សម្តេច ស ខេង ណែនាំឱ្យ​កត់ត្រា​ច្បាស់​លាស់​នូវអត្តសញ្ញាណ​ពលរដ្ឋ​ដែលមកពីថៃ

  • 2020-03-26 01:15:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យអាជ្ញាធរប្រចាំច្រកទ្វារព្រំដែន ត្រូវកត់ត្រាឱ្យបានច្បាស់នូវអត្តសញ្ញាណប្រជាពលរដ្ឋដែលបានធ្វើដំណើរពីប្រទេសថៃ វិលចូលមកប្រទេសកម្ពុជា ដើម្បីធានាតាមដានស្រាវជ្រាវរកពួកគាត់ ប្រសិនបើមានបញ្ហាណាមួយ និងពិភាក្សាជាមួយភាគីថៃដើម្បីចៀសវាងការអនុញ្ញាតឱ្យឆ្លងកាត់តាមច្រករបៀង ដែលនាំឱ្យជួបការលំបាកក្នុងការពិនិត្យសុខភាព និងកំណត់អត្តសញ្ញាណពួកគាត់ ពោលគឺត្រូវកំណត់ច្រកទ្វារច្បាស់លាស់សម្រាប់ការវិលចូលប្រទេសរបស់ពលរដ្ឋខ្មែរ។

ការណែនាំនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលដោយផ្ទាល់ជាមួយមន្ត្រីនៃអង្គភាព និងស្ថាប័ននានា ដែលកំពុងបំពេញភារកិច្ចតាមបណ្ដាច្រកទ្វារព្រំដែន នៃភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តប៉ៃលិន នៅសាលាស្រុកកំរៀង ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។

រូបថត៖ ហ្វេសប៊ុកសម្តេច ស ខេង
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា វត្តមានរបស់សម្ដេច និងថា្នក់ដឹកនាំផ្សេងទៀតក្នុងពិធីជួបសំណេះសំណាលនេះ គឺជាការចូលរួមចំណែកផ្ដល់ការលើកទឹកចិត្តដល់មន្ត្រីទាំងអស់ដែលកំពុងបំពេញភារកិច្ចតាមបណ្ដាអង្គភាពនៅច្រកទ្វារព្រំដែនកម្ពុជា-ថៃ ទាំងនៅខេត្តបាត់ដំបង និងប៉ៃលិន ក្នុងបរិបទដែលពិភពលោក កំពុងប្រឈមខ្លាំងនឹងការរីករាលដាលជំងឺកូវីដ១៩ ដែលពេលនេះបានក្លាយជាវិបត្តិធ្ងន់ធ្ងររបស់ពិភពកលោក ។

សម្ដេចក្រឡាហោមបានបន្តថា ក្រៅតែបាននិងកំពុងរីករាលដាលនៅបណ្ដាប្រទេសស្ទើរទាំងអស់លើពិភពលោក ពិសេសនៅតំបន់អឺរ៉ុប អាមេរិក និងមជ្ឈឹមបូព៌ា បន្ទាប់ពីប្រទេសចិនមានសភាពធូរស្រាលនោះ នៅពេលនេះតំបន់អាស៊ានទាំង១០ប្រទេស សុទ្ធតែមានអ្នកឆ្លងជំងឺកូវីដទាំងអស់ ។

សម្ដេចបានបញ្ជាក់អំពីការសម្រេចចិត្តដាក់ប្រទេសក្នុងគ្រាមានអាសន្នរបស់រដ្ឋាភិបាលថៃដើម្បីអនុវត្ត​វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បន្ទាប់ពីបានបិទការដ្ឋានការងារមួយចំនួន ធ្វើឱ្យពលរដ្ឋថៃនៅទំនេរ ហើយពលរដ្ឋខ្មែរខ្លះនៅទីនោះក៏ទំនេរពីការងារ ។

សម្ដេចបានផ្ដល់ការពន្យល់ថា ពលរដ្ឋខ្មែរទំនេរពីការងារ និងមានការភ័យខ្លាចផងនោះ បានចាប់ផ្ដើមសំរុកនាំគ្នាវិលត្រឡប់មកប្រទេសកម្ពុជាវិញនាប៉ុន្មានថ្ងៃមុន ដែលធ្វើឱ្យអាជ្ញាធរច្រកទ្វារព្រំដែនជួបការលំបាកក្នុងការពិនិត្យសុខភាពពួកគាត់ពេលឆ្លងព្រំដែន ។ ដោយសារពួកគាត់បានធ្វើដំណើរដល់ស្រុកកំណើតហើយនោះ សម្ដេចបានសុំគោលការណ៍ពីសម្ដេចតេជោ ដើម្បីណែនាំអាជ្ញាធរខេត្តក្រុង-ស្រុក-ខណ្ឌ និងភូមិ-ឃុំ ត្រូវគ្រប់គ្រងវត្តមានពួកគាត់ឱ្យបាន និងស្នើឱ្យពួកគាត់នៅដោយឡែក១៤ថ្ងៃសិន ។

ពាក់ព័ន្ធនឹងការដាក់ប្រទេសក្នុងគ្រាមានអាសន្នរបស់រដ្ឋាភិបាលថៃ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ប្រសិនបើមានពលរដ្ឋខ្មែរយើងបន្តធ្វើដំណើរចូលមកប្រទេសវិញនោះ គឺរាជរដ្ឋាភិបាលយើងមិនអាចទប់ស្កាត់ពលរដ្ឋយើងមិនឱ្យវិលមកវិញបានទេ។

សម្ដេចបានណែនាំឱ្យត្រៀមទទួលស្វាគមន៍ពួកគាត់ដោយប្រកាន់អកប្បកិរិយាថ្លៃថ្នូរសុភាពរាបសារ និងទន់ភ្លន់ ប៉ុន្តែត្រូវវិធានការម៉ឺងម៉ាត់តាមក្បួនសុខាភិបាល ដើម្បីធានាសុខសុវត្ថិភាពពួកគាត់ និងក្រុមគ្រួសារនៅឯស្រុកកំណើត។ ជាមួយគ្នានេះក៏ត្រូវមានកិច្ចសហការល្អជាមួយអាជ្ញាធរខេត្តខាងភាគីថៃដែរ ។

សម្ដេចក៏បានណែនាំឱ្យត្រៀមផ្ដល់ម៉ាស់ជូនពលរដ្ឋទាំងឡាយណា ដែលឆ្លងមកពីប្រទេសថៃដោយមិនមានម៉ាស់ប្រើប្រាស់ ហើយត្រូវស្នើសុំពួកគាត់សហការពិនិត្យកំដៅ និងអញ្ជើញពួកគាត់ទៅកន្លែងដែលត្រូវកត់ត្រាអត្តសញ្ញាណសិន។ ក្នុងករណីដែលមានអ្នកជំងឺត្រូវសង្គ្រោះ បន្ទាន់ ហើយអ្នកជំងឺនោះមិនមែនជាអ្នកជំងឺកូវីដ១៩ សម្ដេចក៏បានណែនាំអភិបាលខេត្តបាត់ដំបង និងប៉ៃលិន ត្រូវស្នើសុំកិច្ចសហការអនុញ្ញាតឱ្យអ្នកជំងឺនោះចូលទៅព្យាបាលនៅប្រទេសថៃ។

សម្ដេចមានជំនឿថា ភាគីទាំងពីរកម្ពុជាថៃនឹងមានការពិចារណាដល់ទំនាក់ទំនងទ្វេភាគី ដើម្បីការពារផលប្រយោជន៍ទៅវិញទៅមករវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។ ជាក់ស្ដែងដូចការបិទការចេញចូលមនុស្សរវាងកម្ពុជា-ថៃ កម្ពុជា-វៀតណាម ដែលភាគីទាំងសងខាងនៅតែបន្តការអនុញ្ញាតឱ្យចេញចូលទំនិញក្រោមលក្ខណ្ឌរឹតបន្តឹងសុវត្ថិភាពនៅពេលដឹកឆ្លងកាត់ព្រំដែន៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;