ក្លឹប​២ នៅ​ Premier League នឹងចែក​សំបុត្រ​ហ្វ្រី​ ១០ មុឺន​ជូន​​បុគ្គលិក​ពេទ្យ​ ​ពេល​​ការ​ប្រកួត​​​មក​វិញ​

  • 2020-03-26 04:38:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​ Brighton និង Bournemouth បាន​ប្រកាស​ផ្លូវការ​ថា ក្លឹប​សម្រេច​ចិត្ត​នឹង​ចែក​សំបុត្រចូល​ទស្សនា​បាល់​ទាត់​​មិន​គិត​ថ្លៃ ​(ហ្វ្រី​) ជូន​បុគ្គលិកសុខាភិបាល​នៅ​ចក្រភព​អង់គ្លេស ដែល​ធ្វើការ​នៅស្ថាប័ន The National Health Service ​(NHS) ក្រោយ​ពេល​វិបត្តិ​វីរុស​ត្រូវ​បាន​ដោះស្រាយ​ ឬពេល​​ការ​ប្រកួត​​បាល់​ទាត់​​ Premier League ត្រឡប់​មក​វិញ​។ សម្រាប់ Brighton នឹង​ចែកជូនចំនួន ១០ មុឺន​សន្លឹក​ ឯ Bournemouth ចំនួន ១ ពាន់សន្លឹក។

កីឡាករក្លឹប​ Bournemouth /រូបថត៖ skysport
លោក Paul Barber ​ប្រធាន​ក្លឹប Brighton គឺ​ជា​អ្នក​ដែល​ផ្តូចផ្តើម​គំនិត​នេះ​ឡើង​ បន្ទាប់​មក​ក៏​មាន​លោក Jeff Mostyn ប្រធាន​ក្លឹប Bournemouth បាន​យល់ព្រម​ទទួល​នូវ Challenges មួយ​នេះ​។ ក្លឹប​ទាំង​អស់​នៅ PL ត្រូវ​បាន​អញ្ជើញ​រួច​ហើយ រួម​ទាំង​ក្លឹប​នៅ​លីគ​ស្កុតឡែនផង​ដែរ​ ក៏​ប៉ុន្តែ​នៅ​មិន​ទាន់​ទទួល​បាន​ចម្លើយ​។

លោក Paul Barber បានលើកឡើង​ថា ប្រសិន​បើ​ក្លឹប​ដទៃ​ទាំង ៩២ អាច​ចូល​រួមបាន​ជា​ការ​ប្រសើរ​ យ៉ាង​ហោច​ណាស់​ ចែកជូន ១ ពាន់​សន្លឹក​​ក៏​គ្រប់​គ្រាន់​​ណាស់​​ទៅ​ហើយ​ ដើម្បី​​ជា​ការ​តប​ស្នង​សង​គុណ​វិញ​នូវ​ការ​លះ​បង់​ដ៏​ធំធេង​របស់​ពួកគេ ដែល​ខិតខំ​យ៉ាង​ខ្នះ​ខ្នែង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​ដ៏​កាច​សាហាវ ។

គិតត្រឹម​ថ្ងៃ​ទី ២៦ ខែមីនា ឆ្នាំ ២០២០ នេះ​វីរុស​បាន​សម្លាប់​មនុស្ស​នៅ​ចក្រភពអង់គ្លេស​ចំនួន ៤៦៥ នាក់​និង​កំពុង​ឆ្លង​ចំនួន ៩៥២៩ នាក់ប៉ុន្តែ​ក៏​មាន​អ្នក​ជាសះ​ស្បើយ​ចំនួន ១៣៥ នាក់​ផង​ដែរ។

អ្នកគាំទ្រក្លឹប​ Brighton /រូបថត៖ skysport

រីឯ​កាល​បរិច្ឆេទ​នៃ​ការ​ត្រឡប់​វិញ​របស់ Premier League បាន​កំណត់​ជា​បឋម​​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​​ទី ៣០ ខែ​មេសា​ ២០២០ ដោយ​វិធានការ​ប្រកួត​នៅ​ស្រពិចស្រពិល​នៅ​ឡើយ។ យ៉ាងណា បើវិបត្តិ​នៅ​តែ​មិន​អាច​ដោះស្រាយ​បាន ការពិចារណា​ពន្យាពេលបន្ថែម​នឹង​កើត​មាន​ឡើង​ជាក់​ជា​មិនខាន៕

ប្រភព៖ telegraph ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;