អំពូលភ្លើងប្រមាណ ២ម៉ឺន ដែលផលិតនៅកម្ពុជា ត្រូវបានបំពាក់នៅប្រទេសជប៉ុន
- 2019-12-12 03:08:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អំពូលភ្លើងប្រមាណ ២ម៉ឺន ដែលផលិតនៅកម្ពុជា ត្រូវបានបំពាក់នៅប្រទេសជប៉ុន
ចន្លោះមិនឃើញ
លោក យូស៊ីហ៊ីដសា កៃណូម៉ា (Yoshihisa Kainuma) ប្រធានក្រុមហ៊ុនមីនីបៀ របស់ប្រទេសជប៉ុន បានឱ្យដឹងថា ក្រុមហ៊ុនលោកបានធ្វើការផលិត អំពូលភ្លើងឆ្លាតវៃ ហើយបានផ្គត់ផ្គង់បំពាក់នៅរាជធានីភ្នំពេញ និងទីក្រុងសៀមរាបបានចំនួន ៦៨៩២អំពូល ហើយនៅក្រៅប្រទេស ក៏មានបំពាក់ផងដែរ ដោយផលិតផលនៅកម្ពុជានេះ បានបំពាក់នៅប្រទេសជប៉ុន បានប្រមាណ ២ម៉ឺនអំពូលហើយ ។ នៅពេលដ៏ខ្លីខាងមុខនេះ នឹងបំពាក់ប្រមាណ២ម៉ឺនអំពូលទៀត នៅទីក្រុងហ៊ីរ៉ូស៊ីម៉ាផងដែរ ។ លោកថ្លែងដូច្នេះ ក្នុងជំនួបពិភាក្សាជាមួយសម្តេច ហ៊ុន សែន កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានសន្តិភាព។
អំពូលភ្លើងវៃឆ្លាតនេះ គឺមានគុណភាពល្អកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីបានច្រើន ជួយដល់បរិស្ថានផង ហើយនិងបំភ្លឺភ្លើងតាមផ្លូវសាធារណៈ ឲ្យមានភាពភ្លឺស្មើគ្នាទាំងស្រុងតែម្ដង។ ក្នុងន័យនេះ លោកកៃណូម៉ា បានគោរពសុំការគាំទ្រពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្វើយ៉ាងណាជួយគាំទ្រផលិតផលដែលផលិតក្នុងស្រុក ដែលអាចជួយដល់បរិស្ថានផង ជួយដល់ការសំចៃការប្រើប្រាស់ប្រេង និងអគ្គិសនីផងដោយការប្រើប្រាស់ភ្លើងឆ្លាត នៅកម្ពុជា ជាពិសេសនៅតាមខេត្តធំៗ ដូចជាខេត្តព្រះសីហនុ និងខេត្តដទៃទៀត។
សម្ដេចតេជោ បានមានប្រសាសន៍ថា វាជាសំណាងណាស់ដែលរោងចក្រ នាំមកនូវការផលិតកំពូលវៃឆ្លាតនៅកម្ពុជា ហើយកំពុងតែប្រើប្រាស់អំពូលនេះនៅខេត្តមួយចំនួន ហើយទីក្រុងភ្នំពេញ និងទីក្រុងសៀមរាប។ សម្ដេចតេជោ ក៏មានប្រសាសន៍ផងដែរ ពាក់ព័ន្ធនឹងអំពូលនេះ កម្ពុជាគឺមានប៉ូលបី គឺប៉ូលភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ក្នុងន័យនេះគប្បីប្រើអំពូលឆ្លាតនេះ នៅខេត្តព្រះសីហនុផងដែរ ដើម្បីជាកត្តាជួយកាត់បន្ថយ ការចំណាយថាមពលអគ្គិសនីផងជួយបរិស្ថានផង និងលើកទឹកចិត្ត ក្រុមហ៊ុនដែលផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជាផង៕