ទឹកមកពីភ្នំកំចាយ លែងហូរចាក់ចោលចូលសមុទ្រដូចមុន​ទៀតហើយ

  • 2020-03-10 01:20:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ក្រុមហ៊ុន​វារីអគ្គិសនី​កំចាយ Sinohydro បាន​ចុះ​ហត្ថលេខា​លើអនុស្សារណៈ​យោគយល់គ្នា​ស្តីពីការ​កសាង​ទំនប់​បង្ហៀរទឹកនៅ​ព្រែកកំពង់បាយ ខេត្តកំពត កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ​២០២០។

ក្រុមហ៊ុន​នេះ បានផ្តល់​ជំនួយ​សាងសង់ទំនប់បង្ហៀរទឹក​នៅព្រែក​កំពង់បាយ ស្ថិតនៅក្នុង​ស្រុកទឹកឈូ តំបន់វារីអគ្គិសនី​ខេត្តកំពត ក្នុង​ទឹកប្រាក់ចំនួន​៨០​ម៉ឺន​ដុល្លារ។

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​លើកឡើង​ពីសារ:សំខាន់​នៃមិត្តភាព​ដ៏ជ្រាលជ្រៅ​រវាងកម្ពុជា​-ចិន និង​ផលប្រយោជន៍​នៃការបង្កើតទំនប់​បង្ហៀរទឹក​នៅស្រុកកំពង់បាយ​ ស្រុកទឹកឈូ​ ដែល​ជា​ការ​យក​ចិត្ត​ទុកដាក់​ដ៏ខ្ពង់ខ្ពស់​ របស់ប្រមុខរាជរដ្ឋាភិបាល​ និង​ក្រសួងឧស្សាហកម្ម​និង​សិប្បកម្ម​ ដើម្បី​ទាញ​ប្រភព​ធនធាន​ទឹកពី​ទំនប់វារីអគ្គិសនី​កំចាយខេត្តកំពត ដែលហូរធ្លាក់​ចូលសមុទ្រតាមព្រែកកំពង់​បាយប្រមាណ១៧៧០​លានម៉ែត្រ​ត្រីគុណ​ក្នុងមួយឆ្នាំ​ ស្របពេល​ដែល​តម្រូវការ​ទាញទឹក​ចូលរោងចក្រ​ផលិត​ទឹកស្អាត​ស្ថិតក្នុង​សមត្ថភាព​ត្រឹម​ ៦​ ម៉ឺន​ម៉ែត្រ​ត្រីគុណ​ ក្នុងមួយថ្ងៃ​ ស្មើនឹង​ ២២លាន​ម៉ែត្រ​ត្រីគុណ​ ក្នុងមួយឆ្នាំ។

លោក​សង្ឃឹម​ថា​ ក្រុមហ៊ុន​វារីអគ្គិសនី​កំចាយ​ នឹង​អនុវត្ត​ការងារ​នេះ​ បាន​ឆាប់​រហ័ស​ប្រកបដោយ​គុណភាព​ សុវត្ថិភាព​ សម្រាប់​បម្រើ​ផលប្រយោជន៍​ដល់​វិស័យ​ទឹកស្អាត​ខេត្តកំពត​ ដែល​កំពុង​មាន​តម្រូវ​ការ​កើនឡើង​។

លោក​ Wang Tiefeng នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនSinohydro Kamchay Hydroelectric Project Co.,LTD​ បានបញ្ជាក់ថា ក្រុមហ៊ុនលោក​នឹងប្តេជ្ញាចិត្ត​សាងសង់​ទំនប់បង្ហៀរនេះឲ្យបានរួចរាល់នាពេលខាងមុខ​ ដើម្បី​ជាប្រយោជន៍បម្រើ​វិស័យទឹកស្អាត​នៅខេត្តកំពត​ ស្របតាម​តម្រូវការ​ប្រជាពលរដ្ឋ​និង​ទស្សន​វិស័យ​របស់​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម។

សូមបញ្ជាក់ថា បន្ទាប់ពី​ទំនប់បង្ហៀរទី១​ អនុវត្តដោយក្រុម​ហ៊ុនវារីអគ្គិសនី​ Sinohydro ត្រូវបានសាងសង់រួច​ ការ​សាងសង់ទំនប់បង្ហៀរទី២​ នៅផ្នែកខាងក្រោម​ នឹងត្រូវពិនិត្យលទ្ធភាពបន្តទៀត​ដែលត្រូវប្រេីប្រាស់ដោយថវិការបស់រាជរដ្ឋាភិបាលកម្ពុជា​ ដើម្បី​ប្រើប្រាស់ឲ្យអស់លទ្ធភាព​ និងសក្តានុពលនៃប្រភពធុនធានទឹកដែល​មាន​ ដោយឈរលើ​កិច្ចការពារបរិស្ថាន​ និងផលប៉:ពាល់​សង្គម​ខ្ពស់៕

ប្រភព៖ ក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម

អត្ថបទថ្មី
;