កញ្ញា ថូង ធីតា បង្កើតសហគ្រាសផលិតអំបិលធម្មជាតិ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ
- 2021-12-17 04:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កញ្ញា ថូង ធីតា បង្កើតសហគ្រាសផលិតអំបិលធម្មជាតិ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ
ចន្លោះមិនឃើញ
កម្មវិធី Starting Up ឈានចូលដល់សប្ដាហ៍ទី២១ ដែលប្រិយមិត្តអាចទទួលបានបទពិសោធន៍ពីការបើកអាជីវកម្ម ពីភ្ញៀវកិត្តិយស ដែលជាស្ថាបនិក សហគ្រាសផលិតអំបិលធម្មជាតិ ថូង អ៊ិនធ័រប្រាយស៍។ កញ្ញា ថូង ធីតា បានបើកកកាយជីវប្រវត្តិ ការសិក្សា បទពិសោធន៍ការងារ ដំណើរជីវិតនិងដើមទងនៅពេលបើកអាជីវកម្មដំបូង។
កញ្ញា ថូង ធីតា ជានិស្សិតដែលបានថ្នាក់បញ្ចប់បរិញ្ញាប័ត្រជាន់ខ្ពស់ មកពីសាកលវិទ្យាល័យភូមិន្ទនិតីសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ កញ្ញា ជាកូនស្រីអ្នកកសិករធ្វើអំបិលជាង៣០ឆ្នាំ។ ដោយសារមានចិត្តចង់លើកស្ទួយវិស័យកសិកម្មផលិតអំបិល កញ្ញា ធីតា បានបំលែងពីអាជីវកម្មលក្ខណៈគ្រួសារ មកជាសហគ្រាសសង្គមធុនមធ្យមឆ្នាំ ២០១៧។
ការបំលែងពីអាជីវកម្មផលិតអំបិលលក្ខណៈគ្រួសារ មកជាសហគ្រាសធុនមធ្យម ដើម្បីធានាឲ្យបាននូវជំហររឹងមាំ ជួយបង្កើតការងារដល់កសិករច្រើនជាង ២៥ គ្រួសារក្នុង សហគមន៍ផលិតអំបិលនៅខេត្តកំពត។ អំបិលធម្មជាតិដែលផលិតដោយសហគ្រាសរបស់ កញ្ញាធីតា ត្រូវបានផលិតឡើងតាមបែបប្រពៃណីធម្មជាតិ ប្រកបដោយគុណភាព និងអនាម័យខ្ពស់ និងមិនមែនជាអំបិលគីមីកែច្នៃនោះទេ។
កញ្ញាធីតា បានបន្តទៀតថា ខ្មែរយើងមានប្រវត្តិផលិតអំបិលតាំងពីសម័យអង្គរមកម្ល៉េះ ដោយនៅក្នុងខេត្តកំពត បានផលិតអំបិលនៅកំឡុងសម័យសង្គមរាស្រ្តនិយម។ កំពត ជាខេត្តខ្មែរដែលមានទីតាំងភូមិសាស្រ្តអំណោយផល ដល់ការផលិតអំបិល។ សហគ្រាសរបស់ កញ្ញា ធីតា ផលិតបាននូវអំបិលគ្រួស អំបិលម៉ត់ និងផ្កាអំបិល។ ចំពោះផ្កាអំបិល គឺមានផលលំបាកបន្តិចក្នុងការផលិត ប៉ុន្តែពេញនិយមនៅទីផ្សារអឺរ៉ុប ហើយមានតម្លៃថ្លៃជាងអំបិលធម្មតា។
អ្វីដែលជាចំណុចពិសេស ចំពោះអំបិលដែលផលិតដោយ សហគ្រាសផលិតអំបិលធម្មជាតិ ថូង អ៊ិនធ័រប្រាយស៍ គឺគុណភាព និង ស្តង់ដារ។ មួយវិញទៀត អំបិលត្រូវបានផលិតឡើងតាមបែបប្រពៃណី ប្រកបដោយភាពម៉ត់ចត់ គិតគូរខ្ពស់ដល់សុខភាពរបស់អ្នកបរិភោគ។ កញ្ញា ធីតា បានជម្រុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ជួយគាំទ្រផលិតផលនៅក្នុងស្រុក ព្រោះគុណភាពមិនចាញ់ផលិតផលដែលនាំចូលពីក្រៅប្រទេសនោះទេ ហើយថែមទាំងអាចជួយម្ចាស់សហគ្រាសនានា អាចដើរបន្តទៅមុខទៀត។
ជាចុងក្រោយ កញ្ញា ធីតា មានពាក្យពេចន៍ខ្លះផ្តែផ្តាំទៅកាន់អ្នកចង់ចាប់ផ្តើមអាជីវកម្មដំបូង គប្បីសិក្សាក្រេបយកចំណេះជំនាញ ពីរាមច្បងដែលមានបទពិសោធន៍ចាស់វស្សា ទាំងបទពិសោធន៍បរាជ័យផង និង ជោគជ័យផង។ បន្ថែមលើនោះ ការស្គាល់ខ្លួនឯង និងដឹងផែនការអាជីវកម្មជាចំណុចសំខាន់ ហើយត្រូវតែបន្តសិក្សាអភិវឌ្ឍន៍ខ្លួនឯងឱ្យកាន់តែខ្លាំងឡើងបន្ថែមទៀត៕
សូមទស្សនាវីដេអូខាងក្រោម៖