សម្តេច ស ខេង៖ រាជរដ្ឋាភិបាលមានតែជម្រើសមួយគត់ បើសង្ស័យថាពលរដ្ឋណាម្នាក់ផ្ទុកកូវីដ១៩
- 2020-03-26 06:42:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ស ខេង៖ រាជរដ្ឋាភិបាលមានតែជម្រើសមួយគត់ បើសង្ស័យថាពលរដ្ឋណាម្នាក់ផ្ទុកកូវីដ១៩
ចន្លោះមិនឃើញ
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋដែលមានការសង្ស័យថាផ្ទុកជំងឺកូវីដ១៩ គឺរាជរដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅតែពីការនាំពួកគាត់យកទៅដាក់ឱ្យនៅដាច់ដោយឡែកដើម្បីតាមដាន និងពិនិត្យព្យាបាលឡើយ។
ការថ្លែងខាងលើនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលដោយផ្ទាល់ជាមួយមន្ត្រីនៃអង្គភាព និងស្ថាប័ននានា ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្ដាច្រកទ្វារព្រំដែន កម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែលពិធីជួបសំណេះសំណាលនេះ បានប្រារព្ធឡើងនៅប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។
សម្តេចក្រឡាហោមបន្តថា សម្រាប់ការដោះស្រាយបញ្ហានេះ ក្រៅតែពីមន្ទីរពេទ្យរដ្ឋដែលមានស្រាប់ រាជរដ្ឋាភិបាលបានចាត់តាំងឱ្យអភិបាលខេត្តនានា រៀបចំទីកន្លែងសម្រាប់ការស្នាក់នៅដោយឡែក និងការពិនិត្យព្យាបាលជំងឺជូនពលរដ្ឋរួចនៅតាមទីរួមខេត្តនីមួយៗ ដោយយកអគារសាលារៀន មជ្ឈមណ្ឌលរដ្ឋ និងសណ្ឋាគារមួយចំនួន។
សម្ដេច ស ខេង បានបន្ថែមថា វិធានការចំបាច់ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺនេះ គឺការកាត់បន្ថយការទំនាក់ទំនង និងជួបជុំគ្នារវាងពលរដ្ឋ និងពលរដ្ឋ ហើយមិនមែនតែប្រទេសផ្សេងទេ កម្ពុជាក៏បានអនុវត្តដែរ ដូចជាការបិទសាលារៀន បិទក្លឹបកំសាន្ត ខារ៉ាអូខេ និងទីកំសាន្តផ្សេងៗ ការផ្អាករៀបចំកម្មវិធីសាសនា កិច្ចប្រជុំ និងព្រឹត្តិការជួបជុំនានា ព្រមទាំងបានដាក់ចេញវិធានការអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន តាមរយៈគ្រប់មធ្យោបាយទាំងតាមបណ្ដាញទូរទស្សន៍ វិទ្យុ វេបសាយ និងតាមរយៈការចាក់មេក្រូចល័តតាមភូមិ៕
អត្ថបទ និងរូបថត៖ ហ្វេសប៊ុកសម្តេច ស ខេង