ទូតជប៉ុនថ្មី ប្ដេជ្ញាជំរុញអ្នកវិនិយោគ និងទេសចរឱ្យមកកម្ពុជាកាន់តែច្រើន
- 2019-10-10 08:08:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូតជប៉ុនថ្មី ប្ដេជ្ញាជំរុញអ្នកវិនិយោគ និងទេសចរឱ្យមកកម្ពុជាកាន់តែច្រើន
ចន្លោះមិនឃើញ
លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជា បានប្ដេជ្ញាថានឹង ជួយជំរុញអ្នកវិនិយោគ និងភ្ញៀវទេសចរឱ្យមកវិនិយោគ និងទស្សនាកម្សាន្តនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ ការលើកឡើងនេះ ក្នុងជំនួបពិភាក្សាជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលថ្ងៃទី០៩ ខែតុលា នៅស្ដីការក្រសួងទេសចរណ៍។
ជាក់ស្តែងកាលពី ឆ្នាំ២០១៨កន្លងមក ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ ៦លាន២សែននាក់ មានភ្ញៀវទេសចរជប៉ុនជាង ២០ម៉ឺននាក់ ដោយឡែកសម្រាប់៧ខែ ដើមឆ្នាំ២០១៩នេះ កម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុនសរុប ១៤ម៉ឺននាក់ ហើយភ្ញៀទេសចរជប៉ុននៅតែជាភ្ញៀវទេសចរដែលមានកំណើនសម្រាប់តំបន់ខេត្តសៀមរាប»។
បន្ថែមលើនេះ លោករដ្ឋមន្ត្រីបានស្នើឲ្យភាគីជប៉ុនជួយសិក្សារៀបចំខេត្តសៀមរាប ជាពិសេសក្រុងសៀមរាប និងក្រុងបាត់ដំបង ជាទីក្រុងឆ្លាតវៃ (Smart City) ព្រោះភាគីជប៉ុនមានបច្ចេកវិទ្យាខ្ពស់ ក៏ដូចជាបទពិសោធន៍ក្នុងការរៀបចំកិច្ចការទាំងអស់នេះ។ ព្រមជាមួយនឹងការជំរុញឲ្យមានការវិនិយោគលើវិស័យទេសចរណ៍កាន់តែច្រើន។
ជាកិច្ចឆ្លើយតប លោកឯកអគ្គរាជទូតថ្មីរបស់ជប៉ុន បានទទួលយកសំណូមពររបស់លោករដ្ឋមន្ត្រី ក៏ដូចជាជំរុញឲ្យអ្នកវិនិយោគ ក៏ដូចជាវិស័យឯកជននានារបស់ជប៉ុន មកវិនិយោគលើវិស័យទេសចរណ៍បន្ថែមទៀត ពិសេសជំរុញនូវលំហូរភ្ញៀវទេសចរជប៉ុនមកកាន់កម្ពុជាផងដែរ៕