លះបង់​ភាព​ហ៊ឺហារ​ជា​តារា​ លោក លំ សុក្រិត ទៅ​អង្គុយ​លក់​ស្បែក​ជើង​ជជុះ​ធ្វើ​មុខ​ស្ងួត

  • 2019-09-05 02:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រមាណ​២​ខែ​មុន អតីត​តារា​ចម្រៀង​ផលិតកម្ម Rock លោក លំ សុក្រិត បាន​ឲ្យ​តម្រុយ​ថា​រូប​លោក និង​មិត្ត​រួម​អាជីព​លោក ជេក នឹង​ចេញ​ចម្រៀង​ថ្មី ក្រោយ​ស្ងប់​ស្ងាត់​ប៉ុន្មាន​ឆ្នាំ។ ប៉ុន្តែ​ថ្មី​ៗ​នេះ គេ​ស្រាប់​តែ​ឃើញ​លោក ទៅ​លក់​ស្បែក​ជើង​នៅ​ទួលគោក​ទៅ​វិញ។

លោក លំ សុក្រិត ខ្លួន​ឯង​បាន​បញ្ចេញ​ព័ត៌មាន​នេះ ដោយ​លោក​បាន​បង្ហោះ​រូប​ភាព​ថ្មី​ៗ​បង្ហាញ​ពី​លោក​អង្គុយ​លក់​ស្បែក​ជើង​ប្រភេទ​ជជុះ​ក្នុង​ទឹក​មុខ​ស្ងួត ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល។ តាម​រូបភាព​ប៉ុន្មាន​សន្លឹក​នោះ សុក្រិត បាន​សរសេរ​សារ​ភ្ជាប់​ដោយ​អះអាង​ថា ទំនិញ​របស់​លោក​ទើប​មក​ដល់​ថ្មី ល្អ​ៗ​ប្រភេទ​ក្បាល​គីប។

ជុំវិញ​បញ្ហា​នេះ តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ធំ​ប្រាប់​ Sabay ថា លោក​ពិត​ជា​លក់​ស្បែក​ជើង ប៉ុន្តែ​ថា លោក​បាន​ប្រកប​របរ​នេះ​យូរ​ឆ្នាំ​ហើយ មិន​មែន​ទើប​ថ្មី​ៗ​នេះ​ទេ។ "តាម​ពិត​ខ្ញុំ​លក់​យូរ​ហើយ​បង តាំង​ឆ្នាំ ២០១៤ ប៉ុន្តែ​ទើប​តែ​ឥឡូវ​ចេះ Post”។

លំ សុក្រិត បាន​ឲ្យ​ដឹង​ទៀត​ថា តាំង​ពី​ស្ងប់ស្ងាត់​ការងារ​ចម្រៀង​មក គឺ​លោក​បាន​មក​​ប្រកប​របរ​នេះ​រហូត ក្នុង​នោះ​លោក​ប្រាប់​មូលហេតុថា លោក​ជ្រើសរើស​មុខ​របរ​លក់​ស្បែក​ជើង​នេះ គឺ​ដោយ​សារ​តែ​លោក​ជា​មនុស្ស​ម្នាក់​និយម​របស់​ប្រើ​ប្រាស់​ប្រភេទ​មួយ​ទឹក។ ផ្សំ​នឹង​លោក​ជា​អ្នក​ពូកែ​លេង​ម៉ូដ​ស្រាប់​ផង ទើប​លក់​យល់​ថា​របរ​នេះ​ល្អ ហើយ​ក៏​ចាប់​ផ្ដើម​ចេញ​រក​ស៊ី​តែ​ម្ដង។

ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ម្ចាស់​អាជីវកម្ម ប្រាប់​ថា មុខ​របរ​របស​លោក បាន​ឲ្យ​ផល​តិកតក់ មិន​ទាន់​ឲ្យ​ផល​អ្វី​ដុំ​កំភួន​ទេ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី សុក្រិត បាន​បង្ហើប​ថា មក​ដល់​បច្ចុប្បន្ន​របរ​លក់​ស្បែក​ជើង​ជជុះ​របស់​លោក​ដែល​មាន​យីហោ "ផ្ទះ​ក្បាល​គីប" ពង្រីក​បាន ៤សាខា ហើយ។ ទីតាំង​ដំបូង​ដែល​លោក​បើក​ដំណើរ​ការ គឺ​នៅ​ទួលគោក ជា​ទីតាំង​បោះដុំ​ធំ​ទៅ​សាខា​នៅ​ខេត្ត។

បន្ត​មក​ទៀត​លោក​បាន​បន្ត​ទៅ​បើក​នៅ​ខេត្ត​ព្រះវិហារ រួច​បន្ត​មក​ កំពង់ធំ និង​ចុង​ក្រោយ​គេ គឺ​នៅ​តាខ្មៅ។ លោក លំ សុក្រិត ប្រាប់​ថា បើ​ដំណើរ​ការ​កាន់​តែ​ល្អ លោក​គ្រោង​នឹង​បើក​នៅ​ទីតាំង​តាម​ខេត្ត​ ក្រុង ផ្សេង​ៗ​បន្ត​ទៀត។ បើ​ទោះ​ជា​ក្នុង​រូប គេ​ឃើញ​លោក លំ សុក្រិត អង្គុយ​លក់ ប៉ុន្តែ​សាមី​ខ្លួន​ប្រាប់​ថា លោក​មិន​បាន​នៅ​លក់​ដោយ​ផ្ទាល់​នោះ​ទេ គឺ​លោក​មាន​បុគ្គល​របស់​លោក​ជា​អ្នក​លក់​។

ដោយ​ឡែក​លោក គ្រាន់​តែ​មើល​ការ​ខុស​ត្រូវ​ពី​ខាង​លើ និង​គ្រប់​គ្រង​ទៅ​លើ​ការ​នំា​ចូល​ឥវ៉ាន់​តម្រូវ​តាម​ទីផ្សារ​ប៉ុណ្ណោះ។ ដោយ​ឡែក​ការងារ​សិល្បៈ ដែល​លោក​ឲ្យ​តម្រុយ​ប្រមាណ​ជាង​១​ខែ​មុន គឺ​លោក​ក៏​បាន​ចេញ​បទ​ថ្មី​រួច​ហើយ​ដែរ ដោយ​បទ​នោះ​មាន​ចំណង​ជើង​ថា "ឯការ​ទេ​អូន" ដែល​ទទួល​បាន​ការ​គាំទ្រ​គួរ​សម៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី
;