នៅសៀមរាប មានហាងមួយ ប្រមូលផ្ដុំដោយគ្រឿងអេឡិចត្រូនិកចាស់ៗដ៏កម្រ
- 2018-02-08 06:54:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅសៀមរាប មានហាងមួយ ប្រមូលផ្ដុំដោយគ្រឿងអេឡិចត្រូនិកចាស់ៗដ៏កម្រ
ចន្លោះមិនឃើញ
ផ្ដើមចេញពីការស្រឡាញ់របស់ចាស់ៗ ជាពិសេស កាម៉េរ៉ា និង ឧបករណ៍ភ្លេងបុរាណ បុរសវ័យ ៤១ឆ្នាំ លោក សាន គឹមហុង បានសម្រេចក្ដីសុបិនរបស់ខ្លួន បើកលក់គ្រឿងអេឡិចត្រូនិកចាស់ តាំងពីទសវត្ស ៥០ រហូតដល់ ទសវត្ស ៩០។ ម៉្លោះហើយ លោក គឹមហុង បានក្លាយជាអ្នកប្រមូលទិញវត្ថុចាស់ៗដ៏ធំជាងគេនៅខេត្តសៀមរាប នាពេលសព្វថ្ងៃ។
ខាងក្រោមនេះ គឺជាសកម្មភាពខ្លះៗ របស់លោក សាន គឹមហុង អំឡុងពេលក្រុមការងារផ្លូវទៅស្រុកវគ្គ ២ បានចុះទៅផ្ដិតរូបភាព និង ធ្វើបទសម្ភាសន៍ពិសេសជាមួយលោកកាលពីពេលថ្មីៗនេះ។
១- លោក សាន គីមហុង វ័យ៤១ឆ្នាំ ជាអ្នកសន្សំ និងលក់គ្រឿងអេឡិចត្រូនិកចាស់ៗ នៅក្នុងក្រុងសៀមរាប។ ផ្ដើមពីការស្រឡាញ់គ្រឿងអេឡិចត្រូនិកចាស់ៗ និងដោយសារមានទីផ្សារផង លោក សាន គីមហុង បានសម្រេចចិត្តបើកហាងប្រមូលនិងលក់គ្រឿងអេឡិចត្រូនិកនេះឡើង។
២- ហាងប្រមូលនិងលក់គ្រឿងអេឡិចត្រូនិករបស់លោក សាន គីមហុង ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ នៅផ្សាររាត្រី។ ប៉ុន្តែក្រោយមក លោកបានប្ដូរមកទីតាំងថ្មី នៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប នៅឆ្នាំ២០១៥។
៣- ហាងប្រមូលនិងលក់គ្រឿងអេឡិចត្រូនិកចាស់ៗរបស់លោក សាន គីមហុង មានប្រមូលទិញនិងលក់គ្រឿងអេឡិចត្រូនិកតាំងពីទសវត្សឆ្នាំ១៩៥០ រហូតមកដល់ទសវត្សឆ្នាំ១៩៩០។ គ្រឿងអេឡិចត្រូនិកខ្លះមានអាយុចំណាស់រហូតដល់ទៅ១០០ឆ្នាំក៏សឹងមាន។
៤- មុននឹងលក់គ្រឿងអេឡិចត្រូនិកទៅឲ្យអតិថិជនរបស់ខ្លួន លោក សាន គីមហុង បានត្រួតពិនិត្យគុណភាពនិងជួសជុលសម្ភារៈអស់ទាំងនោះជាមុនសិន។ លោកត្រូវធានាថា អ្នកទិញទទួលបានគ្រឿងអេឡិចត្រូនិក ដែលត្បិតតែចាស់ តែនៅអាចដំណើរការបាន។ អតិថិជនរបស់លោកមានទាំងនៅក្នុងស្រុក និងក្រៅស្រុក។
៥- លោក សាន គីមហុង បង្ហាញកាមេរ៉ាម៉ាក Canon ដែលលោកស្រឡាញ់តាំងពីនៅក្មេង ដល់កូនរបស់លោក។ កាមេរ៉ា Canon នេះ មានវ័យចំណាស់ជាងលោក សាន គីមហុង ទៅទៀត។
៦- អាជីវកម្មប្រមូល និងលក់គ្រឿងអេឡិចត្រូនិកចាស់ៗ បានបំពេញសេចក្ដីសុបិនរបស់លោក សាន គីមហុង។ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងអាចជួយផ្ដល់ប្រាក់ចំណូលដល់គ្រួសាររបស់លោកទៀតផង៕
រូបថត៖ Shot on Canon