំខាន់ៗនៃការរៀបចំមហាសន្និបាតសមុទ្ររួមមាន៖

-ទី១) ចែករំលែកមេរៀនជាបទពិសោធន៍ តាមដានវឌ្ឍនភាពការងារកន្លងមក និងពង្រីកបន្ថែមនូវការអនុវត្តយុទ្ធសាស្ត្រ ដែលបានប្រតិបត្តិនៅថ្នាក់តំបន់ ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

-ទី២) បង្កើតនិងរៀបចំឡើងវិញនូវយន្តការគ្រប់គ្រងដែលមានស្រាប់ និងជំរុញបង្កើតឱកាសថ្មីៗបន្ថែមទៀត សម្រាប់ភាពជាដៃគូក្នុងតំបន់ តាមរយៈបច្ចេកវិទ្យា នវានុវត្តន៍ ការវិនិយោគ និងហិរញ្ញប្បទាន ដើម្បីបន្តនិរន្តភាពនៃបរិស្ថានតំបន់ឆ្នេរ និងសមុទ្រ។

-ទី៣) កំណត់នូវផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយ សម្រាប់ជាដំណោះស្រាយចំពោះបញ្ហាសមុទ្រនាទស្សវត្សន៍ខាងមុខ ដោយអនុលោមទៅតាមផែនការមួយទសវត្សរ៍ របស់អង្គការសហប្រជាជាតិ នៃវីទ្យាសាស្រ្តមហាសមុទ្រ របៀបវារៈរបស់អង្គការសហប្រជាតិឆ្នាំ២០៣០ អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងក្របខ័ណ្ឌជីវៈចម្រុះសកលក្រោយឆ្នាំ២០២០ ព្រមទាំងបណ្តាក្របខ័ណ្ឌពាក់ព័ន្ធនានា។

អ្នកនាំពាក្យក្រសួងបរិស្ថានបន្ថែមថា មហាសន្និបាតសមុទ្រអាស៊ីបូព៌ានេះគឺជាមោទកភាពសម្រាប់កម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតដ៏មានសារៈសំខាន់នេះ ដែលរៀបចំឡើងក្នុងគោលបំណងពិនិត្យលើផែនការការងារដែលបានសម្រេចអនុម័តកន្លងមក និងផែនការទិសដៅដែលត្រូវធ្វើជាបន្តបន្ទាប់ រួមទាំងការគិតគូរពីមូលនិធិដែលត្រូវយកមកអនុវត្តដើម្បីការពារនិងអភិរក្សសមុទ្រនៅតំបន់អាស៊ីបូព៌ា៕

អត្ថបទថ្មី
;