Liverpool ខាតអស់ ២ពិន្ទុ ដោយសារប៉េណាល់ទីចុងម៉ោងរបស់ Spurs
- 2018-02-04 23:21:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Liverpool ខាតអស់ ២ពិន្ទុ ដោយសារប៉េណាល់ទីចុងម៉ោងរបស់ Spurs
ចន្លោះមិនឃើញ
ក្រុមម្ចាស់ផ្ទះហង្សក្រហម Liverpool ត្រូវក្រុមភ្ញៀវ មាន់ខ្នាយមាស Tottenham Hotspur ស៊ុតតាមស្មើ ២-២ នៅចុងម៉ោង ដោយសារបាល់ប៉េណាល់ទី នៅក្នុងការប្រកួតសប្ដាហ៍ទី២៦ នៃលីគកំពូលអង់គ្លេស កាលពីយប់មិញ។
នៅក្នុងប្រកួតនេះ Liverpool បានស៊ុតនាំមុខតាំងពីចាប់ផ្ដើមការប្រកួតបាន ៣នាទី ដោយកីឡាករកំពុងឡើងជើង Mohamed Salah។ ប៉ុន្តែនាទី ៨០ Spurs បានតាមស្មើវិញ ដោយកីឡាករ Victor Wanyama។ នៅនាទី ៨៧ ក្រុមភ្ញៀវស្ទើរតែមានឱកាសនាំមុខវិញទៅហើយ ប៉ុន្តែខ្សែប្រយុទ្ធ Harry Kane ស៊ុតបាល់ប៉េណាល់ទីមិនចូល។
ឈានដល់នាទី ៩០ ហង្សក្រហម បាននាំមុខជាថ្មី ដោយកីឡាករ Salah ដដែល ប៉ុន្តែមួយគ្រាប់បន្ថែមទៀតនេះ មិនគ្រប់គ្រាន់ឲ្យក្រុមលោក Jurgen Klopp ទទួលបាន ៣ពិន្ទុនោះទេ ដោយសារ Spurs បានទទួលបាល់ប៉េណាល់ទី១គ្រាប់ទៀត ធ្វើបានសម្រេចដោយ Harry Kane។
លទ្ធផលនេះ មានន័យថា Liverpool នៅតែឈរលេខ៣ មាន ៥១ពិន្ទុ ខណៈ Spurs ឈរលេខ៥ មាន ៤៨ពិន្ទុ៕