មកដឹង ការពិតគួរឲ្យចាប់អារម្មណ៍ទាំង ៦យ៉ាងពីស្រីលង្កា មិនសូវមានអ្នកដឹង
- 2019-08-13 08:51:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹង ការពិតគួរឲ្យចាប់អារម្មណ៍ទាំង ៦យ៉ាងពីស្រីលង្កា មិនសូវមានអ្នកដឹង
ចន្លោះមិនឃើញ
ស្រីលង្កាជាប្រទេសដែនកោះមួយនៅអាស៊ីខាងត្បូងនៃសមុទ្រឥណ្ឌា ដែលមានប្រជាជនប្រមាណជា ២១,៤៤លាននាក់ (ស្ថិតិធនាគារពិភពលោកឆ្នាំ ២០១៧)។ លើសពីនេះទៀត ប្រទេសស្រីលង្កា បានទទួលភាពល្បីល្បាញជាប្រទេសដែលសម្បូរដោយបេតិកភណ្ឌវប្បធម៌ ហើយប្រជាជនភាគច្រើនកាន់សាសនាព្រះពុទ្ធ។ យ៉ាងណាមិញ នៅមានរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍មួយចំនួនទៀតពីប្រទេសដែនកោះមួយនេះដែលមិនសូវមានអ្នកចាប់អារម្មណ៍។
ដូច្នេះខាងក្រោមនេះ គឺជាការពិតគួរឲ្យចាប់អារម្មណ៍ទាំង ៦យ៉ាងពីស្រីលង្កា មិនសូវមានអ្នកដឹង ៖
១. ស្រីលង្កាមាននាយករដ្ឋមន្ត្រីជាស្ត្រីភេទដំបូងគេបង្អស់ក្នុងពិភពលោក
អ្នកស្រី Sirima R. D. Bandaranaike បានក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសស្រីលង្កាចំនួនបីអាណត្តពីឆ្នាំ ១៩៦០-១៩៦៥, ១៩៧០-១៩៧៧ និង ១៩៩៤-២០០០។ ក្រោយបញ្ចប់ការសិក្សា អ្នកស្រីបានចូលរួមសកម្មភាពសង្គមជាច្រើនមុនពេលរៀបអាពាហ៍ពិពាហ៍បង្កើតគ្រួសារ។ អ្នកស្រី បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីក្រោយពេលដែលស្វាមីកំពុងកាន់តំណែង ត្រូវបានគេធ្វើឃាតកាលពីឆ្នាំ ១៩៥៩។
២. ស្រីលង្កាត្រូវបានគេហៅថាជា "ដំណក់ទឹកភ្នែករបស់ឥណ្ឌា”
ដោយសារសណ្ឋានផ្ទៃដីរបស់ប្រទេសដែនកោះមួយនេះ វាត្រូវបានគេហៅឈ្មោះក្រៅថាជា "ដំណក់ទឹកភ្នែករបស់ឥណ្ឌា”។ ប្រទេសនេះ ត្រូវបានកាត់ផ្ដាច់ពីឧបទ្វីបឥណ្ឌាដោយឈូងសមុទ្រ Mannar និង Palk Strait។
៣. មានដើមពោធិព្រឹក្សដែលមានអាយុកាលច្រើនបំផុតដាំដោយមនុស្ស
ដើមពោធិព្រឹក្សមួយក្នុងប្រទេសស្រីលង្កា ត្រូវបានគេទទួលស្គាល់ថាមានអាយុកាលច្រើនឆ្នាំបំផុតនៅក្នុងពិភពលោក។ ដើមនេះ ត្រូវបានគេជឿថាមានអាយុកាល ២ ៣០០ឆ្នាំដែលដាំនៅក្នុងទីក្រុង Anuradhapura កាលពី ២៨៨ឆ្នាំមុនគ.ស។
៤. មានសត្វលើគោក និងក្នុងទឹកធំបំផុត
បើទោះបីជាមានផ្ទៃដីតូច និងភូមិសាស្ត្រកាត់ផ្ដាច់ចេញពីអាស៊ីដីគោកយ៉ាងណាក្ដី ស្រីលង្កាជាប្រទេសដែលមានសត្វរស់លើគោកធំជាងគេបំផុត (ដំរី) និងសត្វក្នុងទឹកធំបំផុត (ត្រីបាឡែនខៀវ)។
៥. ជាប្រទេសដែលមានទេសភាពស្អាតបំផុតមួយក្នុងពិភពលោក
ស្រីលង្កាជាគោលដៅទេសចរដ៏សំខាន់បំផុតមួយក្នុងពិភពលោក ដោយសារទេសភាពដ៏ស្រស់ស្អាតបំផុត និងគួរឲ្យទាក់ទាញ។ ក្រៅពីតំបន់ភ្នំ និងទឹកជ្រោះធម្មជាតិ ស្រីលង្កាមានតំបន់អេកូទេសចរព្រៃកោងកាងជាង ៧ពាន់ហិចតា ក៏ដូចជាជីវចម្រុះរួមជាមួយផ្កាថ្មនៅក្នុងសមុទ្រផងដែរ។
៦. ប្រជាជនស្រីលង្កាភាគច្រើនស្រឡាញ់បក្សី
ដោយសារប្រជាជន មានជំនឿថាសត្វបក្សីនឹងនាំសំណាងឲ្យពួកគេ ផ្ទះនៅក្នុងភូមិជាច្រើន ត្រូវបានគេធ្វើសម្បុកសម្រាប់សត្វបក្សីមកទំនៅ។ លើសពីនេះទៀត ក្ងោកត្រូវបានគេចាត់ទុកថាជាសត្វពិសិដ្ឋដែលពលរដ្ឋគោរពបូជាដូចជាព្រះ៕