រឿង​ពលរដ្ឋ​ច្រួលច្របល់​ទិញ​ទំនិញ សម្តេច ហ៊ុន សែន ថា​ជារឿងល្អ​សម្រាប់​សេដ្ឋកិច្ច

  • 2020-03-10 02:03:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែងថា ការ​ដែល​ប្រជាពលរដ្ឋ​ច្រួលច្របល់​សម្រុក​ទៅទិញទំនិញ ក្នុងអំឡុង​មានវិបត្តិ​វីរុសកូរ៉ូណាថ្មី COVID-19 គឺ​ជារឿងល្អសម្រាប់​សេដ្ឋកិច្ច ព្រោះ​មនុស្សបង្កើនការ​ចំណាយ ប៉ុន្តែសម្តេចស្នើកុំឱ្យដំឡើងថ្លៃ​ទំនិញ​ហួសហេតុ។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា នាព្រឹកថ្ងៃទី១០ ខែ​មីនា ឆ្នាំ​២០២០។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក

សម្តេចបាន​ថ្លែង​យ៉ាងដូច្នេះ​ថា៖ «បើបាន​ជាជ្រុលជាអ៊ីចឹង ក៏ល្អដែរ។ ឥឡូវ​អង្ករ​ខ្វះទីផ្សារ អ៊ីចឹងបើជួយទិញអង្ករម្នាក់១បាវយកទៅដាក់នៅផ្ទះ អាហ្នឹងស្រួលហើយ ម្ចាស់រោងកិនស្រូវកំពុងខ្វះទីផ្សារ។ អ៊ីចឹង សូមអញ្ជើញ​ទិញទៀតទៅ។ កំពុង​តែខ្វះផង រុញទូកបណ្តោយទឹក​តែម្តង។ គ្រាន់តែពេលហ្នឹង កុំឆ្លៀតដំឡើង​ថ្លៃជ្រុល»។

សម្តេច​បន្តថា បើ​ប្រជាពលរដ្ឋ​នាំគ្នាទិញ​ទំនិញ​បែបនេះ នឹង​បង្កើន​ការនាំចូល ហើយ​រដ្ឋក៏នឹង​ទទួលបាន​ពន្ធផងដែរ។ «ប្រជាជន​បានចាយ​វាយប្រាក់​ក្នុងពេល​ដែល​សេដ្ឋកិច្ចបែបនេះ ដូច្នេះវាធ្វើឱ្យសេដ្ឋកិច្ចល្អវិញ។ គេខ្លាចបំផុត មិនព្រមយកលុយទៅចាយទៅវិញទេ»៕

អត្ថបទ៖ សំភី

;