សមយុទ្ធ​កម្ពុជា-ចិនឆ្នាំនេះ ​ដែលមានកងទ័ពចូលរួមជាង ៣ពាន់នាក់ ប្រើ​សព្វាវុធអ្វីខ្លះ?

  • 2020-03-11 01:40:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


«សមយុទ្ធ​នាគមាសឆ្នាំ២០២០» ដែលប្រារព្ធ​រួមគ្នា​រវាង​កងយោធពលខេមរភូមិន្ទ​កម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ក្រោមប្រធានបទ “រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌កម្ពុជា-ចិន” នឹងធ្វើឡើងតាមការគ្រោងទុក ចាប់ពីថ្ងៃទី១៤ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នៅសាលា​ហ្វឹកហ្វឺន​តេជោសែន​ជុំគិរី នៃ​កងពលតូច​លេខ៧០ ស្រុក​ជុំគិរី ខេត្ត​កំពត។

សមយុទ្ធរវាងកងទ័ពកម្ពុជា-ចិន នាពេលកន្លងមក
សមយុទ្ធនាគមាសលើកទី៤នេះ នឹងមានកម្លាំងចូលរួមជាង៣ពាន់នាក់ ដែលក្នុងនោះភាគីចិនមានកងទ័ពចូលរួមសរុប ២៦៥នាក់ ចំណែកភាគីកម្ពុជាមានកម្លាំងចូលរួម២៨៧១នាក់។ គ្រឿងយុទ្ធភណ្ឌសម្រាប់បំពាក់ឱ្យសមយុទ្ធនេះ មានឧទ្ធម្ភាចក្រ កាំភ្លើងធំ រថក្រោះ រថពាសដែក កាំភ្លើងត្បាល អាវុធធុនស្រាល និងបរិក្ខាយោធាមួយចំនួនទៀតជាដើម។

“សមយុទ្ធនាគមាសឆ្នាំ២០២០” នៅតែបន្តផ្តោតសំខាន់លើការ​ប្រឆាំង​ភេវរកម្ម​ និងការងារមនុស្សធម៌ ដែលជាឱកាស សម្រាប់កងទ័ពប្រទេសទាំង២ កម្ពុជា-ចិន បន្តសិក្សារៀនសូត្រ ដកបទពិសោធន៍ទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពវិជ្ជាជីវៈ ក្នុងជួយសង្រ្គោះប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយ ការរក្សាសន្តិភាព ក៏ដូចជាសម្រាប់ការបំពេញភារកិច្ចការពារជាតិ កាន់តែមានប្រសិទ្ធភាព និងខ្លាំងក្លាថែមទៀត។

នេះជាលើកទី៤ហើយ ដែលកងទ័ពកម្ពុជា-ចិន ធ្វើលំហាត់នាគមាសរួមគ្នា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលើកទី១ ធ្វើឡើងនៅឆ្នាំ២០១៦ និងលើកទី២ នៅឆ្នាំ២០១៨ លើកទី៣នៅឆ្នាំ២០១៩។ ចំណែកលទ្ធភាពនៃការធ្វើសមយុទ្ធក៏កាន់តែធំឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕

ប្រភពអត្ថបទ៖ ហ្វេសប៊ុកនាយឧត្តមសេនីយ៍ ឈុំ សុជាត

អត្ថបទថ្មី
;