អារ៉ាប៊ីសាអ៊ូឌីត ​គ្រោង​នាំចូល​ប្រេង ហ្គាស និង​ទំនិញ​ប្រើប្រាស់​មកកម្ពុជា

  • 2019-09-10 02:54:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា និង​អារ៉ាប៊ីសាអ៊ូឌីត បានស្វែង​រកការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​ថែមទៀត ដើម្បី​បម្រើការ​អភិវឌ្ឍ​កំណើន​សេដ្ឋកិច្ច និង​ឧត្តមប្រយោជន៍​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ខណៈ​ដែល​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី កាលពី​ឆ្នាំ២០១៨ សម្រេច​បាន​ទឹកប្រាក់​ត្រឹមតែ ១២,៧៧លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

ការ​ព្រមព្រៀង​ខាងលើ ត្រូវបាន​ធ្វើឡើង​តាម​រយៈ​ជំនួប​ពិភាក្សា​រវាង លោក កឹម ស៊ីថន រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​ពាណិជ្ជកម្ម និង​លោក សៅ អែហ្វអិម អាល់ ស៊ូវ៉េលីម (Saud F.M. Al Suwelim) ឯកអគ្គរាជទូត​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​ទីស្តីការ​ក្រសួង កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី០៥ ខែ​កញ្ញា ឆ្នាំ​២០១៩។

នៅក្នុង​ជំនួប លោក កឹម ស៊ីថន បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ លោក​ឯកអគ្គរាជទូត ដែលមាន​គម្រោង​នាំចូល​ផលិតផល​ប្រេង(សាំង) ហ្គាស និងទំនិញ​ប្រើប្រាស់​ដទៃទៀត ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត មកកាន់​ប្រទេស​កម្ពុជា និងបាន​ស្នើសុំ​ភាគី​ទាំងពីរ​ចុះកិច្ចព្រមព្រៀង​ពីរ គឺ៖ ១)កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម និង២)កិច្ចព្រមព្រៀងស្តីពីកិច្ចការពារវិនិយោគទៅវិញទៅមក ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំងពីរ។

លោក​រដ្ឋលេខាធិការប្រចាំការ ក៏បានស្នើ​ឯកអគ្គរាជទូត ជួយកៀងគរវិនិយោគិន និងធុរជន ព្រមទាំងប្រជាជនអារ៉ាប៊ីសាអូឌីត ចូលមកទស្សនាប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីសក្តានុពលវិនិយោគ និងឱកាសធ្វើធុរកិច្ច ក៏ដូចជាវិស័យទេសចរណ៍ និងវប្បធម៌ ដោយសារតែកម្ពុជា សម្បូរទៅដោយតំបន់ទេសចរណ៍បែបធម្មជាតិ និងបែបវប្បធម៌ប្រវត្តិសាស្ត្រ ជាច្រើន។

ជាការឆ្លើយតប លោក សៅ អែហ្វអិម អាល់ ស៊ូវ៉េលីម បានថ្លែងអំណរគុណ លោក​រដ្ឋលេខាធិការ ដែលបានផ្តួចផ្តើមឱ្យមានការចុះកិច្ចព្រមព្រៀងទាំងពីរខាងលើ ហើយតាមរយៈឯកសារនេះ អារ៉ាប៊ីសាអូឌីត សង្ឃឹមថានឹងជួយបង្កើនការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមក រវាងស្ថាប័នរដ្ឋ និងវិស័យឯកជននៃប្រទេសទាំងពីរ។

ទន្ទឹមគ្នានោះដែរ ​លោក​ឯកអគ្គរាជទូត ក៏បានគូស​បញ្ជាក់​ថា បច្ចុប្បន្ន​ប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវការកម្លាំងពលកម្មច្រើនពីកម្ពុជា និងមានបំណងនាំចូលផលិតផលកសិកម្មរបស់កម្ពុជា ដូចជាអង្ករ ដំឡូងមី ជ័រកៅស៊ូ ម្រេច និងវត្ថុធាតុដើមផ្សេងទៀត ទៅផ្គត់ផ្គង់តម្រូវការទីផ្សាររបស់ខ្លួនផងដែរ ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគី៕

អត្ថបទ និងរូបថត៖ ក្រសួង​ពាណិជ្ជកម្ម

អត្ថបទថ្មី
;