លោកស្រី ឱ វណ្ណឌីន បញ្ជាក់រឿង​ជនជាតិ​ឥណ្ឌូណេស៊ី​ដែល​ផ្ទុកកូវីដ១៩ ចេញពីថៃ មកកម្ពុជា

  • 2020-03-27 00:41:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីយប់មិញ ក្រសួងសុខាភិបាល​បានរកឃើញជនជាតិឥណ្ឌូណេស៊ី ២រូបវិជ្ជមានកូវីដ១៩ នៅខេត្តសៀមរាប។ ការពិតគឺពួកគេបាន​ធ្វើតេស្តសុខភាព និងដឹងលទ្ធផល​រួចមកហើយ​នៅក្រុងបាងកក ប្រទេសថៃ ប៉ុន្តែ​ដោយសារគ្មានលុយព្យាបាលនៅថៃ ក៏សម្រេចចិត្តមកកម្ពុជា ដែលគ្មានការបង់ថ្លៃក្នុងការព្យាបាលជំងឺនេះឡើយ។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​តាម​បណ្តាញ Telegram ថា នៅពេលអ្នកជំងឺទាំងពីរ មកកម្ពុជា តាមច្រកប៉ោយប៉ែត គឺ​គ្មាន​ចេញ​រោគសញ្ញាអ្វីឡើយ ពោលគឺពេលស្កេន​អ្នកទាំង២​ ឃើញថាគ្មានការឡើងកម្តៅអ្វីទេ។ ចំពោះកាលបរិច្ឆេទដែលពួកគេចូលមក មិនត្រូវបានលោកស្រីបញ្ជាក់ឱ្យដឹងឡើយ។

អ្នកនាំពាក្យ​រូបនេះបន្តថា បន្ទាប់មក ជនជាតិឥណ្ឌូណេស៊ី ទាំង២ បានម៉ៅរថយន្តមួយ (ជិះតែ២នាក់នេះទេ និងអ្នកបើកបរ) ធ្វើដំណើរ​ទៅកាន់​ខេត្តសៀមរាប ហើយ​គ្មានការទាក់ទងជាមួយនរណាផ្សេងទៀតឡើយ។ ពួកគេ​បាន​ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយ​រៀបរាប់​ប្រាប់គ្រូពេទ្យថា ខ្លួនមានផ្ទុកកូវីដ១៩។ លុះដល់ធ្វើតេស្ត ទើបឃើញថា ពិតជាវិជ្ជមានជំងឺនេះមែន។

បច្ចុប្បន្ន បុរស​ជនជាតិឥណ្ឌូណេស៊ី​ទាំង២រូប ដែលមានអាយុ៤១ឆ្នាំ និង ៤៤ឆ្នាំខាងលើ ត្រូវបានដាក់​ឱ្យព្យាបាល​ក្នុងមន្ទីរពេទ្យ​ខេត្តសៀមរាប៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;