ទូតអាមេរិក សន្យា​គាំទ្រ​រឿងមួយ​ក្នុងជំនួបជាមួយ​អគ្គមេបញ្ជាការ​កម្ពុជា

  • 2019-12-04 02:01:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហរដ្ឋអាមេរិក បាន​សន្យាគាំទ្រដល់ការជួយបណ្តុះបណ្តាលកងកម្លាំងមួកខៀវកម្ពុជា រួមនឹងកិច្ចសហប្រតិបត្តិការជាច្រើនទៀត។ ការសន្យានេះ បានធ្វើឡើងដោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy ក្នុងពេលចូលរួមពិភាក្សាការងារជាមួយអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន កាលពីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅអគ្គបញ្ជាការដ្ឋាននៃកងយោពលខេមរភូមិន្ទ។

នៅក្នុងជំនួបពិភាក្សា នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសន្ទនាកាលពីពេលថ្មីៗនេះ រវាងលោក Patrick Murphy ជាមួយនឹងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលផ្តោតសំខាន់ទៅលើការបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យមានភាពល្អប្រសើរ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ពីការបន្តសហការល្អជាមួយសហរដ្ឋអាមេរិក តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចក៏ដូចជា កិច្ចសហការបន្តរុករកអដ្ឋិធាតុទាហាន អាមេរិកដែលបាត់ខ្លួន នៅកម្ពុជា។ ជាមួយគ្នានេះ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានសំណូមពរដល់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ក្នុងនោះការពង្រឹងកិច្ចប្រតិបត្តិការ នៃកម្លាំងកងទ័ពមួកខៀវកម្ពុជា ដែលត្រូវទៅបំពេញបេសកកម្មការងារមនុស្សធម៌ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

ជាការ​ឆ្លើយតប លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានយល់ស្របនូវការលើកឡើងរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែល្អប្រសើររវាងប្រទេសទាំងពីរ។ ដោយឡែកលើវិស័យយោធា សហរដ្ឋអាមេរិកបានបញ្ជាក់ ការគាំទ្រដល់ការជួយបណ្តុះបណ្តាលកងកម្លាំងមួកខៀវកម្ពុជា រួមនឹងកិច្ចសហប្រតិបត្តិការជាច្រើនទៀត នៃវិស័យយោធានាពេលខាងមុខ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;