សម្តេច ហ៊ុន សែន៖ អ្នកធ្វើដំណើរលើនាវា Westerdam បើសាម៉ីប្រទេសមិនទទួល កម្ពុជានឹងមើលថែបន្ត

  • 2020-02-18 02:30:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រមុខដឹកនាំកម្ពុជា សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ចំពោះ​នាវា​ទេសចរណ៍​ដែល​មាន​អ្នក​ធ្វើ​ដំណើរ​ជាង ២០០០នាក់ ដែលបានមកដល់ទីសុវត្ថិភាពក្នុងទឹកដីកម្ពុជាហើយ បើ​សាម៉ី​ប្រទេស​មិន​ទទួល​ទេ គឺកម្ពុជានឹងបន្តមើលថែពួកគេ។ នេះ​បើ​យោង​តាម​ផេក​ហ្វេស​ប៊ុក​ផ្លូវការរបបស់​សម្តេច កាល​ពី​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងពិធីបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» កាលពីព្រឹកមិញថ្ងៃទី ១៧ ខែ​កុម្ភ: ២០២០ នៅវិមានសន្តិភាព សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​មាន​ប្រសាសន៍​អំពីជំងឺ COVID-19 ដែលកំពុងញាំញី និងអង្រួនសភាពការណ៍នៅក្នុងប្រទេសក្នុងតំបន់ និង​ពិភព​លោក​ឲ្យ​មានការភ័យតក់ស្លុតរហូតបាត់អស់នូវគុណធម៌ សីលធម៌ មនុស្សធម៌ និង​មិត្តភាព​ល្អ​ជាមួយ​គ្នា។

សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ជំងឺពិត​ប្រាកដ​ដែល​យើង​កំពុង​ប្រឈម​មុខជាក់​ស្តែង​នាពេល​នេះ គឺជាជំងឺភ័យ​ខ្លាចជ្រុល និងអំពើរើសអើងជាតិសាសន៍ជ្រុល រហូត​ដល់​បោះ​បង់​ពលរដ្ឋ​ខ្លួន​ឯង​ចោល។ ជាក់ស្តែងដូចជា ករណីនាវាទេសចរណ៍ MS Westerdam ដែល​មាន​អ្នក​ធ្វើ​ដំណើរ​ចម្រុះ​ជាតិសាសន៍​ជាង ២២០០នាក់ ដែលបានបដិសេធដោយប្រទេសនិងកោះចំនួន៦ មិនអោយចុះចត ដែលនៅក្នុងនាវាដ៏ធំនេះ ក៏មានពលរដ្ឋអាមេរិកជាង ៦០០នាក់ផងដែរ ដែលបានសុំចុះចតនៅកោះ Guam ដែលជាទឹកដីកោះមួយផ្នែករបស់សហរដ្ធអាមេរិក ក៏មិនត្រូវបានអនុញ្ញាត្តិអោយចុះចតដែរ។

សម្តេច ហ៊ុន សែន បានបញ្ជាក់ថាការសម្រេចចិត្តរបស់កម្ពុជាក្នុងការទទួលនាវាទេសចរណ៍ MS Westerdam ឲ្យ​ចុះចតនៅក្រុងព្រះសីហនុក្នុងទឹកដីកម្ពុជា គឺ​ជាកាយ​វិការមនុស្សធម៌​ដោយ​គ្មាន​ការ​រើស​អើង​ជាតិសាសន៍ ក្នុងការលើកស្ទួយ ការ​គោរព​សិទ្ធិ​មនុស្ស​តាម​រយៈការ​ជួយ​ផ្តល់​នូវ​សិទ្ឋិ​រស់រាន​មាន​ជីវិត​ដល់មនុស្សជាតិដែលជាប់គាំងនៅក្នុងនាវាទាំងអស់៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;