សម្តេច ហ៊ុន សែន សូម​អធ្យាស្រ័យ​ចំពោះ​បញ្ហា​ប្រឈម​មួយ​ដែល​អាច​កើតឡើង​នាពេល​ខាងមុខ

  • 2019-11-07 04:48:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅព្រឹក​ថ្ងៃទី ៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ នៅក្នុង​ពិធីប្រកាស​ផ្សព្វផ្សាយ​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ ២០១៩-២០២៣ នៅសណ្ឋាគារ​សុខា​ភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមាន​ប្រសាសន៍​អភ័យទោស​ទុកមុន​ចំពោះ​បងប្អូនប្រជាពលរដ្ឋ និង​ពាណិជ្ជករ ចំពោះ​កង្វល់​នៃកង្វះអគ្គិសនី​ដែលអាច​កើតមាន​ឡើង​នាពេលខាងមុខ។

ការផលិត​អគ្គីស​នីដោយថាមពលទឹក​អាចជួបនឹង​បញ្ហាដោយ​សារកម្រិត​ទឹកធ្លាក់​ចុះ​ទាបទៅៗ។

វារីអគ្គិសនី​គឺត្រូវការទឹក រីឯសូឡា (solar) គឺត្រូវការ​ពន្លឺព្រះអាទិត្យ។ តាមការបញ្ជាក់ពីក្រសួងរ៉ែ និងថាមពល កាល​ពី​ម្សិលមិញ គឺការ​ផលិត​ថាមពល​អគ្គីសនី​ដើរដោយកម្លាំង​ទឹកដែលមាន​កម្លាំងប្រមាណ ១៣២៨ មេហ្គាវ៉ាត់ ធ្លាក់ចុះ​មកត្រឹម ១៨៤-១៨៧ មេហ្គាវ៉ាត់​តែប៉ុណ្ណោះ ដែលការ​ធ្លាក់ចុះនេះ​មិនទាន់​ដល់ខែប្រាំងផង ដូច្នេះ​យើង​អាចនឹង​ប្រឈម​នឹងបញ្ហា​ក្នុងការ​ផលិត​អគ្គីសនី។

សម្តេចតេជោ បានបញ្ជាក់​ផងដែរថា កម្ពុជាបានបញ្ជាទិញថាមពលអគ្គីសនីប្រមាណ ២០០មេហ្គាវ៉ាត់ពីប្រទេសឡាវដើម្បីដោះស្រាយបញ្ហានេះ។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលបានបញ្ជាទិញម៉ាស៊ីនផលិតថាមពលអគ្គីសនីចំនួន២ ដែលមានអនុភាពផលិតកម្លាំង ៤០០ មេហ្គាវ៉ាត់ ដែលនឹង​ដាក់នៅ​ទីតាំង​ល្វាឯម ខេត្ត​កណ្តាល ដើម្បី​ដោះស្រាយ​កង្វះអគ្គិសនីនៅក្នុងរាជធានីភ្នំពេញ។ «យើងសង្ឃឹមថាការរៀបចំដំឡើងនឹងរួចរាល់នៅខែមេសា ឬឧសភា ឆ្នាំ២០២០ ដែលត្រូវចំណាយថវិកាប្រមាណជិត ៤០០ លានដុល្លាអាមេរិក (ម៉ាស៊ីអគ្គីសនី ២០០មេហ្គាវ៉ាត់ ទិញមកពីប្រទេសអាល្លឺម៉ង់ និង ម៉ាស៊ីអគ្គីសនី ២០០ មេហ្គាវ៉ាត់មួយទៀតទិញមកពីប្រទេសហ្វាំងឡង់»។

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យ​រដ្ឋមន្ត្រីនៃក្រសួងរ៉ែ និងថាមពល បង្កើនចំនួនកម្មករធ្វើការងារទាំងយប់ទាំងថ្ងៃនៅការដ្ឋាន ដើម្បីឈានឲ្យគម្រោងរៀបចំអគ្គីសនីនេះអាច បានដំណើរការលឿនឆាប់ៗ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ម្ចាស់សណ្ឋាគារទាំងឡាយ សូមប្រើប្រាស់ម៉ាស៊ីអគ្គីសនីផ្ទាល់ខ្លួនបណ្តោះអាសន្នសិន ក្នុងករណីមានបញ្ហាអគ្គីសនី ទម្រាំរដ្ឋាភិបាលរៀបចំរួចរាល់ហើយ៕

អត្ថបទ និងរូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

អត្ថបទថ្មី
;