រដូវ​បើក​នេសាទ ចាប់ផ្តើម​វិញហើយ ខណៈ​មន្ត្រី​ជំនាញ​ថា ផលត្រី ឆ្នាំនេះ នឹង​កើនឡើង

  • 2017-10-06 10:14:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក អេង ជាសាន ប្រធាន​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប្រកាស​ថា ចាប់ពី​ពេលនេះ​តទៅ រដ្ឋបាល​ជលផល បាន​បើកឲ្យ​ប្រជា​ពលរដ្ឋ ធ្វើ​សកម្មភាព​នេសាទ​ឡើងវិញ​ហើយ ក្រោយ​បិទ​រដូវ​នេសាទ​ជាង ៣ខែ​កន្លង​មក។

លោក​បញ្ជាក់​ថា តាមការ​ប៉ាន់​ស្មាន នៅឆ្នាំ ២០១៧នេះ បរិមាណ​ផលត្រី នៅតាម​ដង​ទន្លេ​នានា ក្នុង​ប្រទេស​កម្ពុជា​ អាចនឹង​កើនជាង​ឆ្នាំ​ទៅ ដោយសារ​តែ​កម្ពស់​ទឹក​ទន្លេសាប និង​អាកាសធាតុ​អំណោយផល​ល្អ គួរ​ឱ្យកត់​សម្គាល់។ បច្ចុប្បន្ន ជា​មធ្យម ប្រជា​នេសាទ​ម្នាក់ ចាប់ត្រី​បាន​ចន្លោះ​ពី ១០ ទៅ ២០​គីឡូក្រាម ក្នុង១​ថ្ងៃ។

រូបថត៖ អង្គការ WWF
លោក អេង ជាសាន បន្ត​ថា ការ​វាស់ស្ទង់​អំពី​បរិមាណ​ត្រី​ក្នុង​ផ្ទៃទឹក​ទន្លេសាប ទន្លេ​មេគង្គ​លើ ដែលក្រុម​មន្រ្តី​ជំនាញ បាន​ចុះ​ពិនិត្យ​សិក្សា​នាពេល​ថ្មីៗ បង្ហាញ​ថា បរិមាណ​ត្រី​នៅ​ឆ្នាំ​នេះ នឹង​មាន​ការ​កើនឡើង​ខ្ពស់​ជាង​ឆ្នាំមុន។ កាលពី​ឆ្នាំមុន កម្ពុជា​ទទួលបាន​ទិន្នផល​នេសាទ​ត្រី​សរុប​ជាង ៨០,២ម៉ឺន​តោន គិតទាំង​វារីវប្បកម្ម ឬ​ត្រី​ចិញ្ចឹម។ ក្នុងនោះ ការ​នេសាទ​ធម្មជាតិ​តាម​ទន្លេ មាន​ប្រមាណ ៥០,៤ម៉ឺន​តោន។

ជាមួយ​គ្នា​នោះ ប្រធាន​រដ្ឋបាល​ជលផល បាន​បន្ថែម​ថា កន្លងមក​នេះ ក៏មាន​ការ​បង្ក្រាប​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ​ជា​ប្រចាំ ព្រមទាំង​ផ្សព្វផ្សាយ​អប់រំ​ណែនាំ និង​ការពារ​អភិរក្ស​ដែន​នេសាទ​សហគមន៍​តាម​មូលដ្ឋាន។ ក្នុង​នោះ មន្រ្តី​រដ្ឋបាល និង​មន្ត្រី​ជំនាញ បាន​បង្រ្កាប​សកម្មភាព​នេសាទ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ចំនួន ២ពាន់​ករណី និង​រឹបអូស​ដក​យក​ឧបករណ៍​នេសាទ ប្រភេទ​ស្បៃមុង ដុត​បំផ្លាញ​ចោល​ជាង ១លាន ៣សែន​ម៉ែត្រ​ផងដែរ៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;