ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រីនុពល ប្រកាសធ្វើបាតុកម្មមុខទូតចិន និងប្តឹងរំលាយហ្វ៊ុនស៊ិនប៉ិច
- 2017-12-31 01:24:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រីនុពល ប្រកាសធ្វើបាតុកម្មមុខទូតចិន និងប្តឹងរំលាយហ្វ៊ុនស៊ិនប៉ិច
ចន្លោះមិនឃើញ
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រីនុពល បានប្រកាសថា ព្រះអង្គនឹងដឹកនាំមហាជនធ្វើបាតុកម្មនៅមុខស្ថានទូតចិនប្រចាំនៅកម្ពុជា និងប្តឹងទៅតុលាការកំពូលដើម្បីស្នើសុំរំលាយគណបក្សហ្វ៊ុនស៊ិនប៉ិច បើសិនជារដ្ឋាភិបាលចិនពិតជាជួយឧបត្ថម្ភតាមសំណើរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច។
ព្រះអង្គម្ចាស់រូបនោះបានបញ្ជាក់ថា “ចាំមើលសិន (ប្រសិនបើ!!!) ប្រទេសចិន ពិតជាជួយឧបត្ថម្ភតាមសំណើរបស់សម្តេចក្រុមព្រះពិតមែននោះ ខ្ញុំនិងដឹកនាំមហាជនធ្វើបាតុកម្ម មុខស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ត្រូវប្តឹងទៅតុលាការកំពូលដើម្បីរំលាយគណបក្សនេះដូចគណបក្សនេះធ្លាប់ប្តឹងរំលាយគណបក្សសង្គ្រោះជាតិដែរ តើទៅរួចទេបើហ្វ៊ុនស៊ិនប៉ិច ជាដៃគូររបស់…!!”។
ពាក់ព័ន្ធករណីនេះ គណបក្សហ្វ៊ុនស៊ិនប៉ិច បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ដោយបានបដិសេធថាគណបក្សហ្វ៊ុនស៊ិនប៉ិច ពុំដែលបានទទួលវិភាគទាន គឺជំនួយជាហិរញ្ញវត្ថុ ពីបក្សកុម្មុយនីស្តចិនម្តងណាឡើយ ហើយបក្សកុម្មុយនីស្តចិន ក៏មិនដែលផ្តល់វិភាគទានដល់គណបក្សហ្វ៊ុនស៊ិនប៉ិច នោះដែរ។ សូមជម្រាបថា មាត្រា២៩ ជំពូកទី៦ គណបក្សនយោបាយត្រូវបានហាមឃាត់មិនឲ្យទទួលវិភាគទាន ទោះជាតាមរូបភាពណាក៏ដោយ ពីស្ថាប័នរដ្ឋ សមាគម អង្គការក្រៅរដ្ឋាភិបាល សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈ វិទ្យាស្ថានសាធារណៈ ប្ញ ក្រុមហ៊ុនបរទេស លើកលែងតែក្នុងករណី ដូចមានចែងក្នុងមាត្រា ២៨ នៃច្បាប់នេះ ។ មាត្រា៣៩ ជំពូកទី៩ ស្តីពីទោសប្បញ្ញត្តិ៖ ត្រូវផ្តន្ទារទោសពិន័យជាប្រាក់ពី ៣លានរៀល ដល់ប្រាំលានរៀល ចំពោះគណបក្សនយោបាយណាដែលបានប្រព្រឹត្តល្មើសនឹងមាត្រា ៧ និងមាត្រា ២៩ នៃច្បាប់នេះ ។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទារទោស ពិន័យជាប្រាក់ទ្វេរមួយជាពីរហើយអាចផ្អាកសកម្មភាពគណបក្សនយោបាយនោះ ជាបណ្តោះអាសន្ន ៕