ការ​ប្រកួត​​របស់​ក្រុម CV11, ធារី និង សុខ​ផេង ដំណើរ​ការ​ដល់​ណា​ហើយ?

  • 2018-01-09 02:23:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចាប់ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០១៨ ក្រុម​នានា​នៅ​លីគ​កំពូល​ម៉ាឡេស៊ី​បាន​រៀបចំ​ជា​ការ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​លីគ​កំពូល​ដែល​គ្រោង​ចាប់ផ្ដើម​នៅ​ខែ​ក្រោយ។ ទន្ទឹម​នេះ ក្រុម Pahang FA របស់ ចាន់ វឌ្ឍនាកា បាន​ធ្វើ​ដំណើរ​ទៅ​សម​ជើង​​នៅ​ប្រទេស​ថៃ, Terengganu FC របស់ ធារី ចន្ថាប៊ីន មក​លេង​នៅ​កម្ពុជា ខណៈ PKNP FC របស់ កែវ សុខផេង ក៏​មាន​ជា​ការ​ប្រកួត​នៅ​ម៉ាឡេស៊ី​ផងដែរ​។

ចំពោះ​ដំណើរការ​របស់​ក្រុម Pahang FA មក​ទល់​ពេល​នេះ ពួកគេ​ប្រកួត​បាន​ចំនួន​២លើក ដោយ​ឈ្នះ​ទាំង២​លើក។ ក្នុង​នោះ បាន​យក​ឈ្នះ​ក្រុម Muangthong United B ៣-១ និង បំបាក់​ក្រុម Air Force Central របស់​ថៃ ដោយ​លទ្ធផល ៤-១។ ខ្សែ​ប្រយុទ្ធ​កម្ពុជា ចាន់ វឌ្ឍនាកា បាន​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​ប្រកួត ដោយ​បាន​បង្កើត Assist ឲ្យ​មិត្ត​រួម​ក្រុម​ក្នុង​ជំនួប​ទល់​នឹង Muangthong United B ។

ចំណែក ក្រុម Terengganu វិញ ក្នុង​២ប្រកួត​កន្លង​ទៅ​កម្ពុជា បាន​យក​ឈ្នះ​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង​ដោយ​លទ្ធផល ១-០ តែ​ចាញ់​ក្រសួង​ការពារ​ជាតិ កាលពី​ម្សិលមិញ ដោយ​លទ្ធផល ៦-៣ ។ គេ​សង្កេត​ឃើញ ខ្សែ​បម្រើ​កម្ពុជា ធារី ចន្ថាប៊ីន ក៏​មាន​វត្តមាន​ក្នុង​ការ​ប្រកួត​នេះ​ផងដែរ។

ដោយឡែក ចំពោះ​ក្រុម PKNP FC របស់ កែវ សុខផេង ក្នុង​ខែ​មករា​នេះ បាន​ប្រកួត​មិត្តភាព​ទល់នឹង​ក្រុម PKNS FC ដោយ​ទទួល​បរាជ័យ​ក្នុង​លទ្ធផល ៣-១ កាលពី​ពេល​ថ្មីៗ​កន្លងទៅ​នេះ នៅ​កីឡដ្ឋាន Penang នៅ​ប្រទេស​ម៉ាឡេស៊ី។

បើ​តាម​កាលវិភាគ ក្រុម Pahang នឹង​ត្រូវ​ប៉ះ​ក្រុម Gyeongnam FC របស់​កូរ៉េខាងត្បូង នៅ​ថ្ងៃ​ទី៩​មករា​នេះ នៅ​ប្រទេស​ថៃ ខណៈ​ក្រុម Terengganu នឹង​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម​ភ្នំពេញ​ក្រោន នៅ​កីឡដ្ឋាន RSN នៅ​ម៉ោង ៦:៣០ នាទី​ល្ងាច​នេះ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;