តើ​ម៉ុងសាយ​មាន​ដើមកំណើត​ដំបូង​មកពី​ណា?

  • 2020-01-25 00:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


របាំ​ម៉ុងសាយ ឬរបាំ​សត្វ​តោ គឺ​ជា​ការ​សម្ដែង​ក្បាច់​រាំ​បែប​ប្រពៃណី​ចិន នៅ​ក្នុង​ឱកាស​ពិសេស​ធំៗ ដូចជា ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ជាដើម ដើម្បី​នាំ​មក​នូវ​សំណាង​ល្អ ព្រោះ​គេ​ជឿជាក់​ថា តោ ជា​សត្វ​ដ៏​វិសេសវិសាល។

ម៉ុងសាយ​ត្រូវ​ធ្វើ​ឡើង​ពី​ គ្រោង​ឫស្សី បិទ​ដោយ​ក្រដាស និងមាន​មនុស្ស​ពីរ​នាក់​សម្តែង។ ​ម្នាក់​កាន់​ក្បាល ហើយម្នាក់​ទៀត​កាន់​កន្ទុយ និងចលនា​ពួកគេ​ធ្វើ​តាម​ចង្វាក់​ភ្លេង​ស្គរ។ ពួកគេ​ដែល​ហាក់​ដូច​ជា​ទើប​នឹង​ភ្ញាក់ និងស្រេក​ឃ្លាន ត្រូវ​ឆ្លង​កាត់​ឧបសគ្គ​ជា​ច្រើន (ឡើង លោត ផ្លោះបង្គោល) ​ដើម្បី​ស៊ី​អាហារ​ដែល​មាន​បន្លែ​បៃតង​នាំ​សំណាង​ ផ្លែឈើ​នាំ​សំណាង (ក្រូច) និង អាំង​ប៉ាវ (នាំ​សំណាង​ល្អ​ដល់​មុខ​របរ​រក​ស៊ី)។

ប្រភព​ដើម​នៃ​របាំ​សត្វ​តោ ត្រូវ​បាន​បែងចែក​យ៉ាង​ទូលំទូលាយ ប៉ុន្តែ​មតិ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បំផុត​មួយ​គឺ៖ នៅ​ក្នុង​វប្បធម៌​ប្រពៃណី​ចិន សត្វ​តោ ប្រៀប​បាន​ដូច​ជា​សត្វ​នាគ​អីចឹង គឺ​ជា​សត្វ​ដែល​កើត​មាន​តែ​នៅ​ក្នុង​ទេវកថា​ប៉ុណ្ណោះ ពោល​គឺ​គ្មាន​សត្វ​តោ​ពិត​ប្រាកដ នៅ​ក្នុង​ប្រទេស​ចិន​ឡើយ។

នៅ​មុន​សម័យ​រាជវង្ស​ហាន (ឆ្នាំ​២០២ មុន​គ្រិស្តសករាជ ដល់ ២២០ ក្រោយ​គ្រិស្តសករាជ) មាន​សត្វ​តោ​តែ​ប៉ុន្មាន​ក្បាល​ប៉ុណ្ណោះ ដែល​បាន​មក​ដល់​តំបន់​ភាគ​ខាង​លិច នៃ​ប្រទេស​ចិន​បុរាណ (បច្ចុប្បន្ន​គឺ​ជា​ទីក្រុង Xinjiang) ដោយសារ​តែ​ការ​ធ្វើ​ជំនួញ​សូត្រ។

នៅ​ពេល​នោះ មនុស្ស​បាន​នាំ​គ្នា​ធ្វើ​ត្រាប់​តាម រូបរាង និង​សកម្មភាព​នៃ​សត្វ​តោ ដែល​ទើប​តែ​មក​ដល់​ថ្មី នៅ​ក្នុង​ការ​សម្ដែង រហូត​បង្កើត​បាន​ទៅ​ជា របាំ​សត្វ​តោ នៅ​ក្នុង​សម័យ​កាល​នគរ​ទាំង​៣ (ឆ្នាំ ២២០ ដល់ ២៨០)។ ក្រោយមក វា​បាន​ក្លាយ​ជា​ការ​ពេញ​និយម នៅ​ក្នុង​សម័យ​រាជវង្ស​ខាង​ជើង និង​ខាងត្បូង (ឆ្នាំ ៤២០ ដល់ ៥៨៩)។ រហូត​ដល់​សម័យ​រាជវង្ស​ថាង (ឆ្នាំ ៦១៨ ដល់ ៩០៧) របាំ​សត្វ​តោ បាន​ក្លាយ​ជា​របាំ​មួយ នៅ​ក្នុង​សាល​រាំ។

បន្ទាប់​មក របាំ​សត្វ​តោ បាន​បន្ត​ក្លាយ​ជា​ការ​សម្ដែង​ដ៏​ពេញ​និយម នៅ​ក្នុង​ចំណោម​ប្រជាជន​ចិន ដើម្បី​អធិស្ឋាន​សុំ​សំណាង​ល្អ ក្នុង​អំឡុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ចិន និង​ឱកាស​ពិសេស​ដទៃ​ជា​ច្រើន​ទៀត៕

អត្ថបទ៖ ស៊ីន សាវ៉េត

អត្ថបទថ្មី
;