អាជ្ញាធរជាតិអប្សរា ទទួលបានកុលាលភាជន៍ខ្មែរ និងចិន ស្ថិតក្នុងសម័យកាល២
- 2018-01-29 03:24:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធរជាតិអប្សរា ទទួលបានកុលាលភាជន៍ខ្មែរ និងចិន ស្ថិតក្នុងសម័យកាល២
ចន្លោះមិនឃើញ
អាជ្ញាធរជាតិអប្សរា បានទទួលកុលាលភាជន៍ខ្មែរ និងចិន ដែលផលិតក្នុងសម័យកាល២ផ្សេងគ្នា ពីសមាគមមគ្គុទេសក៍ភាសាចិន។ ពិធីប្រគល់នេះ ធ្វើឡើងនៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។
លោក ធៀម ធឿន តំណាងសមាគមមគ្គុទេសក៍ភាសាចិន មានទីលំនៅក្នុងភូមិវាល ឃុំគោកចក បានយកកុលាលភាជន៍ដែលមានដូចជាថូ និងបំណែកក្រឡមួយចំនួន យកមកប្រគល់ជូនអាជ្ញាធរជាតិអប្សរា។ តាមការលើកឡើងរបស់លោក ធៀម ធឿន កុលាលភាជន៍នេះ ត្រូវបានអ្នកជិតខាងរបស់លោក រើសបានដោយចៃដន្យនៅពេលគាត់ជីកដីគាស់ដើមចេកលើដីរបស់ខ្លួន អំឡុងខែកក្កដា ឆ្នាំ២០១៧។
លោកបន្ថែមថា ក្រោយមក អ្នកភូមិម្នាក់នោះ បានប្រគល់ឲ្យលោកក្នុងអំឡុងសប្តាហ៍មុនដើម្បីរក្សាទុក តែចុងក្រោយលោកសម្រេចប្រគល់វត្ថុបុរាណទាំងនេះឲ្យអាជ្ញាធរជាតិអប្សរា ដែលមានសមត្ថកិច្ចថែរក្សាវត្ថុទាំងនេះ។ ការសម្រេចចិត្តប្រគល់វត្ថុនេះ គឺដោយសារលោកស្រឡាញ់វប្បធម៌ដូនតា និងចង់ថែរក្សាឲ្យនៅគង់វង្ស។
លោក ឆាយ រចនា ប្រធានការិយាល័យសិក្សាកុលាលភាជន៍នៃមជ្ឈមណ្ឌលអន្តរជាតិ ស្រាវជ្រាវ និងតម្តល់ឯកសារអង្គរ បានបង្ហាញថា បំណែកកុលាលភាជន៍ទាំងនេះស្ថិតក្នុង២សម័យកាលផ្សេងគ្នា គឺសម័យអង្គរ និងក្រោយអង្គរ។ ចំណែកកុលាលភាជន៍ដែលទទួលបាននេះ គឺកុលាលភាជន៍ខ្មែរ និងមួយចំណែកជាកុលាលភាជន៍ចិន។
លោកបានបញ្ជាក់ថានេះជាភស្តុតាងមួយបង្ហាញថា ខ្មែរសម័យបុរាណក្រៅពីផលិតកុលាលភាជន៍សម្រាប់ប្រើប្រាស់ក្នុងស្រុក ថែមទាំងបាននាំចូលពីចិនទៀតផងតាមរយៈឈ្មួញចិន។ លោកបន្ថែមថា តួនាទីសំខាន់នៃកុលាលភាជន៍ គឺប្រើប្រាស់សម្រាប់សាសនា និងសម្រាប់ជីវភាពប្រចាំថ្ងៃ៕