កម្ពុជា មានគម្រោងសំណង់ជាង ៣ពាន់ នៅឆ្នាំ២០១៧
- 2018-02-11 06:58:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា មានគម្រោងសំណង់ជាង ៣ពាន់ នៅឆ្នាំ២០១៧
ចន្លោះមិនឃើញ
ទិន្នន័យសំណង់ទូទាំងប្រទេសនៅក្នុងឆ្នាំ២០១៧ មានចំនួនសរុប ៣០៥២គម្រោង ស្មើនឹងផ្ទៃក្រឡា ១០,៧៤លានម៉ែត្រការ៉េ ជាមួយតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៦,៤២ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តការងារឆ្នាំ២០១៧ របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចេញផ្សាយកាលពីខែមករា ឆ្នាំ២០១៨។
ទិន្នន័យគម្រោងសំណង់នេះគឺកើនឡើង ២២,៣១% បើប្រៀបធៀបនឹងឆ្នាំ២០១៦ ដែលមានចំនួន ២៤០៥គម្រោង ជាមួយទុនវិនិយោគប្រមាណ ៥,២៥ពាន់លានដុល្លារ។
តាមរបាយការណ៍ដដែលបានឲ្យដឹងថា ក្នុងឆ្នាំ២០១៧ សំណង់លំនៅឋានសរុបមានចំនួន ២២៩១គម្រោង មានផ្ទៃក្រឡាសរុបចំនួន ៥,៥លានម៉ែត្រការ៉េ ជាមួយទុនវិនិយោគ ២,២៣ពាន់លានដុល្លារ។ ចំណែកគម្រោងអគារខ្ពស់ៗចាប់ពី ៥ជាន់ឡើងទៅនៅរាជធានីភ្នំពេញសរុបក្នុងឆ្នាំ២០១៧ មានចំនួន ១៨៨គម្រោង។
សំណង់នៅទូទាំងប្រទេសគិតចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៧ ក្រសួងដែនដី បានចេញលិខិតអនុញ្ញាតសាងសង់ចំនួន ៣៩ ៩០៣គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបជាង ១០២លានម៉ែត្រការ៉េ ជាមួយទុនវិនិយោគប្រមាណជិត ៣៨ពាន់លានដុល្លារ៕