រកឃើញម្ហូបអាហារមានសារធាតុគីមីជិត ១០០គីឡូក្រាម ក្នុងពិព័រណ៍ផលិតផលថៃ
- 2019-04-29 03:38:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញម្ហូបអាហារមានសារធាតុគីមីជិត ១០០គីឡូក្រាម ក្នុងពិព័រណ៍ផលិតផលថៃ
ចន្លោះមិនឃើញ
មន្ត្រីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង សហការណ៍ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរក្រុង បានចុះត្រួតពិនិត្យទំនិញនៅតាមស្តង់នានាក្នុងពិព័រណ៍ផ្សារណាត់ថៃ ដោយរកឃើញម្ហូបអាហារផ្ទុកសារធាតុគិមីហាមឃាត់ប្រមាណជិត ១០០គីឡូក្រាម។ ក្រោយពីរកឃើញ មន្ត្រីជំនាញបានយកម្ហូបអាហារទាំងនោះ ទៅដុតកម្ទេចចោលភ្លាមៗ កាលពីល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩។
លោកគឹម ប្រុស ប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះគឺផ្តោតសំខាន់ទៅលើទំនិញវេចខ្ចប់ស្រាប់ ភេសជ្ជៈ និងចំណីអាហារដែលដាក់តាំងលក់ក្នុងពិព័រណ៍ផលិតផលថៃ ដើម្បីពិនិត្យគុណភាពសុវត្ថិភាពចំនីអាហារ ក្នុងគោលបំណងទប់ស្កាត់ការដាក់លក់ទំនិញខូចគុណភាពដែលបណ្តាលឲ្យប៉ះពាល់សុខភាពអ្នកបរិភោគទូទៅ។
លោកបានបន្តថា ការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់ទៅលើចំណីអាហារដូចជាប្រហិតគ្រប់មុខ មឹក និងបង្គាស្រស់ជាដើម។ ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញ និងដកហូតទំនិញមិនប្រក្រតីមួយចំនួនយកទៅដុតកម្ទេចចោល សរុប ៩៣គីឡូក្រាម រូមមាន ប្រហិតគ្រប់មុខហួសការបរិច្ឆេទប្រើប្រាស់ចំនួន ៣៣គីឡូក្រាម និងមឹកស្រស់ចំនួន ៦០គីឡូក្រាម។
ទំនិញទាំងនោះ មានដាក់សារធាតុគិមីម្យ៉ាងហៅថា «ហ្វ័រម៉ាលីន» ដែលថ្នាំប្រភេទនេះគេដាក់ក្នុងចំណីអាហារដើម្បីទុកឲ្យបានយូរនិងត្រូវគេប្រើសម្រាប់ថែរក្សាសាកសព។ គេមិនត្រូវយកមកប្រើក្នុងចំណីអាហារបែបនេះឡើយ ពីព្រោះថាវានាំអោយប៉ះពាល់អ្នកទទួលទាន។
ទន្ទឹមនឹងនោះលោកប្រធានសាខាកាំកុងត្រួលខេត្តក៏បានធ្វើការណែនាំដល់អាជីវករទាំងអស់ សូមបញ្ឈប់ការដាក់លក់ទំនិញខូចគុណភាព និងជៀសវាងការប្រើប្រាស់សារធាតុគីមីបន្ថែមទៅលើផលិតផលម្ហូបអាហារ៕