លីគ​កំពូល​ម៉ាឡេស៊ី៖ សុខផេង និងធារី បង្ហាញ​ខ្លួន​លើក​ទី២ តែ​លទ្ធផល​មិន​សូវ​គាប់​ប្រសើរ

  • 2018-02-07 03:00:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​កម្ពុជា ២រូប គឺ កែវ សុខផេង និង​ធារី ចន្ថាប៊ីន នៅ​តែ​បន្ត​ជាប់​ក្នុង​ជម្រើស​ដំបូង​ក្នុង​ក្រុម​រៀងៗខ្លួន ក្នុង​ការ​ប្រកួត​លីគ​កំពូល​ម៉ាឡេស៊ី សប្ដាហ៍​ទី២ កាលពី​យប់មិញ​នេះ។

កែវ សុខផេង ក្នុង​ការ​ប្រកួត​ទល់​នឹង Johor កាលពីយប់មិញ (រូបភាព៖ PKNP FC)
កែវ សុខផេង ដែល​ស៊ុត​បញ្ចូលទី​១គ្រាប់​ជួយ​ឲ្យ PKNP ទទួល​បាន ៣ពិន្ទុ​កាលពី​សប្ដាហ៍​ដំបូង នៅ​តែ​ជា​តួអង្គ​សំខាន់​នៅ​តំបន់​ប្រយុទ្ធ​របស់ PKNP ដដែល ប៉ុន្តែ​មិន​អាច​ទម្លុះ​សំណាញ់​ទីក្រុម​ខ្លាំង Johor Darul Ta'zim បាន​នោះឡើយ។ ចប់ការប្រកួត ក្រុម​ម្ចាស់ផ្ទះ Johor ឈ្នះ PKNP ៣-០។

ចំណែក ធារី ចន្ថាប៊ីន បាន​រួម​ចំណែកជួយ​ឲ្យ​ក្រុម Terengganu ទទួល​លទ្ធផល​ស្មើ ជា​លើក​ទី២ ពោល​គឺ​ស្មើ Kelantan ១-១។ កាលពី​សប្ដាហ៍​ដំបូង Terengganu ស្មើ PKNS ២-២។

ធារី ចន្ថាប៊ីន លើ​ទីលាន​ហ្វឹកហាត់ មុន​ការ​ប្រកួត​យប់មិញ (រូបភាព៖ Terengganu)

នៅ​យប់​ថ្ងៃ​ពុធ​នេះ​វិញ កីឡាករប្រាក់ មុន្នីឧត្តម និង​ ចាន់ វឌ្ឍនាកា ក៏​រំពឹង​ថា​នឹង​អាច​បង្ហាញ​ខ្លួន​ក្នុង​ជម្រើស​ដំបូង​ផងដែរ។ ក្រុម Negeri Sembilan របស់​ប្រាក់ មុន្នីឧត្តម ត្រូវ​ប៉ះ​ក្រុម Kuala Lumpur នា​ម៉ោង ៨យប់ ចំណែក​ក្រុម Pahang របស់ CV11 ជួប PKNS នា​ម៉ោង​ ៨ដូចគ្នា៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;